-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Monday, January 30, 2023

រដ្ឋប្រមូលចំណូលបានជាង ១៥លានដុល្លារ ពីអាជីវកម្មរុករ៉ែមាសរបស់ក្រុមហ៊ុន Renaissance នៅមណ្ឌលគិរី

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូលបានប្រមាណជាង ១៥លានដុល្លារ ពីអាជីវកម្មរុករករ៉ែមាសរបស់ក្រុមហ៊ុន Renaissance ​នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។

គិតមកដល់ពេលនេះ ការរុករករ៉ែមាសរបស់ក្រុមហ៊ុន Renaissance ផលិតបានប្រមាណ៥៣០០គីឡូ ដែលក្នុងនោះផ្តល់ចំណូលជាសួយសារអាករដល់រដ្ឋចំនួនជាង ៨លាន​ និងពន្ធដារ​ចំនួន ៦.៥លានដុល្លារ។ នេះបើតាមការបញ្ជាក់ របស់មន្ត្រីនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មន្ត្រីដដែលបញ្ជាក់ថា បច្ចុប្បន្ននេះមានក្រុមហ៊ុន៧ ដែលទទួលបានអាជ្ញាបណ្ណរុករករ៉ែមាសពីរាជរដ្ឋាភិបាល ​ដោយបានរុករករ៉ែមាសនៅខេត្តចំនួន៤ រួមមាន នៅខេត្តមណ្ឌលគិរី រតនគិរី បាត់ដំបង និងព្រះវិហារ។

លោកបន្តថា ក្រុមហ៊ុនដែលដំណើរការអាជីវកម្មរុករករ៉ែមាសល្អជាងគេ គឺក្រុមហ៊ុន Renaissance ​របស់អូស្រ្តាលី ដែលមានទីតាំងនៅខេត្តមណ្ឌលគិរី ដោយឡែកក្រុមហ៊ុនផ្សេង ដែលកំពុងធ្វើអាជីវកម្មទទួលបានផលតិចតួចប៉ុណ្ណោះ ដោយសារតែកត្តាការរីករាលដាលជំងឺកូវីដ១៩ ។

គួរជម្រាបថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ​បានចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។

ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕


លោក សុខ ពុទ្ធិវុធ អញ្ជើញសម្ពោធអគារបណ្ណាល័យ សម្តេចវិបុលបញ្ញា សុខ អាន តាំងយ៉ាប នៅក្នុងវិទ្យាល័យអង្គអណ្តែត ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ

ចំនួនអ្នកទស្សនា: Views


 (តាកែវ)៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យ សម្ដេចវិបុលបញ្ញា សុខ អាន តាំងយ៉ាប នៅក្នុងវិទ្យាល័យអង្គអណ្តែត ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

អគារបណ្ណាល័យ សម្តេចវិបុលបញ្ញា សុខ អាន នេះដឹកនាំកសាងដោយលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជា

ណាចក្រកម្ពុជា និងលោកស្រី ឈីវ ភារម្យ ព្រមទាំងក្រុមការងារ និងសប្បុរសជន។

ពិធីនេះមានការចូលរួមពីក្រុមការងារក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមការងារគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង ប្រធានក្រុមប្រឹក្សា និងអភិបាលស្រុក ក្រុមប្រឹក្សាឃុំ សមាជិក សមាជិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ប្រជាពលរដ្ឋ និងសិស្សអនុវិទ្យាល័យ វិទ្យាល័យប្រមាណ ៦០២នាក់។

បណ្ណាល័យនេះមានបំពាក់សម្ភារបរិក្ខារជាច្រើន ជាពិសេសកុំព្យូទ័រ និងសៀវភៅផ្សេងៗ សម្រាប់ទុកឱ្យសិស្សានុសិស្សបានសិក្សាស្រាវជ្រាវរៀនសូត្រ ជាដើម៕

Wednesday, January 25, 2023

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំទ្វេភាគីជាមួយនឹងរដ្ឋមន្ត្រីប្រតិភូអមនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅវិមានសន្តិភាព

ចំនួនអ្នកទស្សនា: Views

   ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបប្រជុំទ្វេភាគីជាមួយនឹងឯកឧត្តម អូលីវីយេ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអមនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស និងគណៈប្រតិភូ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

 

Tuesday, January 17, 2023

បងថ្លៃប្អូនថ្លៃផឹកសុីជាមួយគ្នាទាស់ពាក្យសម្ដីកាប់ប្អូនថ្លៃរងរបួសក្បាលដេរ៩០ថ្នេរ... !

ចំនួនអ្នកទស្សនា: Views

 បងថ្លៃប្អូនថ្លៃផឹកសុីជាមួយគ្នាទាស់ពាក្យសម្ដីកាប់ប្អូនថ្លៃរងរបួសក្បាលដេរ៩០ថ្នេរ... !


ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ដែលត្រូវជាបងថ្លៃប្រើហឹង្សាកាប់ទៅលើប្អូនថ្លៃបណ្តាលឲ្យរងរបួសដេរចំនួន៩០ថ្នេរ។


ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទី រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅចំណុចកើតហេតុខាងលើ។

ចំណែកជនសង្ស័យដែលត្រូវជាបងថ្លៃមានឈ្មោះ ហ៊ុន ប្រុសពេជ្រ ភេទប្រុសអាយុ២៧ឆ្នាំ។


យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះដែលត្រូវជាប្អូនថ្លៃនិងជនសង្ស័យរួមនិងមិត្តភក្ត័ម្នាក់ទៀតបានផឹកស៊ីជាមួយគ្នា ក្រោយពេលស្រវឹងរៀងៗខ្លួនមិត្តភ័ក្រម្នាក់ទៀតបានសុំទៅផ្ទះមុន នៅសល់តែជនរងគ្រោះនិងជនសង្ស័យនៅផឹកបន្តជាមួយគ្នា មួយសន្ទុះក្រោយប្រពន្ធរបស់ជនរងគ្រោះបានទៅហៅប្តី ឲ្យត្រលប់ទៅផ្ទះវិញ ខណ:ជនរងគ្រោះមកដល់ផ្ទះវិញស្រាប់តែបងថ្លៃស្រីម្នាក់ទៀតបានស្តីបន្ទោសឲ្យជនរងគ្រោះរអ៊ូរទាំរឿងពូកែដើរផឹក ហើយជនរងគ្រោះបានឆ្លើយតបជាមួយបងថ្លៃស្រីវិញថា បងឯងពូកែរអ៊ូដាក់ខ្ញុំច្រើនម្លេះ ស្រាប់តែជនសង្ស័យដែលកំពុងតែឈរនៅលើផ្ទះស្តាប់ឮ ក៏និយាយថា អ្ហែងអីក៏សំដីខ្លាំងម្លេះ រួចជនរងគ្រោះក៏បានឆ្លើយតបវិញថា បើបងឯងខ្លាំហក់មក ខណ:បងថ្លៃឮសម្ដីប្អូនថ្លៃនិយាយឌឺដងបែបនេះ ក៏ស្ទុះទៅធាក់ជនរងគ្រោះចំកណ្តាលមុខមួយជើងបណ្តាលឲ្យដួលដាច់ផ្ងារនៅលើដី រួចជនរងគ្រោះងើបមកវិញបានប្រតាយប្រតប់គ្នាជាមួយជនសង្ស័យ រួចជនសង្ស័យរើបម្រះពីជនរងគ្រោះស្ទុះទៅទាញកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះភ្លាមៗដោយគ្រូពេទ្យបានដេរចំនួន៩០ថ្នេរ។


ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិព្រែកំពិសបានចុះទៅឃាត់ខ្លួនបុរសដែលត្រូវជាបងថ្លៃរបស់ជនរងគ្រោះមកធ្វើការសាកសួ ដោយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាពកាប់ទៅលើប្អូនថ្លៃពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពុងតែឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕











Tuesday, January 10, 2023

សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យអាជ្ញាធរ ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

 សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យអាជ្ញាធរ ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ




សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូចណា ដែលធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ។  

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច ដែលធ្វើសកម្មភាពបោកប្រាស់ អូសទាញប្រជាពលរដ្ឋតាមរយៈការចូលជាសមាជិក និងតម្រូវឱ្យបង់ប្រាក់ចូលមូលនិធិរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងគោលបំណងដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលជាសកម្មភាពប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន»។ 

ការលើកឡើងដូច្នេះឱកាស សម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំបន្ថែមដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីនគរបាលយុត្តិធម៌ត្រូវយកចិត្តទុកដាក់សហការជាមួយភាគីពាក់ព័ន្ធក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ការជួញដូរមនុស្សគ្រប់ទម្រង់ ការផលិត និងចែកចាយគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទជាដើម

សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវបន្តសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិល ដែលបានចុះបញ្ជីត្រឹមត្រូវ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើសកម្មភាព ដោយសេរី និងគ្មានការរឹតត្បិតស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាពិសេសក្នុងអំឡុងពេលនៃដំណើរការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

សម្ដេចក្រឡាហោម បន្ដលើកឡើងថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋបាល រាជធានី-ខេត្ត ជាមួយអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានយ៉ាងហោចណាស់ចំនួន២ដង ក្នុង១ឆ្នាំ តាមការកំណត់ក្នុងស្មារតី នៃសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ៕

Tuesday, January 3, 2023

ទីតាំងលួចបើកលេងល្បែងសុីសង{ជល់មាន់និងឆ្នោតឡូតូ}តាមប្រពន្ធ័អនឡាញជស្ថិតនៅតាមបណ្តាលឃុំមួយចំនួនក្នុងស្រុកលើកដែកមន្ត្រីអាជ្ញាធរ រក្សាភាពស្ងៀមស្ងាត់!!!

ចំនួនអ្នកទស្សនា: Views

 ទីតាំងលួចបើកលេងល្បែងសុីសង{ជល់មាន់និងឆ្នោតឡូតូ}តាមប្រពន្ធ័អនឡាញជស្ថិតនៅតាមបណ្តាលឃុំមួយចំនួនក្នុងស្រុកលើកដែកមន្ត្រីអាជ្ញាធរ រក្សាភាពស្ងៀមស្ងាត់!!!


(កណ្តាល)៖ ទីតាំង ល្បែងស៊ីសង ជល់មាន់តាម ប្រព័ន្ធអនឡាញ និងឆ្នោតឡូតូកំពុងបើកដំណើរការ យ៉ាងកក្រើក តាមបណ្ដាឃុំមួយចំនួន ក្នុងស្រុកលើកដែកខេត្តកណ្តាលគ្មាន ខ្លាចអាជ្ញាធរ មានសមត្ថកិច្ច ចុះបង្ក្រាបឡើយ។


ប្រជាពលរដ្ឋលើកឡើងថា៖ទីតាំងបើកភ្នាល់ជល់មាន់ តាមប្រព័ន្ធអនឡាញនិងឆ្នោតឡូតូ ទាំងនេះធ្លាប់ធ្វើកិច្ចសន្យាម្តងរួចមកហើយក្រោយពីប្រមុខ រាជរដ្ឋាភិបាល ប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ទោះមានអាជ្ញាប័ណ្ណឬមិនមាន

អាជ្ញាប័ណ្ណក៏ដោយ នៅពេលថ្មីៗនេះគេសង្កេតឃើញថា

ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញនិងឆ្នោតឡូតូចាប់ផ្តើមបើកលេងយ៉ាង កក្រើកឡើងវិញហើយ នៅតាមបណ្ដាឃុំមួយចំនួនក្នុងស្រុកលើក ជាពិសេសឃុំខ្ពបអាទាវ និងឃុំ ក្អមសំណរ ។


បើតាមសម្ដីម្ចាស់ផ្ទះបានឲ្យអង្គភាពសារព័ត៌មានយើងឲ្យដឹងថា មេការបាននិយាយ និងម្ចាស់ផ្ទះ កុំឲ្យភ័យ គេមិនឱ្យពាក់ព័ន្ធនឹងម្ចាស់ផ្ទះឡើយព្រោះគេរត់ការ ឱ្យមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់អស់ហើយ  មុននឹងដាក់ល្បែងស៊ីសង តាមប្រព័ន្ធ អនឡាញទាំងនេះ មិនឱ្យ មានរឿង ពាក់ព័ន្ធដល់ម្ចាស់ផ្ទះឡើយ ។


ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានក្នុង ឃុំហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើបបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។

ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុកនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ ជាពិសេសអំពើហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខាន ព្រោះថាទីតាំងទាំនោះគឺសម្បូរទៅដោយអ្នកមានលុយរាប់លានចូលទៅលេងជាប្រចាំរាល់ថ្ងៃ។


ជុំវិញពាក់ព័ន្ធល្បែងសុីសងខាងលើ៖លោក វរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែកគួរតែចាត់កម្លាំងក្រោមឱវាទចុះមកស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះផង មិនគួរណាមើលរំលងទេ!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋនិងមហាជន ដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវឲ្យមានបទល្មើសក្នុងមូលដ្ឋានហើយមិនហ៊ានបង្ក្រាប!


ប្រជាពលរដ្ឋស្នើរសុំដល់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពិសេស ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាចាត់វិធានការណ៍ ចំពោះទីតាំងល្បែងជល់មាន់តាមអនឡាញខាងលើនេះផងទាន! ដើម្បីរក្សាបាននូវសុវត្តិភាពក្នុងសង្គម ពិសេសគោលនយោបាយទាំង៧ចំនុចរបស់រាជរដ្ឋាភិបាល ។


អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មាន យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕







Share This
Author Image

About