ខេត្តក្រចេះ ÷ ពិតជាហួសចិត្តរកពាក្យថ្លែងមិនរួច ដោយបានឮវាចារបស់មន្ត្រីជំនាញបរិស្ថានដែនជម្រកសត្វព្រៃព្រៃឡង់ (ស្នាក់ការរងអូរគ្រួត រឺត្រពាំងសង្កែ)លោកថាមិនដឹង បន្ទាប់ពីក្រុមការងារអង្គភាពសារព័ត៌មាន គេហទំព័រសង្គមបច្ចុប្បន្ន បានរាយការណ៍ជូននូវទីតាំងគំនរឈើក្រាក់មូលមួយកន្លែងដែលដាក់គរលើគ្នា រាប់សិបដុំ និងរាប់រយកំណាត់ ដែលទីតាំងទាំងនោះស្ថិតនៅចំណុចស្រែខ្លី ភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
យោងតាមប្រភពព័ត៌មានបានប្រាប់អង្គភាពយើងថា ទីតាំងភូមិសាស្ត្រចំណុចស្រែខ្លីនេះជាជង្រុកបទល្មើសធនធានធម្មជាតិដុះស្លែរាប់ឆ្នាំមកហើយ ដោយក្រុមទាំងនោះរកសុីបានចូលទៅកាប់ផលអនុផលព្រៃក្នុងដែនជម្រកសត្វព្រៃស្នាក់ការរងអូរគ្រួត ដូចជាក្រាក់មូលប្រវែងពីរៗម៉ែត ឈើសុក្រំ និងឈនឈើទាល ។ល។ យកមកទុកនៅចំណុចស្រែខ្លី ភូមិទន្សោងធ្លាក់ រួចធ្វើការចាំងផែ ឃ្លុំ ជាខ្នាតតាមត្រូវការរបស់ឈ្មួញអ្នកទិញ បានយ៉ាងអនាធិបតេយ្យដោយពុំការទប់ស្កាត់និងបង្ក្រាប ពីសំណាក់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ពិសេសជំនាញបរិស្ថានម្តងណាឡើយ។
ចំពោះផលអនុផលដែលបានចាំង ផែ ឃ្លុំរួច នៅទីតាំងខាងលើនេះ ត្រូវបានក្រុមឈ្មួញមកដឹកជញ្ជូនយកទៅលក់បន្តតាមកន្លែងនានាក្នុងស្រុកនិងក្រៅស្រុក ដោយប្រើរថយន្តសាំងយុង និងខ្លះទៀតដឹកនិងម៉ូតូកែឆ្នៃ ដោយក្នុងមួយថ្ងៃភ្លូកទឹកភ្លូកដីដូចគេហែរកឋិនអញ្ចឹងដែរ យ៉ាងណាម៉ិញបើទោះបីជាមានសកម្មភាពការចូលទៅកាប់និងដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង ទ្រហឹងអឺងកងយ៉ាងណាក្តី ក៏មិនរំខានទៅដល់អស់លោកមន្ត្រីជំនាញពាក់ព័ន្ធពិសេសបរិស្ថានស្នាក់ការរងអូរគ្រួតទាំងនោះឡើយ ដែលជាហេតុធ្វើអោយមហាជនទូរទាំងប្រទេស មានការងឿងឆ្ងល់ និងដាក់ការសង្ស័យថា ជាឆ្នាំងបាយរបស់អស់លោកនោះហើយ រឺមួយកន្ទេលធំបន្លំដេក បានជាពុំមានវិធានការណ៍ទប់ស្កាត់និងបង្ក្រាបយ៉ាងនេះ។
ជាក់ស្តែងនៅថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារបានជិះឆ្លងកាត់នៅចំណុចទីតាំងខាងលើក៏ប្រទះឃើញគំនរឈើក្រាក់មូលរាប់សិបគំនរ រួចក៏បានចុះទៅថតផ្តិតយករូបភាព រួចក៏បានចូលទៅស្នាក់ការដែនជម្រកសត្វព្រៃព្រៃឡង់ ក្រចេះ(ស្នាក់ការរងអូរគ្រួត+ត្រពាំងសង្កែ)ដែលគ្រប់គ្រងដោយលោក ឡាច យ៉ុន ជាប្រធានស្នាក់ ដើម្បីរាយការណ៍តែលោកមិននៅ ជួបតែមន្ត្រីប្រចាំការនៅស្នាក់ការ តែអ្វីដែលហួសចិត្តនោះមន្ត្រីប្រចាំការរូបនោះបានឆ្លើយថាមិនដឹងនោះទេ ហើយអ្វីដែលក្រុមការងារនឹកហួសចិត្តនោះ គឺនៅពេលដែលបង្ហាញរូបភាពឯកសារទៅមន្ត្រីប្រចាំការរួច បែជាសួរមកក្រុមការងារយើងវិញថា មានបានចូលទៅដាក់ឯកសារនៅមន្ទីរបរិស្ថានខេត្តក្រចេះចេះដែររឺទេ? បើបានដាក់ឯកសារងាយស្រួលស្នើសុំកម្លាំង បើសិនជាក្រុមការងារមិនបានដាក់ឯកសារពាក់ព័ន្ធទេ នោះពិបាកក្នុងការសហការគ្នា។
អង្គភាពយើងសុំបកស្រាយជួនអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះទាំងមូលថា..
១ ក្រុមការងារពុំបានមកស្នាក់នៅរឺមកធ្វើការក្នុងខេត្តក្រចេះទេ គ្រាន់តែធ្វើដំណើរឆ្លងកាត់តែប៉ុណ្ណោះ
២ ចំពោះរូបភាពគំនរក្រាក់ក្តី គំនរតាប់សុក្រំក្តី ដែលក្រុមឈ្មួញយកទៅគរទុកនោះ ក្រុមការងារក៏មិនបានចូលទៅក្នុងព្រៃហាមឃាត់ក្នុងដែនគ្រប់គ្រងរបស់បរិស្ថានដែរ គំនរឈើទាំងនោះគឺជាប់និងផ្លូវធ្វើដំណើររបស់ចេញចូលរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានគ្រប់ទិសទី
៣ ហេតុអ្វីបានជានៅពេលដែលប្រជាពលរដ្ឋរាយការណ៍ពីបទល្មើសផ្សេងៗ ទៅមន្ត្រីជំនាញពាក់ព័ន្ធ ចាំបាច់អ្វីប្រាប់ពីសមាសភាពឈ្មោះរឺបុគ្គលអ្នករាយការណ៍ទៅភាគីម្ខាងទៀត ថាមានគេប្តឹងបានជាជំនាញចុះទៅទប់ស្កាត់និងបង្ក្រាប បើមិនជាពុំមានអ្នកប្តឹងជំនាញក៏មិនចុះទៅបង្ក្រាបដែរ? តើនេះជាគោលការណ៍ច្បាប់ដែលត្រូវតែប្រាប់ពីសមាសភាពអ្នកដែលបានរាយការណ៍ទៅភាគីម្ខាងទៀត រឺមួយយ៉ាងណា?
៤ នៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនសោះ រាល់បទល្មើសផ្សៗង ហេតុអ្វីចាំបាច់តែអោយគេរាយការណ៍ ហេតុអ្វីបានជាមិនដឹង?
ហើយអ្វីដែលក្រុមការងារមានការងឿងឆ្ងល់និងសុំសួរទៅជំនាញបរិស្ថានក្នុងខេត្តក្រចេះថា.
១ តើរាល់ការឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀតនៅក្នុងប្រទេសកម្ពុជា តម្រូវអោយប្រជាពលរដ្ឋចូលទៅដាក់ឯកសារពាក់ព័ន្ធនៅមន្ទីរបរិស្ថានខេត្តតាំងពីពេលណាដែរទាន?
២ នៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ហើយឃើញមានសកម្មភាពផ្សេងៗមិនប្រក្រតី រួចរាយការណ៍ទៅអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធ តើខុសច្បាប់ដែរឬទេ?
៣ យោងតាមច្បាប់រដ្ឋធម្មនុញ្ញមាត្រាទី៤០ ស្តីពីសិទ្ធិសេរីភាពក្នុងការដើរហើររបស់ប្រជាពលរដ្ឋ នោះយ៉ាងណាទៅវិញទាន?
សូមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះពិសេសលោក ឆាយ ឌួងសាវុទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ មេត្តាទានជួយបកស្រាយបំភ្លឺដោយក្តីអនុគ្រោះ។ ។ម្យ៉ាងទៀតក្រុមការងារមិនអាចសុំការបំភ្លឺពីលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះបានទេ ចំពោះករណីនេះ ដោយពុំមានលេខទូរស័ព្ទ។
ទោះបីជាយ៉ាងនេះក្តីប្រជាសហគមន៍និងប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិទូទាំងប្រទេសសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ ពិសេសគោរពស្នើសុំឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះមេត្តាទានចាត់កម្លាំងក្រោមឱវាទទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិនៅចំណុចទីតាំងខាងលើផងទាន សូមអរគុណ៕
0 Comments:
Post a Comment