នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញធ្វើជាសហដឹកនាំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៧ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់នាយឧត្ដមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ។
យោងតាមសេចក្តីប្រកាសរួម បញ្ជាក់ថា ភាគីទាំងពីរបានស្វាគមន៍ការបើក ដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី(ខេត្តបាត់ដំបង)-បានខៅឌីន(ខេត្តស្រះកែវ) នៅក្នុង ឆ្នាំ២០១៨ និងស្វាគមន៍ការបិទបញ្ចប់ការងារសាងសង់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន នៅក្នុងឆ្នាំ២០១៩។
ភាគីទាំងពីរក៏បានលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ សហការឱ្យបានជិតស្និទ្ធដើម្បីឈានទៅបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ)- បានណងអៀន (ខេត្តស្រះកែវ) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
បន្ថែមលើនេះ ភាគីទាំងពីរឯកភាពសហការពន្លឿនការដំឡើង និងការបើកដំណើរការច្រកទ្វារព្រំដែននៅសេសសល់ចំនួនបីទៀតជាច្រកទ្វារព្រំដែនអន្តរជាតិ មានដូចជា៖ (១) ច្រកទ្វារព្រំដែន អានសេះ(ខេត្តព្រះវិហារ)-អានម៉ា(ខេត្តឧប៊ុនរាជធានី) (២) ច្រកទ្វារព្រំដែនថ្មដា(ខេត្តពោធិ៍សាត់) បានថាសែន(ខេត្តត្រាត) និង(៣) ច្រកទ្វារព្រំដែនជប់គគីរ(ខេត្តឧត្តរមានជ័យ)-សាយតាតូ(ខេត្ត បុរីរ៉ាំ)។
ភាគីទាំងពីរក៏បានយល់ព្រមពិនិត្យលទ្ធភាពក្នុងការដំឡើងកម្រិតច្រកទ្វារព្រំដែនឆករកា (ខេត្តបាត់ដំបង)-បានម៉ាក់មួង(ខេត្តត្រាត)ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។ ជាងនេះទៅទៀត ភាគីទាំងពីរបានលើកទឹកចិត្តអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរឱ្យធ្វើការវាស់វែងលម្អិតនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ និងភូមិណនម៉ាក់មួន ខេត្តស្រះកែវ ដើម្បីបង្កើតច្រកទ្វារតំបន់ព្រំដែនថ្មីមួយទៀត។
បន្ថែមលើនេះ ភាគីទាំងពីរឯកភាពថា មិនបិទច្រកទ្វារព្រំដែនជាឯកតោភាគីឡើយ។ ការបិទច្រកទ្វារព្រំដែនណាមួយ គប្បីធ្វើឡើងដោយមានហេតុផលច្បាស់លាស់ និងតាមការចាំបាច់ និងដោយមានការព្រមព្រៀងពីអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ៕
0 Comments:
Post a Comment