កំពង់ធំ ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងនគរបាលស្រុកសណ្តាន់ ចុះសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ស្ថិតនៅដីសម្បទានសង្គមកិច្ច និងគេហដ្ឋានថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងភូមិដងក្ដារ ឃុំក្រយា ស្រុក សន្ទុក ខេត្តកំពង់ធំ ។
ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោស្នងការ មានប្រសាសន៍លើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីតបស្នងសងគុណបំណាច់ ពលិកម្ម របស់បងប្អូនដែលបានបូជាសាច់ស្រស់ឈាមស្រស់ចំពោះបុព្វហេតុជាតិមាតុភូមិ ថែរក្សាការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រយៈពេលកន្លងមក រហូតទទួលបានសន្តិភាព យ៉ាងពេញលេញនាពេលបច្ចុប្បន្ន ។
ជារៀងដរាប ថ្នាក់ដឹកនាំតែងតែគិតគូរអំពីសុខទុក្ខ សុខភាព ជីវភាព ការប្រកបមុខរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃរបស់បងប្អូនផងដែរ ។ បន្ថែមពីលើការសំណេះសំណាលសាកសួរសុខទុក្ខ លោកស្នងការបានឧបត្ថម្ភ អំណោយរួមមាន ៖ អតីតយុទ្ធជន ចំនួន០៨គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបានអង្ករទម្ងន់៥០គីឡូក្រាម, ថវិកា១០០,០០០រៀល និងសមាជិកអតីតយុទ្ធជនចូលរួម២១នាក់ ទទួលថវិកាមួយចំនួន សរុបថវិកា ២,២៤០,០០០រៀល ។ លោកឧត្តមសេនីយ៍ទោស្នងការបានផ្ដាំផ្ញើ ដល់បងប្អូនសូមយកចិត្តទុក និងមានការប្រុងប្រយ័ត្ន បញ្ហាជំនន់ទឹកភ្លៀងដែលអាចបង្កឲ្យរងផលប៉ះពាល់សម្ភារៈទ្រព្យសម្បត្តិ សត្វ ពាហនៈ...។ល។
ជាកិច្ចចុងក្រោយ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានប្រសិទ្ធពរជ័យ ជូនបងប្អូនសមប្រកបជួបប្រទះតែពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីជំងឺកាចសាហាវនានា ៕
0 Comments:
Post a Comment