ផ្សាយចេញថ្ងៃទី ៣១.១០.២០២៣
ខេត្តសៀមរាប ៖ ដូចមហាជនបានជ្រាបមកហើយថា ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសជល់មាន់តាមប្រព័ន្ធអេឡិចត្រូនិក កំពុងតែរីកសុះសាយគ្រប់ទីកន្លែង ពិសេសក្នុងក្រុងសៀមរាប បន្ទាប់ពីបានស្ងាត់មួយចំអិនកំពឹស ក្រោយពេលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញញាតិ្តអោយបិតរាល់ល្បែងស៊ីសងគ្រប់ប្រភេទនូវទូទាំងរាជធានីខេត្តកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ ។
ដោយឡែកនាពេលថ្មីៗនេះ ល្បែងសុីសងគ្រប់ប្រភេទពិសេសមាន់ជល់តាមប្រព័ន្ធអេឡិចត្រូនិកបានបើកដំណើរការលេងយ៉ាងអនាធិបតេយ្យនៅក្នុងក្រុងសៀមរាប សង្កាត់ណាក៏មានដែរ ក្នុងនោះមានសង្កាត់ស្លរក្រាម សង្កាត់ សាលាកំរើក ។ល។ ហើយអ្វីដែលគួរអោយកត់សំគាល់ជាងនេះទៅទៀត ល្បែងជល់មាន់តាមអនឡាញទាំងនេះ នៅមិនឆ្ងាយពីប៉ុស្តិ៍រដ្ឋបាលឡើយ និយាយរួមគឺនៅព័ទ្ធជុំវិញប៉ុស្តិ៍រដ្ឋបាលតែម្តង ។
បន្ទាប់ពីឃើញបែបនេះកាលពីថ្ងៃទី ៣០ ខែតុលាឆ្នាំ២០២៣ ក្រុមការងារអ្នកសារព័ត៌មានបានរាយការណ៍ទៅលោក វីរ:សេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាបតាមរយៈលេខទូរស័ព្ទជាច្រើនដងតែពុំមានអ្នកទទួល ដោយមិនដឹងថា លោកអធិការក្រុងជាប់រវល់ រឺយ៉ាងណានោះទេ?
បើយោងតាមការរៀបរាប់ពីសំណាក់មេការគ្រប់គ្រងបនល្បែងទាំងនោះ បាននិយាយថា មុននិងពួកគេអាចបើកទីតាំងល្បែងអនឡាញទាំងនេះបាន គឺពួកគេបានរៀបចំតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ តាំងពីបុ៉ស្តិ៍ អធិការ រហូតដល់ស្នងការដ្ឋានរួចរាល់ហើយ គឺមិនអាចបោះសន្ទួចកន្លងភ្នំបាននោះឡើយ។
មហាជននៅក្នុងមូលដ្ឋានបានដាក់ការសង្ស័យថា ប្រហែលជាអស់លោកទាំងនោះត្រូវថ្នាំសណ្តំ ដូចពាក្យមេការទីតាំងបនល្បែងទាំងនោះនិយាយមែនហើយ បានជាផ្គើននិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ពុំមានចំណាត់ការនិងទប់ស្កាត់បង្ក្រាបទាល់តែសោះ តើឯណាទៅភូមិឃុំមានសុវត្តិភាពទាំង៧ចំនុចរបស់រាជរដ្ឋាភិបាល? រឺមួយចេះតែទ្រឹស្តី គ្រាន់តែចេះនិយាយ តែមិនដែលអនុវត្តន៍។
ប្រជាពលរដ្ឋរងចាំមើលថា តើលោកវីរៈ សេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប ហ៊ានប្រើកណ្តាប់ដៃដែក បង្ក្រាបល្បែងជល់មាន់តាមប្រព័ន្ធអនឡាញដែលរីកដូចផ្សិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែរ រឺយ៉ាងណា?
ប្រជាពលរដ្ឋទូទាំងក្រុងសៀមរាប គោរពស្នើសុំដល់ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងគោរពស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តចាត់វិធានការណ៍ចំពោះទីតាំងបនល្បែងខាងលើនេះផងទាន! ពីព្រោះតាំងពីមានល្បែងស៊ីសងនេះមក អំពើហិង្សា ចោរលួច ឆក់ បានកើតឡើងជាបន្តបន្ទាប់នៅក្នុងមូលដ្ឋាន ៕
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មាន យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕