-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Tuesday, February 18, 2025

លោក ជា ណារ៉ុន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ ដឹកនាំកិច្ចប្រជុំ គណៈកម្មការរៀបចំសង្ក្រាន្តអូររាំងឪឆ្នាំថ្មី២០២៥

ចំនួនអ្នកទស្សនា: Views
ផ្សារចេញពីក្រុងសំពៅពូនថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥

ខេត្តត្បូងឃ្មុំ ៖ លោក ជា ណារ៉ុន អភិបាល នៃគណៈអភិបាលអូររាំងឪ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសង្ក្រាន្តអូររាំងឪ សម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅសាលាស្រុកអូររាំងឪ ដែលមានការចូលរួមដោយ លោកបណ្ឌិត ហោ គន្ធា រួមទាំងអភិបាលរងស្រុក មេឃុំទាំង៧ និងសមាជិក សមាជិកា នៃគណ:កម្មការផងដែរ។ 

ពិធីរៀបចំអបអរសាទរ សង្ក្រាន្តអូររាំងឪឆ្នាំ២០២៥  នឹងប្រារព្ធទៅនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ 

ថ្លែងក្នុងអង្គប្រជុំ លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ បានធ្វើការចង្អុលបង្ហាញ និងណែនាំលេីប្លង់ទីតាំងរៀបចំតុបតែង ឆាកតន្ត្រី រថយន្តបាញ់ទឹក ល្បែងប្រជាប្រិយ និងស្ដង់ពិព័រណ៍បង្ហាញសមិទ្ធផលរបស់ស្រុក ជូនគណៈកម្មការ ដេីម្បីជាមូលដ្ឋានក្នុងការរៀបចំ  ប្រកបដោយប្រសិទ្ធភាព៕








Tuesday, February 11, 2025

រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យប្រធានមន្ទីរបរិស្ថានថ្មីត្រូវបង្កើនកិច្ចសហការល្អ ជាមួយអាជ្ញាធរនិងដៃគូពាក់ព័ន្ធ ធ្វើឱ្យខេត្តមណ្ឌលគីរីមានភាពស្អាត មានភាពបៃតង និងការទាក់ទាញទេសចរ

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១១,០២,២០២៥


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ខេត្តមណ្ឌលគិរីសម្បូរដោយសម្បត្តិធម្មជាតិ ជាពិសេសរមណីយដ្ឋានធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តជាច្រើន ដែលប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលទើបទទួលភារកិច្ចថ្មី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានល្អបំផុតជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការសម្រេចឲ្យបាននូវភាពល្អស្អាត ធ្វើឱ្យទីសាធារណៈគ្មានសំរាម សំណល់ប្លាស្ទិក បង្កើនឲ្យមានទម្លាប់ល្អជាមួយសិស្សានុសិស្ស និងជំរុញឱ្យប្រជាពលរដ្ឋ មានយកចូលរួមចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ 


ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ភាពស្អាតនៅក្នុងខេត្តមណ្ឌលគីរី នឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តច្រើនឡើងថែមទៀតនៅក្នុងពេលខាងមុខ។


ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្តែមថា ប្រធានមន្ទីរបរិស្ថានថ្មី ត្រូវបន្តយកចិត្តទុកដាក់អនុវត្តច្បាប់  ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសកាប់ រុករាន ដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងទឹកដីខេត្តមណ្ឌលគិរី ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួអបរិស្ថាន បានមានប្រសាសន៍ផងដែរថា ក្រសួងបរិស្ថាន នឹងអាចផ្តល់ជូនដ្រូនបន្ថែមទៀត ដល់មន្ទីរបរិស្ថានខេត្ត ដើម្បីជួយសម្រួលការងារល្បាតព្រៃរបស់មន្ត្រីឧទ្យានុរក្ស ដែលមានកម្លាំងតិច បើធៀបជាមួយទំហំផ្ទៃដីព្រៃដ៏ធំធេងផងដែរ។


ក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានសម្តែងនូវអំណរសាទរចំពោះ លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថ្មី និងបានលើកទឹកចិត្ត ឱ្យបន្តពង្រឹងប្រពៃណីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យកាន់តែល្អប្រសើរ និងទូលំទូលាយថែមទៀត ទាំងរវាងថ្នាក់លើ និងថ្នាក់ក្រោម ក៏ដូចជាមួយនឹងបណ្តាមន្ទីរ-អង្គភាព ក្រុង-ស្រុកនានាផងដែរ ដើម្បីធានាគុណភាព និងប្រសិទ្ធភាពការងារ ការពារនិងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា។ 

សូមបញ្ជាក់ថា លោក ហាស់ វិបុល ត្រូវបានតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថ្មី ជំនួសលោក ឈៅ ប៊ុនធឿន ដែលទទួលភារកិច្ចថ្មី។ លោក ហាស់វិបុល បានប្តេជ្ញាចិត្តគោរព និងខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរគ្រប់ថ្នាក់ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងរង្វង់មន្រ្តីនៃមន្ទីរទាំងអស់៕









Sunday, February 9, 2025

ឈើប្រមាណជាង១២ម៉ែតគូប នៅឃុំកំពង់ចាម ស្រុកសំបូរ ត្រូវបានកម្លាំងយោធាកងវរៈសេនាតូចលេខ២២៧ ចុះបង្ក្រាប...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី០៩,០២,២០២៥

ខេត្តក្រចេះ ៖ យោងបទបញ្ជាលោកនាយសេនាធិការយោធាភូមិភាគទី២តំបន់សឹករង នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រើប្រាស់កម្លាំងចំនួន២៣នាក់  ដឹកនាំដោយលោកវរសេនីយ៍ទោ  លាត ញ៉ មេបញ្ជាការកងវរសេនាតូចលេខ២២៧  បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅចំណុច(៩៩ ៣០ ៧)ភូមិរមួល  ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ 

យោងតាមរបាយការណ៍មេបញ្ជាការកងវរសេនាតូចលេខ២២៧ បញ្ជាក់ថា លទ្ធផលបង្រ្កាបបានជា
ប្រភេទឈើក្រហម១៥ម×៥ម ។ ដោយមានចំនួន១២ម៉ែត្រគូប ០៩ប្លាន ០៩ម៉ែត្រ រាល់វត្ថុតាងទាំងអស់ បានប្រមូលឲ្យទៅមន្ត្រីជំនាញ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។ 

គួរបញ្ជាក់ផងដែរថាបទល្មើសធនធានធម្មជាតិនៅចំណុចទីតាំងខាងលើ មួយរយៈពេលចុងក្រោយនេះ តាមប្រភពរាយការណ៍ពីមជ្ឈដ្ឋានប្រជាពលរដ្ឋនៅតំបន់នោះបានលើកឡើងថា ជារៀងរាល់ថ្ងៃ មានក្រុមឈ្មួញជាច្រើននាក់ ដូចជាលោក ធា លោក វ៉ា ដែលជាឈ្មួញឈើចាស់វស្សាដែលមានឈ្មោះបោះសំឡេង ល្បីរន្ទឺជាយូរមកហើយ ខាងបំផ្លាញធនធានធម្មជាតិ នៅភូមិសាស្រ្តព្រៃឡង់ខេត្តក្រចេះ ដោយពុំដែលឃើញមានមន្ត្រីជំនាញណាធ្វើការទប់ស្កាត់និងបង្រ្កាបនោះទេ ពិសេសជំនាញបរិស្ថាននៅតំបន់នោះពិសេស លោក សាំង សុខន នាយដែនជម្រកសត្វព្រៃព្រៃឡង់ក្រចេះ ប៉ុន្តែជាអកុសល ដំរីស្លាប់មិនអាចបាំងនិងចង្អេរជិតនោះទេ។






Saturday, February 8, 2025

ជនមិនស្គាល់មុខមួយក្រុមបានយកគ្រឿងចក្រទៅកាយផ្តាច់ផ្លូវ ប្រជាពលរដ្ឋធ្វើដំណើរជារៀងរាល់ថ្ងៃនៅស្រុករវៀង...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី០៨,០២,២០២៥

ខេត្តព្រះវិហារ ÷ "ផ្លូវ" គឺជាចរន្តសសៃឈាមដ៏សំខាន់សម្រាប់មនុស្ស សត្វ គ្រប់រូបធ្វើដំណើរទៅបំពេញការងារផ្សេងៗ ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃរៀងៗខ្លួន មួយអន្លើនាពេលបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំស្វះស្វែងរិះរកគ្រប់មធ្យោបាយ កសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម ពិសេសផ្លូវថ្នល់ធ្វើយ៉ាងណាបំពេញតម្រូវការចាំបាច់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ដោយឡែកនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅ ភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ បានប្រាប់អង្គភាពសារព័ត៌មានយើងថា នៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៧.០០នាទីល្ងាច មានជនមិនស្គាល់មុខមួយក្រុមបានយកគ្រឿងចក្រអេស្កាពណ៌លឿង ចំនួន០១គ្រឿង ទៅកាយផ្លូវផ្តាច់ពីគ្មា ចំនួនពីរកន្លែង ដែលផ្លូវមួយខ្សែនេះបានតភ្ជាប់ពីភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ទៅឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ ទាំងដែលផ្លូវមួយខ្សែនេះប្រជាពលរដ្ឋកំពុងតែធ្វើដំណើរ ទៅស្រែ ទៅចំការជារៀងរាល់ថ្ងៃ។

ប្រភពដដែលបន្តថា គ្រឿងចក្រដែលមេការម្នាក់បានយកទៅកាយផ្តាច់ផ្លូវមិនអោយអោយប្រជាពលរដ្ឋធ្វើដំណើរនោះ គឺជាគ្រឿងចក្ររបស់ក្រុមហ៊ុន (រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី សានតាណា អាហ្រ្គោ ប្រដាក់ ឯ.ក) ដោយមិនដឹងថាមាន មានចេតនា និងបំណងអ្វីឲ្យពិតប្រាកដនោះទេ ពោលគឺមកលួចកាយទាំងយប់ ប្រៀបបានទៅនិងចោរលួចមានអ្នកស្រុកអញ្ចឹងដែរ បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើនគ្រួសារបានតវ៉ាប្រតិបត្តិកម្ម មិនឲ្យកាយ ក៏បើកគ្រឿងចក្រចូលទៅក្នុងក្រុមហ៊ុនបាត់ទៅ។

បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាមក្រុមការងារបានចុះទៅដល់ទីតាំង ថតផ្តិតយករូបភាព ឃើញថាមានការកាយផ្តាច់ផ្លូវពិតប្រាកដមែន ភ្លាមនោះក្រុមការងារបានទំនាក់ទំនងទៅលោក ផារី មេឃុំរមណីយ ដើម្បីសាកសួរនិងរាយការណ៍ពីករណីនេះ លោកមេឃុំបានប្រាប់ថា ចំពោះការងារលោកនិងក្រុមការងារបានចុះមកពិនិត្យរួចហើយនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈនេះ ឃើញថាមានការកាត់ផ្តាច់ផ្លូវមែន ប៉ុន្តែលោកមិនបានដឹងថាគ្រឿងចក្រនោះជារបស់អ្នកណា និងក្រុមហ៊ុនណានោះទេ លោក ផារីមេឃុំរមណីយ បានបន្ថែមថា ចំពោះការងារនេះលោកបានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើរួចហើយ។

ក្រុមការងារមិនអាចទំនាក់ទំនងទៅក្រុមហ៊ុន (រោងចក្រកែឆ្នៃគ្រាប់ស្វាយចន្ទី សានតាណា អាហ្រ្គោ ប្រដាក់ ឯ.ក) ដើម្បីសុំការសាកសួរបាននោះទេចំពោះករណីនេះ ដោយពុំមានលេខទូរស័ព្ទ ចំណែកលោក ហោ ប៊ុនហួរ អភិបាលស្រុករៀង ក្រុមការងារក៏មិនអាចសុំការទំនាក់ទំនងរាយការណ៍ពីករណីខាងលើនេះបានដែរ ដោយពុំមានលេខទូរសព្ទ។

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិអូរពោធិ៍ ឃុំរមណីយ ទទូចស្នើសុំទៅដល់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តព្រះវិហារពិសេសឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារមេត្តាទាន មានវិធានការចាប់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យ នៅករណីគ្រឿងចក្រដែលជនអនាមឹក បានយកទៅកាយផ្ដាច់ផ្លូវ មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅស្រែចម្ការខាងលើនេះផងទាន សូមអរគុណ៕















Friday, February 7, 2025

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តតេជសុវណ្ណភូមិ នៅទីរួមខេត្តត្បូងឃ្មុំ..

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី០៧,០២,២០២៥

ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមហាកុដិ និងសមិទ្ធផលនានា នៅវត្តតេជសុវណ្ណភូមិ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងប្រតិភូថ្នាក់ជាតិ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងទាំង បី ប្រភេទ អាជ្ញាធរក្រុង/ស្រុក ឃុំ សប្បុរសជនជាញាតិព្រះធម៌ សមាគម លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។  

នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍ឲ្យដឹងថា សមិទ្ធផលដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះរួមមាន ដីបង្កើតវត្ត និងផ្លូវចូលវត្ត២០,០០០ ម៉ែត្រការ៉េ, កុដិថ្ម ១ ខ្នង កម្ពស់ ពីរ ជាន់ ទំហំ ១២ ម x២៤ម សាលាពុទ្ធិកៈ ១ខ្នង ១បន្ទប់ ទំហំ ៧មx១២ម, បូជនីយដ្ឋានព្រះអង្គធំ ទំហំ ១២មx១៨ម និងព្រះវិហារកំពង់សាងសង់ បាន ១០ % ដែលចំណាយថវិកាសរុប ចំនួន ៥០៩,១៣២ ដុល្លារ ។

ឯកឧត្តម ប៉ែន កុសល្យ គូសបញ្ជាក់ថា ថវិកាទាំងអស់ កើតចេញពីសទ្ធាជ្រះថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី រួមទាំងឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសប្បុរសជននានា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ  បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខអំពីសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនដែលមានវត្តមាន នៅទីនេះផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីវិស័យបរិស្ថាន ដែលត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល ដោយមានកិច្ចសហការយ៉ាងជិតស្និតពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍ ព្រមទាំងការចូលរួមយ៉ាងសកម្មពី ប្រជាពលរដ្ឋ លើការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ។ 

បន្ថែមនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងផងដែរ ចំពោះសមិទ្ធផលដែលសម្ពោធនាថ្ងៃនេះ បង្ហាញឱ្យឃើញពីការរីកចម្រើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់នេះ គឺប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដោយបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕










Thursday, February 6, 2025

រថយន្តដឹកផលអនុផលព្រៃឈើ(ធ្យូង)ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមយ៉ាងគំហ៊ុកតាមច្រកទ្វារតំបន់ព្រែកជ្រៃហាក់មានការបើកដៃពីមន្ត្រីជំនាញនៅទីនោះ...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី ០៦,០២,២០២៥

ខេត្តកណ្តាល ÷ ប្រិយមិត្តជាទីរាប់អាន ច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ-ព្រែកទន្លា គឺជាច្រកទ្វារមួយក្នុងចំណោមច្រកទ្វារតំបន់ព្រំដែនជាច្រើនទៀតក្នុងប្រទេសកម្ពុជា សម្រាប់ប្រជាពលរដ្ឋគ្រប់រូបចេញចូល ធ្វើដំណើរដូចជា ទៅធ្វើការ ទៅមន្ទីរពេទ្យ និងទៅដើរលេងកំសាន្ត។ល។ ដែលច្រកទ្វារតំបន់ព្រែកជ្រៃ-ព្រែកទន្លានេះស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។

ដោយឡែកនាពេលថ្មីៗនេះមានប្រភពរាយការណ៍មកថា នៅច្រកតំបន់ព្រែកជ្រៃ-ព្រែកទន្លាខាងលើនេះ គេសង្កេតឃើញថាមានរថយន្តវ៉េអងសណ្តោងកន្ទុយ ចំនួន០១គ្រឿង ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2721បានធ្វើការចរាចរដឹកជញ្ជូនធ្យូងយកទៅលក់នៅប្រទេសវៀតណាម កាត់តាមប៉ុស្តិ៍នគរបាលការពារព្រំដែនគោគព្រែកជ្រៃ បន្តចូលទៅផែមួយដែលគេស្គាល់ថាជាផែរបស់លោក ផាន្នី រួចបន្តដឹកតាមរយ:ទូកឆ្លងចូលទៅប្រទេសវៀតណាមយ៉ាងរលូន ដោយពុំមានការទប់ស្កាត់និងបង្ក្រាបពីសំណាក់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធនៅតំបន់នោះឡើយ។

ប្រភពបន្តថា ជារៀងរាល់ថ្ងៃមិនមែនតែរថយន្តដឹកជញ្ជូនធ្យូងតែមួយមុខនោះទេ ពោលគឺមានទំនិញជាច្រើនទៀតដូចជាលៀស និងគ្រឿងទេសគ្រប់មុខ បានដឹកជញ្ជូន ចេញ-ចូល ផែរបស់លោក ផាន្នី ពីកម្ពុជាទៅវៀតណាម និងពីវៀតណាមចូលមកកម្ពុជា ដោយកាត់តាមច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ-ព្រែកទន្លា នៅចំណុចភូមិសាស្រ្តខាងលើនេះ។

ទាក់ទិនទៅនឹងករណីខាងលើនេះ ក្រុមការងារបានទំនាក់ទំនងទៅលោក ផាន្នី ដែលជាម្ចាស់ផែ តាមលេខទូរស័ព្ទ ០១២៥១០០៨៩ ដើម្បីសុំការបំភ្លឺពាក់ព័ន្ធនិងការនាំចូល-ចេញទំនិញគ្រប់ប្រភេទ តើមានច្បាប់ទម្លាប់ដល់ណា ខលចូលប៉ុន្តែពុំមានអ្នកលើកទូរស័ព្ទ ក្រុមការងារក៏បានទំនាក់ទំនងសាលសួរបន្តទៅមន្ត្រីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកព្រែកជ្រៃ ដែលដាក់ស្នាក់ការប្រចាំការនៅតំបន់នោះ តាមប្រព័ន្ធតេលេក្រាម លោកបានឆ្លើយថា "សុំទោសចំពោះការងារនេះគឺលោកមិនអាចនិយាយបានទេ ណាមួយលោកពុំមានមានសិទ្ធ និងមិនមែនជាជំនាញរបស់លោកសួរទៅអ្នកកាន់សោរប្រទេសទៅ។ ចំពោះលោក វឿន ប្រធានប៉ុស្តិ៍នគរបាលការពារព្រំដែនគោកព្រែកជ្រៃ ក្រុមការងារមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេដោយពុំមានលេខទូរស័ព្ទ។

ចំណែកលោក ផា គយព្រែកជ្រៃ-ព្រែកទន្លា ក្រុមកាងារបានទំនាក់ទំនងសាកសួរតាមប្រព័ន្ធតេលេក្រាម រូបលោកបានត្រឹមចូលមើលប៉ុន្តែពុំបានឆ្លើយតបអ្វីឡើយ។

ទោះជាយ៉ាងនេះក្តីមហាជនបានដាក់ជាសំណួរថា ចំពោះការនាំចេញធ្យូងចេញទៅក្រៅប្រទេសជាទង្វើខុសច្បាប់ដែររឺទេ? បើយោងតាមច្បាប់ស្តីពីព្រៃឈើមាត្រាទី៩៦- ៩៨ -៩៩ ត្រង់ចំណុចលេខ០៧ ជនណាដែលនាំចេញផលអនុផលព្រៃឈើដោយគ្មានអាជ្ញាប័ណ្ណ ត្រូវជាប់ពន្ធធនាគារចាប់ពី១-៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១០លាន ទៅ១០០លានរៀល ចំពោះវត្ថុតាងទាំងអស់ត្រូវរឹបអូសមកជាសម្បត្តិរដ្ឋ។

 យោងតាមមាត្រា១០០ នៃច្បាប់ព្រៃឈើ សកម្មភាពទាំងឡាយណាដែលធ្វើឡើងដោយមន្ត្រីអជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីនៃកងយោធពលខេមរះភូមិន្ទ រឺមន្ត្រីអាជ្ញាធរផ្សេងទៀត ដើម្បីធ្វើអន្តរាគមន៍ ផ្តល់ការអនុញ្ញាតដោយផ្ទាល់ ឬដោយប្រយោលជួយដល់អាជីវកម្មព្រៃឈើ និងធ្វើគ្រប់យ៉ាងផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវចាត់ទុកជាបទល្មើសដែលត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ ពី១-៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០លាន ទៅ១០០លានរៀល។

ម្យ៉ាងទៀតបើយោងតាមអនុក្រិតលេខ៤៥អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៩៧ អនុក្រឹត្យលេខ ៤៩អនក្រ.បកចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៩៧ច្បាប់ស្តីពី "ការកំណត់និងការគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រទូទាំងប្រទេសកម្ពុជា " ត្រង់ជំពួក២ មាត្រា៥ បានចែងថា ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន ជាទីតាំងរបស់អង្គភាពចម្រុះ ធ្វើការត្រួតពិនិត្យការចេញ-ចូលប្រទេសជាលក្ខណៈតំបន់ព្រំដែន និងការធ្វើសកម្មភាពរបស់អ្នកដំណើរ ដែលជាអ្នកស្នាក់នៅអចិន្ត្រៃយ៍ក្នុងតំបន់ព្រំដែននោះ មធ្យោបាយដឹកជញ្ជូននិងទំនិញគ្រប់ប្រភេទនៅច្រកទ្វារព្រំដែនដែលស្ថិតនៅលើខ្សែបន្ទាត់ព្រំដែន ស្របតាមកិច្ចព្រមព្រៀងរវាងប្រទេសជាប់ព្រំដែនជាមួយព្រះរាជាណាចក្រកម្ពុជា ដូចមានចាញ់ក្នុងមាត្រា១០ ជំពូក៣ នៃអនុក្រឹត្យនេះ។


មួយអន្លើការប្រើប្រាស់ធនធានធម្មជាតិឲ្យមានតុល្យភាពដើម្បីជាប្រយោជន៍សម្រាប់ជាតិគឺជារឿងដែលគួរតែធ្វើសម្រាប់ប្រទេសដែលកំពុងតែមានការអភិវឌ្ឍដូចប្រទេសយើង តែការបំផ្លាញសម្បត្តិធនធានធម្មជាតិគ្រប់ប្រភេទសម្រាប់តែផលប្រយោជន៍របស់មនុស្សមួយក្ដាប់តូចត្រូវតែលុបបំបាត់ចោលឲ្យអស់ វាប៉ះពាល់ខ្លាំងណាស់។

ម្យ៉ាងទៀតធនធានធម្មជាតិរបស់ជាតិ បើត្រឹមតែចរាចរប្រើប្រាស់តាមតម្រូវការប្រជាពលរដ្ឋក្នុងស្រុក មិនងាយនិងអស់នោះទេ ប៉ុន្តែបើនៅតែបណ្ដែតបណ្ដោយអោយឈ្មួញបន្តនាំចេញទៅក្រៅស្រុកដោយខុសច្បាប់បែបនេះ មិនយូរទេច្បាស់ជារលាយសាបសូន្យជាក់ជាពុំខានឡើយ ។

ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិទូទាំងប្រទេស សំណូមពរដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងគោរពស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាទានមានវិធានការណ៍ចាត់កម្លាំងធ្វើអធិការកិច្ច ចំពោះអ្នកពាក់ព័ន្ធក្នុងការបើកច្រកអោយជញ្ជូនផលអនុផលព្រៃឈើដែលជាធនធានធម្មជាតិរបស់រដ្ឋខាងលើនេះផងទាន! ដើម្បីរក្សាធនធានធម្មជាតិរបស់ឲ្យបានឋិតឋេរគង់វង្សយូរអង្វែង បើបណ្តែតបណ្ដោយបែបនេះតទៅទៀត សម្បត្តិធម្មជាតិទាំងនេះច្បាស់ណាស់ ប្រាកដជារលាយសាបសូន្យជាក់ជាពុំខានឡើយ សូមអរគុណ៕
















Share This
Author Image

About