ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យស្រាវជ្រាវករណីនគរបាលចរាចរណ៍នៅរង្វង់មូលកួចកាណុង ដែលដឹកពលរដ្ឋទៅបញ្ចាំទូរស័ព្ទដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យ
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបើកការស្រាវជ្រាវករណីមន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅរង្វង់កួចកាណុង ដែលផាកពិន័យប្រជាពលរដ្ឋ ហើយគាត់គ្មានលុយ តែបែរជាមន្ដ្រីនគរបាលនៅគោលដៅនោះ ដឹកម្ចាស់ម៉ូតូដើម្បីយកទូរស័ព្ទទៅបញ្ចាំដើម្បីបានលុយមកបង់ប្រាក់ផាកពិន័យ។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោយទទួលបានព័ត៌មាន ពាក់ព័ន្ធនគរបាលចរាចរណ៍នៅគោលដៅរង្វង់មូលកួចកាណុង ដឹកពលរដ្ឋទៅបញ្ចាំទូរស័ព្ទដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យនោះ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្រាវជ្រាវលើករណីនេះ។
លោកវរសេនីយ៍ សាន សុខសីហា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំកំពុងធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់បំផុត ជារួមឯកឧត្តមស្នងការ គាត់មិនដែលលើកលែងហើយក៏មិនដែលអនុគ្រោះឲ្យមន្ដ្រីអនុវត្តខុសរបៀបនេះឡើយ ឲ្យតែខុសយើងត្រូវអនុវត្តតាមវិន័យ ខុសយើងត្រូវតែដាក់ពិន័យ ប៉ុន្ដែបើមន្ដ្រីធ្វើល្អ យើងតែងតែមានការលើកសរសើរផ្ដល់ឋានន្ដរស័ក្ដិ និងតួនាទីជាដើម តែបើខុសយើងត្រូវតែអនុវត្តវិន័យកងកម្លាំង»។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បានអះអាងទៀតថា ជុំវិញករណីនេះមន្ដ្រីនគរបាលជំនាញ កំពុងស្នើសុំកិច្ចសហការពីប្រជាពលរដ្ឋ ដើម្បីទៅចង្អុលបង្ហាញផ្ទាល់នៅគោលដៅដែលគាត់ត្រូវបានផាកពិន័យ ជាពិសេសមន្ដ្រីនគរបាលដែលដឹកគាត់ទៅបញ្ចាំទូរស័ព្ទ ដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យតែម្ដង។
គួរជម្រាបថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ មានហេតុការណ៍នគរបាលចរាចរណ៍នៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វារ (រង្វង់មូលគូចកាណុងស្តាតចាស់) ចាប់ផាកពិន័យបុរសម្នាក់ដែលកំពុងបើកកង់បីដឹកទំនិញ ដោយសារមិនបានពាក់គន្លឹះត្រឹមត្រូវ ដោយតម្រូវឲ្យបង់ប្រាក់ផាកពិន័យចំនួន៥ម៉ឺនរៀល។
ប៉ុន្ដែអ្នកបើកកង់បីនោះ បានប្រាប់នគរបាលចរាចរណ៍ថា ខ្លួនមានតែលុយ៤៥០០ រៀលទេនៅក្នុងហោប៉ៅ។ ដោយខ្លួនកំពុងដឹកឥវ៉ាន់ដើម្បីដាក់ជូនភ្ញៀវនោះ ហើយខ្លាចមិនទាន់។(រូបភាពចាស់គោលរង្វល់មូលគួចការណុង)
20.09.22
0 Comments:
Post a Comment