កំពង់ស្ពឺ៖ បច្ចុប្បន្នខេត្តកំពង់ស្ពឺ កំពុងប្រឈមខ្លាំងជាមួយនឹងកង្វះកម្លាំងពលកម្មសម្រាប់បម្រើការងារនៅតាមរោងចក្រ សហគ្រាស។ នេះបើយោងតាមការឱ្យដឹងពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រមួយ ស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។
លោក វ៉ី សំណាង បានឱ្យដឹងថា បច្ចុប្បន្នខេត្តកំពង់ស្ពឺទាំងមូលមានរោងចក្រ សហគ្រាស វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរចំនួន ១៨៦កន្លែង និងមានកម្លាំងពលកម្មសរុប ១៤៨,៣៦៧នាក់(ស្រី ១១៥,៤៧៥នាក់)។ ទន្ទឹមនេះខេត្តក៏កំពុងទទួលរោងចក្រថ្មីដែលបានមកដាក់វិនិយោគបន្ថែមយ៉ាងច្រើនទៀត តែស្របពេលដែលកំណើនរោងចក្រកើនឡើងយ៉ាងគំហុកនេះ បាននិងកំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្លាំងពលកម្ម ដែលបច្ចុប្បន្នខេត្តកំពុងត្រូវការកម្លាំងពលកម្មជាង ១ម៉ឺននាក់។
លោកអភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងដែរថា រោងចក្រថ្មីដែលកំពុងដាក់ឱ្យដំណើរការក្នុងថ្ងៃនេះ មានតម្រូវការកម្លាំងពលកម្មរហូតដល់ទៅជាង ២,០០០នាក់។ ដើម្បីបំពេញតម្រូវការ និងកំណើនរោងចក្រ សហគ្រាស អភិបាលខេត្តកំពង់ស្ពឺបានអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្សនិស្សិតដែលគ្មានការងារធ្វើ ហើយកំពុងត្រូវការការងារ អាចមកធ្វើការនៅខេត្តកំពង់ស្ពឺបាន ព្រោះរោងចក្រ និងសហគ្រាសកំពុងមានតម្រូវកម្លាំងពលកម្មខ្ពស់។
លោកអភិបាលខេត្តក៏បានសរសើរ និងអរគុណដល់ថៅកែរោងចក្រ ដែលបានសម្រេចចិត្តមកប្រកបអាជីវកម្មក្នុងខេត្តកំពង់ស្ពឺ ធ្វើឱ្យខេត្តនេះមានកំណើនរោងចក្រកាន់តែច្រើនឡើង។
ជាមួយនឹងការវិនិយោគរោងចក្រនៅក្នុងខេត្តនេះដែរ លោកអភិបាលខេត្តក៏បានផ្តាំផ្ញើរជូនដល់អ្នកគ្រប់គ្រងរោងចក្រត្រូវគោរពច្បាប់ទម្លាប់របស់កម្ពុជា និងបានណែនាំដល់កម្មករនិយោជិតនៅពេលមានបញ្ហា ធ្វើការដោះស្រាយបញ្ហាស្របទៅតាមនីតិវិធីច្បាប់ និងដោយការយោគយល់គ្នាខ្ពស់ និងទំនាក់ទំនងទៅសហជីព ដើម្បីជួយសម្របសម្រួល ហើយបើដោះស្រាយមិនបាន ទំនាក់ទំនងទៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្ទាល់ ដើម្បីឱ្យគាត់មកជួយជៀសវាងការធ្វើសកម្មភាពទាមទារតវ៉ាផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈក៏ដូចជាប៉ះពាល់ដល់ផលប្រយោជន៍កម្មករ៕
0 Comments:
Post a Comment