ក្រុងសំពៅពូន ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤
ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានណែនាំ និងជំរុញដល់មន្ត្រីជំនាញ ធ្វើយ៉ាងណាត្រូវរួមគ្នាសហការបង្ក្រាបបទល្មើសជលផល ទាំងនៅរដូវបើកនេសាទ ក៏ដូចជារដូវបិទនេសាទ ដែលនឹងខិតជិតមកដល់ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមអភិបាលខេត្ត បានណែនាំ និងជំរុញបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសម្របសម្រួលថ្នាក់ខេត្ត ដើម្បីបង្ហាញលទ្ធផលការអនុវត្តគម្រោង ការអភិរក្សជីវចម្រុះ និងកសាងសមត្ថភាព ដើម្បីសម្របខ្លួនទៅនឹងបញ្ហាប្រឈមនានា ដល់សហគមន៍នេសាទ នៅតំបន់ទន្លេសាប និងលើកទិសដៅអនុវត្តបន្ត ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអង្គការអភិវឌ្ឍន៍នារីខ្មែរ (ANKO) ដោយបានការគាំទ្រពីគម្រោង Critical Ecosystem Partnership Fund និងConservation International នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សាលប្រជុំជាន់ទី១ អាគាររដ្ឋបាលសាលាខេត្ត។
លោកស្រី ឡូវ ចំណាន នាយិកាអង្គការអភិវឌ្ឍន៍នារីខ្មែរ (ANKO) បានជម្រាបជូនអំពីគោលបំណង នៃកិច្ចប្រជុំគឺ៖
ទី១. ដើម្បីបង្ហាញអំពីរបាយការណ៍រីកចម្រើន នៃគម្រោងចាប់ពីខែកក្កដា ឆ្នាំ២០២៣ រហូតមកដល់ខែឧសភា ឆ្នាំ២០២៤ ដែលអង្គការ ANKO បានអនុវត្តកន្លងមក។
ទី២. ចែករំលែកពីបទពិសោធន៍ និងកត្តាប្រឈម ដែលនៅសេសសល់ពីថ្នាក់ស្រុក របស់តំណាងសហគមន៍នេសាទ គោលដៅទាំងប្រាំបួន ស្វែងរកដំណោះស្រាយ ពីគ្រប់ភាគីពាក់ពន្ធ័ថ្នាក់ខេត្ត។
ទី៣. ប្រកាសផ្តល់ការគាំទ្រ លើសំណើជាអាទិភាព របស់អង្គការមួយចំនួន។
ទី៤. បង្ហាញអំពីសហគមន៍នេសាទឈានមុខ ដែលបានទទួលលបណ្ណ័សរសើរពីថ្នាក់ជាតិ ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ធនធានមច្ឆាជាតិ មានលទ្ធភាពកកើត និងរីកធំធាត់ឡើងកាន់តែច្រើន ក៏ដោយសារតែគ្រប់ភាគីពាក់ព័ន្ធ បន្តរក្សាបាននូវជម្រកត្រីពង តាមព្រៃលិចទឹក ពិសេសអភិរក្សបាននូវទីតាំងអភិរក្សត្រីមេពូជជាច្រើន ដែលមាននៅជុំវិញបឹងទន្លេសាប។
ឯកឧត្តមអភិបាលខេត្ត បានណែនាំ និងជំរុញដល់មន្ត្រីជំនាញ ធ្វើយ៉ាងណាត្រូវរួមគ្នាសហការបង្ក្រាបបទល្មើសជលផល ទាំងនៅរដូវបើកនេសាទ ក៏ដូចជារដូវបិទនេសាទ ដែលនឹងខិតជិតមកដល់ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏សូមគាំទ្រ និងលើកទឹកចិត្ត ដល់អង្គការដៃគូ ដែលបានខិតខំគៀរគររកជំនួយ ក្នុងកិច្ចការងារលើកកម្ពស់សហគមន៍នេសាទ តាមស្រុកគោលដៅ ព្រមទាំងរកដំណោះស្រាយ ពីគ្រប់ភាគីពាក់ព័ន្ធ ធ្វើយ៉ាងឱ្យជីវចម្រុះ ក៏ដូចជាត្រីមេពូជមាននិរន្តរភាព។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ ដល់សហគមន៍ឆ្នើមទាំង៨ រួមមាន៖ សហគមន៍នេសាទស្រីចឹក សហគមន៍នេសាទដងទឹកលាច សហគមន៍នេសាទត្រាំព្រែ សហគមន៍នេសាទកំពង់ប្រាក់ សហគមន៍នេសាទដីរនាត សហគមន៍នេសាទអូរតាប្រុក សហគមន៍នេសាទអន្លង់រាំង និងសហគមន៍ព្រែកក្រ ព្រមទាំងបន្តថតរូបជុំគ្នាដោយបរិយាកាសរីករាយផងដែរ ៕