-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, July 22, 2022

អាជ្ញាធរទេសចរណ៍ថៃប្រកាសពីផែនការទីផ្សារសម្រាប់ឆ្នាំ២០២៣

ចំនួនអ្នកទស្សនា: Views

      

 ភ្នំពេញ:ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរទេសចរណ៍ថៃ (TAT) បានប្រកាសពីផែនការទីផ្សារសម្រាប់ឆ្នាំ២០២៣ ដែលនឹងបន្តការរស់ឡើងវិញ និងការផ្លាស់ប្តូរវិស័យទេសចរណ៍ថៃដែលត្រូវបានផ្តួចផ្តើមនៅឆ្នាំនេះ។

កាលពីពេលថ្មីៗនេះ TAT បានរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ TAT របស់ខ្លួនសម្រាប់សន្និសីទឆ្នាំ២០២៣ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រទេសចរណ៍ក្រោយជំងឺរាតត្បាតកូវីដ-១៩។

នៅក្នុងសន្និសីទនោះ អភិបាល TAT លោក យុទ្ធស័ក្ត ស៊ូប៉ាសន បាននិយាយថា ទីភ្នាក់ងារបានគូសបញ្ជាក់រួចហើយនូវយុទ្ធសាស្ត្រទីផ្សារសម្រាប់ឆ្នាំខាងមុខ ដែលប្រកាន់ខ្ជាប់នូវផែនការសាជីវកម្មសម្រាប់ឆ្នាំ២០២៣-២០២៧ របស់ TAT ដើម្បីពង្រឹងគោលជំហររបស់ TAT ក្នុងនាមជាអ្នកដឹកនាំយុទ្ធសាស្ត្រក្នុងការជំរុញប្រទេសថៃឆ្ពោះទៅរកបទពិសោធន៍ និងចីរភាពក្នុងវិស័យទេសចរណ៍។

TAT នឹងបន្តប្រើប្រាស់កម្មវិធី «ទស្សនាប្រទេសថៃឆ្នាំ២០២២-២០២៣៖ ជំពូកថ្មីដ៏អស្ចារ្យ» ជាយុទ្ធសាស្ត្រទំនាក់ទំនងអន្តរជាតិរបស់ខ្លួន។ ក្រោមពាក្យស្លោក «ពី A ដល់ Z: ប្រទេសថៃដ៏អស្ចារ្យមានគ្រប់អ្វីៗទាំងអស់» ប្រទេសថៃនឹងបន្តទីផ្សារជាគោលដៅលំដាប់ពិភពលោកជាមួយនឹងអ្វីៗទាំងអស់សម្រាប់អ្នករាល់គ្នា។

យោងតាមលោកអភិបាល TAT បានឱ្យដឹងថា TAT និងបណ្តាក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នឹងបង្កើតភាពជាដៃគូសហការបន្ថែមទៀតដើម្បីលើកកម្ពស់វិស័យទេសចរណ៍អន្តរជាតិ។ តាមរយៈការផ្សព្វផ្សាយប្រទេសថៃជាទិសដៅទេសចរណ៍ពេញមួយឆ្នាំ លោកក៏បានសង្កត់ធ្ងន់ទៅលើការលើការបង្កើនឱ្យមានភាពមមាញឹកសម្រាប់ការធ្វើដំណើររបស់អ្នកទេសចរក្នុងស្រុកផងដែរ។

ផែនការទីផ្សាររបស់ TAT គឺស្របជាមួយនឹងគំរូសេដ្ឋកិច្ច Bio-Circular-Green ឬ BCG ដែលអនុលោមតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ លើសពីនេះទៀត ទីភ្នាក់ងារនេះនឹងប្រើប្រាស់គេហទំព័រ https://virtualmart.tourismthailand.org ដែលជាគេហទំព័រទីផ្សារនិម្មិតទេសចរណ៍ថៃជាទម្រង់ B2B តាមប្រព័ន្ធអនឡាញសម្រាប់អាជីវកម្មទេសចរណ៍ថៃ និងប្រតិបត្តិករទេសចរណ៍អន្តរជាតិ៕(ប្រភព NNT បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara

Thursday, July 21, 2022

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទអនុញ្ញាតឲ្យអនុព័ន្ធយោធាប៉ាគីស្ថានចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ វរសេនីយ៍ឯក Muhammad Tayyab អនុព័ន្ធយោធាប៉ាគីស្ថាន ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។
 នៅក្នុងឱកាសនោះ វរសេនីយ៍ឯក Muhammad Tayyab បានលើកឡើងពីទំនាក់ទំនងការទូតរវាងកម្ពុជា និងប៉ាគីស្ថានដែលមានតាំងពីឆ្នាំ១៩៥២ ហើយដែលមកដល់បច្ចុប្បន្ននេះប្រទេសទាំងពីរនៅតែមានទំនាក់ទំនងល្អជាមួយគ្នា។ វរសេនីយ៍ឯក Muhammad Tayyab ក៏បានលើកឡើងពីការចូលរួមចំណែកសហការនៅក្នុងវិស័យការពារជាតិជាមួយកម្ពុជា ក៏ដូចជាការចូលរួមជាមួយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ ដើម្បីរៀបចំការបោះឆ្នោតនៅកម្ពុជា។ 

 វរសេនីយ៍ឯក Muhammad Tayyab បញ្ជាក់ថា ដោយកងទ័ពប៉ាគីស្ថាន ជាកងទ័ពមួយដ៏សកម្មនៅក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប៉ាគីស្ថានចង់ចែករំលែកបទពិសោធន៍មួយចំនួនដល់កងយោធពលខេមរភូមិន្ទ ក្នុងនោះមានទាំងមុខជំនាញប្រឆាំងភេរវកម្ម ចារកម្ម និងមុខជំនាញនៃបណ្ដាប្រភេទទ័ពផងដែរ ។ 

 លោក វរសេនីយ៍ឯក អនុព័ន្ធយោធាប៉ាគីស្ថាន បានអះអាងថា ប៉ាគីស្ថាន មានជំហរច្បាស់លាស់នៅក្នុងកិច្ចសហការទ្វេភាគីជាមួយប្រទេសកម្ពុជា ដោយកម្ពុជាគឺជាប្រទេសដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ាន សម្រាប់កិច្ចសហការថែរក្សាសន្តិភាព ស្ថេរភាពក្នុងតំបន់ ដែលជាកត្តាសំខាន់សម្រាប់ពិភពលោក។ វរសេនីយ៍ឯក Muhammad Tayyab ក៏បានសុំអញ្ជើញនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ក៏ដូចជាស្នើសុំឱ្យមានការិយាល័យអនុព័ន្ធយោធាកម្ពុជានៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អថែមទៀត។

 ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់ប្រទេសប៉ាគីស្ថាន ដែលកន្លងមកបានជួយកម្ពុជានៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាការជួយជ្រោមជ្រែងឧបត្ថម្ភជាច្រើនទៀត ដែលផ្ដល់សារៈសំខាន់សម្រាប់ផលប្រយោជន៍ប្រទេសទាំងពីរ។ 

 នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានលើកឡើងពីស្ថានភាពនៅកម្ពុជា ដែលមកដល់បច្ចុប្បន្នកម្ពុជាគ្រប់គ្រងបានល្អនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងការដាក់ចេញយុទ្ធសាស្ត្រច្បាស់លាស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានធ្វើការកត់សម្គាល់ដោយពេញចិត្ត ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបន្តខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះឱ្យមានកម្រិតឈានឡើង ស្របនឹងខួប៧០ឆ្នាំនៃទំនាក់ទំនង កម្ពុជា-ប៉ាគីស្ថាន ។

 ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្នើសុំឲ្យប៉ាគីស្ថានបន្តជួយការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទទាំងផ្នែកកងទ័ពជើងគោក ជើងទឹក ជើងអាកាស កម្លាំងទ័ពពិសេស និងការផ្លាស់ប្ដូរនូវលំហាត់ពីគ្នាទៅវិញទៅមក។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទទួលយកដោយរីករាយចំពោះការអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន និងបានធ្វើការពិចារណាចំពោះការស្នើសុំគោលការណ៍សម្រេចពីក្រសួងការពារជាតិ ក្នុងការបង្កើតឱ្យមានការិយាល័យអនុព័ន្ធយោធាកម្ពុជា នៅក្នុងប្រទេសប៉ាគីស្ថាន៕


ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ប្រទេសជប៉ុននៅតែជាមិត្តភ័ក្តិដ៏ប្រពៃ និងជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់កម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ប្រទេសជប៉ុន នៅតែជាមិត្តភ័ក្តិដ៏ប្រពៃ និងជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា។ 
 ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បែបនេះ តាមរយៈសកម្មភាពជំនួយទាំងឡាយរបស់ជប៉ុនក្នុងការជួយដល់ការអភិវឌ្ឍន៍កម្ពុជា រួមមាន កំពង់ផែសមុទ្រអន្តជាតិ, ផ្លូវថ្នល់-ស្ពាន, អគ្គិសនី, ប្រព័ន្ធធារាសាស្រ្ត, មន្ទីរពេទ្យ, សាលារៀន និង រោងចក្រផលិតទឹកស្អាត ជាដើម។ ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងជួបពិភាក្សាការងារជាមួយលោក HATAEDA Mikio អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទីស្នាក់ការកណ្តាល នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា និងសហការី នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

 លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន, តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA), បានដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ចូលរួមចំណែកក្នុងការអនុវត្ត គោលនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍគ្រប់ដំណាក់កាល ដែលរាជរដ្ឋាភិបាលដាក់ចេញពីមួយអាណត្តិទៅមួយអាណត្តិ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។ លោកបន្តថា ជាក់ស្តែង ស្ថិតក្នុងបរិការណ៍បច្ចុប្បន្ន កម្ពុជាកំពុងប្រឹងប្រែងធ្វើដំណើរយ៉ាងសកម្មឥតឈប់ឈរ ដើម្បីសម្រេចបាននូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន តម្រង់ទិសឆ្ពោះទៅចក្ខុវិស័យក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងស្របតាមគន្លងមាគ៌ាអភិវឌ្ឍន៍ ដែលបានដាក់ចេញនូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០», កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) របស់មិត្តជប៉ុន ជាធាតុចូលមួយយ៉ាងសំខាន់ ដែលបានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាព និងគោលនយោបាយសំខាន់ៗនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ 

 អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមកោតសសើរ និងអរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ជាតាមការផ្តល់ Japanese ODA អនុវត្តដោយ JICA សឹងតែគ្រប់វិស័យនៅកម្ពុជា ជាពិសេស នៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមានកំពង់ផែសមុទ្រអន្តជាតិ, ផ្លូវថ្នល់-ស្ពាន, អគ្គិសនី, ប្រព័ន្ធធារាសាស្រ្ត, មន្ទីរពេទ្យ, សាលារៀន និង រោងចក្រផលិតទឹកស្អាត ជាដើម ។ល។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រទេសជប៉ុន នៅតែជាមិត្តភ័ក្តិដ៏ប្រពៃ និងជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា ។ ឆ្លៀតក្នុងឱកាសនោះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការសោកស្តាយ ចូលរួមរំលែកមរណទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះមរណភាពរបស់លោក Shinzo Abe អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលជាការបាត់បង់ដ៏ធំធេង នូវឥស្សរជនដ៏ឆ្នើម នាពេលថ្មីៗកន្លងមក ។ 

 លោក HATAEDA Mikio សូមថ្លែងអំណរគុណ ចំពោះការចូលរួមរំលែកទុក្ខ របស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា និងសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ចំពោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹក អនុញ្ញាតឲ្យក្រុមការងារ JICA ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក HATAEDA Mikio បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះចំណាត់ការ និងវិធានការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងនៃជំងឺកូវីដ-១៩។

 លោក HATAEDA Mikio សន្យាបង្កើនឥណទានសម្បទានទ្វេដង សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា និងហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា ។ ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ទៅវិញទៅមក លើគម្រោងមួយចំនួនដែលកំពុងដំណើរការ និងបេក្ខភាពគម្រោងថ្មីៗតទៅមុខទៀត ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីប្រទេសជប៉ុន (Japanese ODA Loan) ។ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងសំណូមពរដល់ JICA ចំពោះបេក្ខភាពគម្រោងនីមួយៗ ដែលកំពុងស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព គួរត្រូវបានគិតគូរ និងសូមបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើប្រសិទ្ធភាព, ចីរភាព សំខាន់ការរួមបញ្ចូលគ្នារវាងទិសដៅអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច សង្គម ឱ្យមានភាពប្រទាក់ក្រឡាជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធ និងឆ្លើយតបផងដែរ ទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់កម្ពុជា៕


អនុរដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន ចុះពិនិត្យគម្រោងស្ដារស្ទឹងតូច និងទ្វារទឹក ៧ មករា ស្រុកកណ្ដាលស្ទឹង

ចំនួនអ្នកទស្សនា: Views

    កណ្តាល: ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២  ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម Miyasaki Masao តំណាងរាស្ត្រជប៉ុន និងជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន នៅថ្ងៃ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យគម្រោងស្ដារស្ទឹងតូច និងទ្វារទឹក ៧ មករា និងបន្តទៅចុះពិនិត្យទីលានចាក់សំរាម នៃគម្រោងកែលម្អការគ្រប់គ្រងសំរាម នៅភូមិសាស្ត្រ ស្រុកកណ្ដាលស្ទឹង ចំនួន ៥ទីតាំង ។

 ក្នុងឱកាសនោះ ក៏មានការអមដំណើរពដោយ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិ ការក្រសួងធនធានទឹក និងឧតុនិយម និង លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។

 ក្នុងការចុះពិនិត្យនេះ ឯកឧត្តម Miyasaki Masao បានមានប្រសាសន៍ថា ជប៉ុននឹងពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងខិតខំប្រឹងប្រែងជួយមិត្តកម្ពុជា ក្នុងវិស័យ កសិកម្ម រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋកម្ពុជា ។

 គម្រោងស្ដារស្ទឹងតូច និងទ្វារទឹក ៧មករា គឺមានគោលបំណងដើម្បីបម្រើឱ្យវិស័យកសិកម្ម និងការពារពីទឹកជំនន់ ហើយគម្រោងនេះនឹងចាប់ផ្ដើមនៅពេលឆាប់ៗខាងមុខ ដែលសិក្សាគម្រោងដោយអង្គការ JICA ។ នាឱ្យកាសនោះដែរ អភិបាលរងខេត្តកណ្តាលលោក តាំង ម៉េងលាន បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុន (JICA) ដែលបានសិក្សាយ៉ាងច្បាស់លាស់ លើការការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយលូនៅក្នុង

ភូមិសាស្ត្រខេត្តកណ្តាល។ សម្រាប់គម្រោងសាងសងទីលានចាក់សំរាមវិញ គឺក្រុមការងារ ធនាគារពិភពលោក (WB) កំពុងតែធ្វើការសិក្សាស្វែងរកទីតាំង ដែលមានលក្ខណ:ល្អប្រសើរជាងគេ១ក្នុងចំណោម៥ទីតាំង តាមលក្ខណ:វិនិច្ឆ័យ លក្ខណៈច្បាប់ និងតាមបច្ចេក ទេស ដោយអនុលោមតាមគោលការណ៍ របស់រាជរដ្ឋាភិបាល និង ធនាគារពិភពលោកផងដែរ ៕ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara


រដ្ឋបាលរាជធានីភ្នំពេញ សម្រុកជួសជុលប្រព័ន្ធស្ថានីយបូមទឹកបឹងត្របែក និងបឹងទំពន់ ដើម្បីបូមឱ្យទាន់រដូវវស្សានេះ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២-- ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសម្រុកជួសជុលប្រព័ន្ធស្ថានីយបូមទឹកបឹងត្របែក និងបឹងទំពន់ហើយ ដើម្បីបូមទឹកស្អុយឱ្យទាន់រដូវវស្សានេះ ។ ឯកឧត្ត មឃួង ស្រេង មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំស្ដីពីការងារស្ថាបនាជញ្ជាំងបុកស៊ីផាយ ចាក់ដីពទ្ធ័ជុំវិញអាងស្តុកទឹកស្អុយ និងការស្តារភក់ចេញពីផ្ទៃអាងស្តុកទឹកស្អុយបឹងត្របែក នាព្រឹកថ្ងៃ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ ។

 ឯកឧត្តមឃួង ស្រេង បានបញ្ជាក់ថា ការងារស្តារអាងស្តុកទឹកស្អុយ ការស្ថាបនាជញ្ជាំងបេតុងទប់ដីពទ្ធ័ជុំវិញអាងស្តុកទឹកស្អុយ ការស្ដារភក់ចេញពីអាង និងប្រឡាយបឹងត្របែកក៏ដូចជាការកែលម្អដាក់ម៉ូទរ័បូមថ្មី ដែលមានសមត្ថភាពបូមខ្លាំង គឺយើងគ្រោងធ្វើតាំងពី២ឆ្នាំមុនមកម្លេះ ដោយបានបញ្ជាទិញម៉ូទរ័បូមនេះពីប្រទេសអាល្លឺម៉ង់។ 

ប៉ុន្តែគម្រោងនេះត្រូវបានអាក់ខានដោយសារ ការរាតត្បាតនៃជំងឺកូវីដ-១៩។ មិនមែនទាល់តែមានភ្លៀងទើបយើងធ្វើ ឬថាទាល់ តែគោបាត់ ទើបធ្វើរបងនោះទេ។ កាលពីព្រឹកថ្ងៃច័ន្ទ ឯកឧត្តមអភិបាល រួមជាមួយមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ព័ន្ធ បានចុះទៅពិនិត្យជាក់ស្តែងតាមស្ថានីយបូមទឹក និងប្រឡាយបង្ហូរទឹកមានស្ថានីយបឹងត្របែក ស្ថានីយបឹងទំពន់ ប្រឡាយស្ទឹងមានជ័យជាដើម ដើម្បីរិះរកវិធានការរំដោះទឹកលិចដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះដែរ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ការស្តារប្រឡាយនៅប៉ែកខាងត្បូង ឆៀងខាងលិចរាជធានីភ្នំពេញ ធ្វើយ៉ាងណារំដោះទឹកជំនន់ទឹកភ្លៀង ចេញពីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យបានជាអតិបរមា ។

 ដោយឡែកការស្តារភក់ចេញពីផ្ទៃអាងស្តុកទឹកស្អុយបឹងត្របែក រួមទាំងការស្ថាបនាជញ្ជាំងបេតុង ការចាក់ដីពទ្ធ័ជុំវិញអាងស្តុកបឹងស្អុយបឹងត្របែក ក៏កំពុងដំណើរការបានមួយផ្នែករួចហើយ ដែលអនុវត្តន៍ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ។ ប៉ុន្តែការងារនេះក៏ជួបការលំបាក ដោយប៉ះទៅលើសំណង់មិនរៀបរយ ឬសំណង់រំលោភលើចំណី ឬ ក្នុងអាងស្តុកទឹកស្អុយ។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការលើកស្លាកបង្ហាញពីគម្រោងស្តារអាងស្តុកទឹកស្អុយនេះ ដោយដាក់ឱ្យបានច្រើនកន្លែង ដើម្បី ឱ្យប្រជាពលរដ្ឋ បានជ្រួតជ្រាបពីច្បាប់ ។

 ចំណែកអាជ្ញាធរដែនដីពាក់ព័ន្ធត្រូវចុះពិនិត្យបង្គោលកំណត់ព្រំផ្ទៃបឹង ដែលបានបោះរួចហើយ។ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យបង្កើតក្រុមការងារចំនួន២ គឺទី១- ក្រុមការងារបច្ចេក ទេស និង ទី២- ក្រុមការងារដោះស្រាយផលប៉ះពាល់ ឱ្យបានរួចរាល់មុននឹងយើងចុះអនុវត្តន៍គម្រោងឱ្យបានឆាប់បំផុត។ យើងមិនទុកឱ្យមនុស្សប៉ុន្មាននាក់មករារាំង ធ្វើឱ្យស្ទះទឹកក្នុងទីក្រុងទាំងមូលបានទេ គឺយើងទទួលយកមិនបានទេ ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖dara

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣១កក្កដា ដល់ ថ្ងៃទី០៦ខែសីហា

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ៖ ខណៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១កក្កដា ដល់ ថ្ងៃទី០៦ខែសីហាខាងមុខនេះ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ បានធ្វើបទបង្ហាញស្ដីពីការរៀបចំពិធីការ ជូនគណៈប្រតិភូនាំមុខនៃបណ្ដាប្រទេសចូល រួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ ២០២២ ដើម្បីជម្រាបជូនព័ត៌មានមួយចំនួន ដែលផ្ដល់ភាពងាយស្រួល ដល់អ្នក ចូលរួមក្នុងកម្មវិធីប្រជុំ។ នៅក្នុងឱកាសនោះ ឯកឧត្តម លុយ ដាវីត ប្រធានលេខាធិការដ្ឋាននៃ
គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធឆ្នាំ២០២២ បានជម្រាបជូនអង្គទូត និង គណៈប្រតិភូទាំងឡាយ ពីរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ ក្រៅពីនេះតំណាងក្រសួងសុខាភិបាល បានធ្វើបទបង្ហាញស្ដីពីវិធានការការពារកូវីដ-១៩ ដើម្បីសុវត្ថិភាពអ្នកចូលរួមប្រជុំ ។ 

ចំណែកឯតំណាង អគ្គស្នងការនគរបាលជាតិ បង្ហាញពីការការពារសន្តិសុខ សុវត្ថិភាពទូទៅ ជាពិសេសការការពារសុវត្ថិភាព ជូនរដ្ឋមន្ត្រីការបរទេសអាស៊ាន និង រដ្ឋមន្ត្រីនៃប្រទេសដែលចូលរួមកិច្ចប្រជុំ។ បទបង្ហាញក៏មានសំណួរចម្លើយយ៉ាងផុសផុលពីអង្គទូត និង តំណាងអង្គទូត។ 

សូមបញ្ជាក់ថា គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ ២០២២ នៅថ្ងៃទី៣១កក្កដា ដល់ ថ្ងៃទី០៦ខែសីហាខាងមុខ មាន៣៨ប្រទេស បូករួមទាំងកម្ពុជាផងត្រូវជា៣៩ប្រទេស៕


Wednesday, July 20, 2022

អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យប្រព័ន្ធអូរប្រឡាយមួយចំនួនក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ចំនួនអ្នកទស្សនា: Views

 

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការកែលម្អស្ពានមួយកន្លែងដែលស្ថិតនៅផ្លូវ៨១៨៨ ក្នុងគម្រោង ឆ្នាំ២០២៣ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ និងអូរប្រឡាយក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងការចុះពិនិត្យប្រព័ន្ធអូរប្រឡាយក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ លោកអភិបាលខេត្តព្រះសីហនុ បានពន្យល់ណែនាំដល់អាជ្ញាធរក្រុង មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ តាមដានឲ្យបានល្អិតល្អន់ ពិសេសត្រូវចុះពិនិត្យតាម ដានជាប្រចាំនៅរាល់ពេល មានភ្លៀងធ្លាក់ ដើម្បីងាយស្រួលវិនិច្ឆ័យថាតើប្រព័ន្ធអូរប្រឡាយណាមួយ ដែលធ្វើមានផលប៉ះពាល់ដល់លំហូរទឹកភ្លៀងហូរធ្លាក់ចូលទៅអាងច្រោះ ១៦ហិកតា នៅចុងអូរឈើទាល ដើម្បីយើងធ្វើការកាយស្តារវាឱ្យបានជ្រៅ និងទៅតាមនិយាមការអូរប្រឡាយក្នុង ភូមិសាស្ត្រក្រុងរបស់យើង។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានកោតសរសើរអាជ្ញាធរក្រុង និងមន្ទីរពាក់ព័ន្ធដែលបានយកចិត្តទុកដាក់កន្លងមកក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានល្អ ទោះបីនៅមានការចន្លោះប្រហោងក៏ពិតមាន តែយើងត្រូវរួមគ្នាបន្តទៀត ដើម្បីដោះស្រាយនូវជំនន់ទឹកភ្លៀងឱ្យបានទាន់ពេលវេលា ឱ្យក្រុងព្រះសីហនុរបស់យើងមានសោភ័ណភាព អនាម័យកាន់តែល្អ ប្រសើរ និងជាទីក្រុងទេសចរណ៍នៅភាគនិរតី បម្រើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងអ្នកវិនិយោគនាពេលខាងមុខ៕

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់ឱ្យអនុវត្ត «ប្រកាស ស្តីពីគុណភាពសេវាទូរគមនាគមន៍» ទុកផ្តល់ពេល១០ខែ ឲ្យក្រុមហ៊ុនទូរគមនាគមន៍ កែលំអ និងពង្រឹងគុណភាពសេវា

ចំនួនអ្នកទស្សនា: Views


 (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ឱ្យអនុវត្ត «ប្រកាស ស្តីពីគុណភាពសេវាទូរគមនាគមន៍»។

ក្រសួងបានឲ្យដឹងថា ខ្លួនបានចាត់ទុកការពង្រឹងគុណភាពសេវាទូរគមនាគមន៍ គឺជាកិច្ចការអាទិភាពបំផុត និងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការស្វែងរកមធ្យោបាយ និងដំណោះស្រាយនានា សំដៅបង្កើនគុណភាពសេវាទូរសព្ទចល័ត និងអ៊ីនធឺណិត និងលើកកម្ពស់ការការពារសិទ្ធិរបស់អ្នកប្រើប្រាស់ ដោយសារតែគុណភាពសេវាទូរគមនាគមន៍បច្ចុប្បន្ន នៅមានកម្រិតនៅឡើយ។

ក្នុងរយៈពេលជាង១ ឆ្នាំកន្លងមកនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់តាំងក្រុមការងារនីតិកម្ម និងក្រុមការងារបច្ចេកទេស ឱ្យធ្វើការសិក្សាស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តនិងស្តង់ដារ ទូរគមនាគមន៍របស់បណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងស្ថាប័នទូរគមនាគមន៍អន្តរជាតិ ព្រមទាំងធ្វើការពិគ្រោះយោបល់ជាមួយនិយ័តករទូរគមនាគមន៍ក្នុងតំបន់ អ្នកជំនាញការជាតិនិងអន្តរជាតិ ដើម្បីរៀបចំសេចក្តីព្រាង «ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍» ក្នុងការកំណត់បទដ្ឋានបច្ចេកទេស ជាក់លាក់ដែលត្រូវអនុវត្តជាកាតព្វកិច្ច សម្រាប់ប្រតិបត្តិករទូរគមនាគមន៍ សំដៅពង្រឹងគុណភាពសេវា និងបណ្តាញទូរគមនាគមន៍របស់ខ្លួន ក៏ដូចជាដើម្បីចូលរួមការពារ និងធានាផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាទូរគមនាគមន៍ ប្រកបដោយគុណភាពស្របតាមទឹកប្រាក់ដែលបានបង់។

ទន្ទឹមនឹងនេះដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានធ្វើការពិគ្រោះយោបល់ជាមួយប្រតិបត្តិករទូរគមនាគមន៍ ដើម្បីទទួលបាននូវធាតុចូលបន្ថែម និងផ្លាស់ប្តូរយោបល់គ្នា ដើម្បីឱ្យការអនុវត្តប្រកាសនេះ មានភាពរលូននាពេលខាងមុខ ពីព្រោះការពង្រឹងគុណភាពសេវាទូរសព្ទចល័ត នឹងត្រូវការពេលវេលាច្រើនក្នុងការដោះស្រាយ ដែល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ត្រូវជួយសម្របសម្រួលនិងគាំទ្រដល់ប្រតិបត្តិករទូរគមនាគមន៍ ក្នុងការរៀបចំឱ្យបានច្បាស់លាស់នូវផែនការនៃការកែលំអគុណភាពសេវាទូរគមនាគមន៍។

ក្រោយពី «ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍» ត្រូវបានចុះហត្ថលេខា ប្រតិបត្តិករទូរគមនាគមន៍មាន រយៈពេល ១០ (ដប់) ខែ ដើម្បីកែលំអនិងពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន ដោយអនុលោមតាមសូចនាករគុណផលគន្លឹះ ដូចមានចែងក្នុងប្រកាសនេះ។ ក្នុងករណីប្រតិបត្តិករទូរគមនាគមន៍ណា មិនអនុវត្តតាមស្តង់ដារអប្បបរមា ដែលបានកំណត់ក្នុងប្រកាសនេះទេ ប្រតិបត្តិករទូរគមនាគមន៍នោះនឹងត្រូវទទួលរងពិន័យ៕


រដ្ឋមន្ត្រីពាណិជ្ជកម្ម ដាក់សំណើទៅក្រសួងកសិកម្ម និងក្រសួងសាធារណការ និងដឹកជញ្ជូន ជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករដាំពោតក្រហម និងមៀនប៉ៃលិន

ចំនួនអ្នកទស្សនា: Views



(ប៉ៃលិន)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដាក់សំណើមួយចំនួនទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករដាំពោតក្រហម និងមៀនប៉ៃលិន។

សំណើរបស់លោក ប៉ាន សូរស័ក្តិ បានធ្វើឡើងក្នុងពេលរូបលោកបានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវនូវលំហូរកសិផលពោតក្រហម និងសិក្សាពីលទ្ធភាពនៃការធ្វើពិពិធកម្មទីផ្សារសម្រាប់ខ្សែច្រវាក់តម្លៃផ្គត់ផ្គង់ពោតក្រហម និងមៀនប៉ៃលិន នៅតាមបណ្តាលខេត្តជាប់ព្រំដែនថៃ រួមមាន៖ ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់។

ក្នុងដំណើរដែលធ្វើឡើងកាលពីថ្ងៃទី១៩ ខែកក្កដា លោករដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួង អមដោយមន្ត្រីពាក់ព័ន្ធក្នុងខេត្តនោះ បានចុះទៅពិនិត្យផ្ទាល់នូវស្ថានភាពនៃការនាំចេញកសិផលនៅតាមច្រកព្រំដែនកម្ពុជា-ថៃ និងពិនិត្យផ្ទាល់នៅតាមទីតាំងសៃឡូមួយចំនួន នៅក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ព្រមទាំងបានជួបសំណេះសំណាលជាមួយតំណាងសៃឡូទាំងនោះ ដើម្បីសិក្សាស្វែងយល់បន្ថែមពីបញ្ហាប្រឈមនានា ជុំវិញការអភិវឌ្ឍខ្សែច្រវាក់តម្លៃទីផ្សារលើផលិតផលពោតក្រហម និងមៀនប៉ៃលិន។

ជាមួយគ្នានោះតំណាងកសិករ ក៏បានជម្រាបលោករដ្ឋមន្ត្រីពាណិជ្ជកម្ម អំពីបញ្ហាមួយចំនួន ដែលកំពុងជួបប្រទះ។ បញ្ហាទាំងនោះមានដូចជា ការទិញធាតុចូលកសិកម្មថ្លៃ បច្ចេកទេស និងស្តង់ដាសម្រាប់ផលិតផលពោត និងមៀនប៉ៃលិន។ ជាពិសេសកសិករនៅមិនទាន់បានយល់ដឹងពីអត្ថប្រយោជន៍នៃការចុះបញ្ជីចម្ការសម្រាប់ផលិតផលពោតក្រហម ការចុះបញ្ជីការអនុវត្តកសិកម្មល្អ (GAP) សម្រាប់ផលិតផលមៀនប៉ៃលិន ការស្នើសុំភូតគាមអនាម័យ (SPS) ជាដើម។

ក្រុមផលិតករតំណាងសៃឡូ ក៏បានលើកជាសំណូមពរមួយចំនួនជូនលោករដ្ឋមន្ត្រី ដើម្បីផ្តល់អនុសាសន៍ណែនាំ និងផ្ដល់ដំណោះស្រាយផងដែរ។

ជាការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើង លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស ក្នុងការសិក្សា និងដោះស្រាយបញ្ហាប្រឈមជូនសមាគម សហគមន៍ និងសៃឡូ តាមរយៈការសហការជាមួយគ្រប់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយដ៏ល្អប្រសើមួយប្រកបដោយប្រសិទ្ធភាព។

អនុសាសន៍ ក៏ដូចជាសំណូមពររបស់លោករដ្ឋមន្ត្រីពាណិជ្ជកម្មនាពេលនោះរួមមាន៖

១៖ ស្នើសុំការសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យលទ្ធភាពចុះផ្សព្វផ្សាយដល់កសិករអំពីអត្ថប្រយោជន៍នៃការចុះបញ្ជីចម្ការសម្រាប់ផលិតផលពោតក្រហម ការចុះបញ្ជីការអនុវត្តកសិកម្មល្អ (GAP) សម្រាប់ផលិតផលមៀនប៉ៃលិន ការស្នើសុំភូតគាមអនាម័យ (SPS) និងនីតិវិធីនៃការនាំចេញ ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។

២៖ ស្នើសុំការសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្របសម្រួល និងពន្លឿននូវការចេញលិខិតស្នើសុំការបញ្ជាក់ភូត្តគាមអនាម័យដល់ក្រុមហ៊ុននាំចេញ និងសៃឡូបញ្ជាទិញពោតក្រហម និងមៀនប៉ៃលិន។

៣៖ ស្នើសុំក្រសួងសាធារណៈការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាពធ្វើសុខដុមនីយកម្មលើរថយន្តដឹកទំនិញរបស់ឈ្មួញទិញពោតក្រហមឲ្យស្របទៅតាមស្តង់ដាកំណត់របស់ភាគីថៃ នៅក្នុងរដូវប្រមូលផលពោតក្រហមក្នុងចន្លោះ ខែកក្កដា និងខែសីហា ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុន ឬឈ្មួញនាំចេញទៅកាន់ប្រទេសថៃ។

សូមជម្រាបជូនថា ពោតក្រហម គឺជាដំណាំឧស្សាហកម្មមួយប្រភេទ ដែលមានសក្តានុពលទីផ្សារខ្ពស់សម្រាប់ការកែច្នៃ ជាចំណីសត្វសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ បច្ចុប្បន្នផ្ទៃដីដាំដុះពោតក្រហមមានចំនួនប្រមាណ ១៤៥,៩៨៣ ហិកតា នៅក្នុងខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រះវិហារ ព្រៃវែង និងខេត្តកណ្តាលជាដើម និងមានទីផ្សារទៅក្រៅប្រទេស ដូចជា ថៃ វៀតណាម កូរ៉េ និងបង់ក្លាដេស ដោយនាំចេញទៅតាមច្រករបៀងទៅប្រទេសជិតខាង៕

ញទៅតាមច្រករបៀងទៅប្រទេសជិតខាង៕

Share This
Author Image

About