-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Sunday, May 19, 2024

ទីតាំងល្បែងហ្គេមបាញ់ត្រី ក្នុងផ្សារទំនើបសុីធីម៉ល លេងបានយ៉ាងរលូនមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបឡើយ..

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូន ១៩.០៥.២០២៤


(ភ្នំពេញ)៖) ទីតាំងល្បែងសុីសងហ្គេមខុសច្បាប់ មួយកន្លែងស្ថិតនៅក្នុងផ្សារទំនើបសុីធីម៉ល  ហ៊ានបើកលេងយ៉ាងចំហរ ដោយមិនខ្លាចញញើតនិងច្បាប់បន្តិចសោះ! ប្រហែលជាមានខ្សែរធំ ខ្នងក្រាស់ហើយមើលទៅ ទើបអាចបើកដំណើរការលេងយ៉ាងរលូនបែបនេះ។


ប្រជាពលរដ្ឋនិងមហាជនដែលរស់នៅក្នុងខណ្ឌ៧មករាបានលើកឡើងថា ល្បែងហ្គេមបាញ់ត្រីក្នុងផ្សារទំនើប ស៊ីធីម៉ល ខាងលើនេះកំពុងតែពង្វក់ស្មារតី និងបើកទ្វារចំហររងចាំស្វាគមន៍ក្រុមអ្នកញៀនល្បែង អោយចូលទៅលេងយ៉ាងភ្លួកទឹកភ្លួកដី ដោយឡែកមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានពុំទាន់មានចំណាត់ការណ៍ ធ្វើការទប់ស្កាត់និងបង្ក្រាបចំពោះទីតាំងល្បែងខាងលើនៅឡើយ។


គួររំលឹកផងដែរថាកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំអោយអាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវត្រួតពិនិត្យ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនអោយខាងតែបាន។


ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋក្នុងខណ្ឌ០៧មករា គោរពស្នើសុំដល់ ឯកឧត្តម ខួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិង ឯកឧត្តម ជួន ណារិន អគ្គស្នងការរងនគរបាលជាតិនិងស្នងការនគរបាលរាជធានីភ្នំពេញចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងហ្គេមបាញ់ត្រីស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ សូមអរគុណ៕ 









Monday, May 13, 2024

មាន់ជល់តាមប្រព័ន្ធអនឡាញនៅតែបន្តបើកលេងយ៉ាងគគ្លើន ក្នុងភូមិសាស្រ្តភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) តើអាជ្ញាធរក្នុងមូលដ្ឋានពិសេសលោកអធិការស្រុក គិតយ៉ាងណាដែរទាន?

ចំនួនអ្នកទស្សនា: Views
ក្រុងសំពៅពូនថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤

ខេត្តកណ្តាល ÷ ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញក្នុងភូមិសាស្ត្រភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ  ខេត្តកណ្តាល នៅតែបន្តបើកលេងយ៉ាងគគ្លើន បើទោះជាប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានអនុសាសន៍បញ្ជារអោយអភិបាលរាជធានី ខេត្ត ក្រុង ទូទាំងប្រទេស ត្រួតពិនិត្យ និងបិទរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ទោះមានច្បាប់ រឺពុំមានច្បាប់ក៏ដោយ កាលពីពេលថ្មីៗនេះ។

ដោយឡែកក្នុងភូមិសាស្ត្រ ភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល ឯណេះវិញ ល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញ នៅតែបន្តបើកលេងយ៉ាងអនាធិបតេយ្យ ដោយពុំមានការទប់ស្កាត់ និងបង្ក្រាបពីសំណាក់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានទាល់តែសោះ ហាក់មានភាពផ្គើន និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលភិបាលទៅវិញ។

តាមការលើកឡើងពីមជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងថា ក្នុងមួយថ្ងៃៗគេឃើញក្រុមអ្នកញៀនល្បែងបានគៀងគរគ្នាចូលទៅលេងចាក់ភ្នាល់យ៉ាងគក្រឹក ស្រែកឡូឡា ហ៊ោរកញ្ជ្រៀវ ដោយពុំមានឃើញមានសមត្ថកិច្ចណាចុះមកធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ។

ទោះជាយ៉ាងណាប្រជាពលរដ្ឋសូមសំណូមពរដល់ លោកវីរៈសេនីយ៍ឯក សុឹម ឃាង អធិការស្រុកកោះធំ  មេត្តាចាត់កំលាំងក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញក្នុងភូមិសាស្ត្រខាងលើនេះផងទាន ដើម្បីរក្សាបាននូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំងប្រាំពីរចំណុច របស់រាជរដ្ឋាភិបាល សូមអរគុណ៕






Wednesday, May 8, 2024

ល្បែងមាន់ជល់អនឡាញក្នុងឃុំកន្ទឺពីរ ស្រុកបាណន់កំពុងរីកដូចផ្សិត អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃ ០៨.០៥.២០២៤

ខេត្តបាត់ដំបង ៖ ទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែង ចាប់ផ្តើមបើកដំណើរការលេងឡើងវិញហើយ បន្ទាប់ពីបានបិទមួយរយៈ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសអោយបិទ រាល់ល្បែងស៊ីសងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទីតាំងនេះស្ថិតនៅភូមិភ្នំគល់  ឃុំកន្ទឺពី ស្រុកបាណន់ ខេត្តបាត់ដំបង កំពុងតែបើកលេងយ៉ាងសកម្ម ខណះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលហាក់បីដូចជានាំគ្នា រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ។

តាមប្រភពបានប្រាប់ថាទីតាំងខាងលើនេះបានបើកដំណើរការលេង ដោយដាក់តាម (កញ្ចក់ទូរទស្សន៍ធំៗ) ជាប់ផ្លូវធំ ជារៀងរាល់ថ្ងៃ ហាក់បីដូចជាមិនខ្លាចញញើតនិងច្បាប់បន្តិចសោះឡើយ បើទោះបីជាប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអោយអភិបាលខេត្តក្រុងទូទាំងរាជធានីខេត្ត ធ្វើការបិទរាល់ល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ។

អ្វីដែលជាការហួសចិត្ត ភាពព្រងើយកន្តើយ ធ្វើមិនដឹងមិនឮ ឬបិទភ្នែកបិទត្រចៀក របស់អាជ្ញាធរនិងសមត្ថកិច្ច   នៅក្នុងឃុំកន្ទឺពី  ស្រុកបាណន់ ខេត្តបាត់ដំបង កំពុងតែធ្វើអោយប្រជាលរដ្ឋ នៅក្នុងមូលដ្ឋាន មានមន្ទិលសង្ស័យថា អស់លោកទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ទីតាំងជល់មាន់តាមអនឡាញខាងលើនេះហើយមើលទៅទើបបានជានាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះ។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានបន្តអោយដឹងទៀតថា  ជាទូទៅគេតែងតែសង្កេតឃើញ ក្រុមអ្នកញៀនល្បែងបាននាំគ្នាពពាក់ពពូន ចូលទៅលេងល្បែងស៊ីសងមាន់ជល់អនឡាញ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។

ទោះជាយ៉ាងណាពាក់ព័ន្ធនិងករណីទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញខាងលើនេះ មហាជនបានសំណូមពរដល់ លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋានខេត្តបាត់ដំបង មេត្តាចាត់មន្ត្រីជំនាញ ចុះពិនិត្យស្រាវជ្រាវទីតាំងខាងលើនេះផងទាន ដើម្បីភូមិឃុំមានសុវត្តិភាព និង ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជាចោរលួច- ចោរ ឆក់-ចោរ ប្លន់-គាស់ផ្ទះជាពិសេសករណីអំពើហឹង្សាក្នុងគ្រួសារ…៕






Sunday, May 5, 2024

ត្រាក់ទ័រ០១គ្រឿងដែលតែងតែលួចភ្ជួរ ឈូសឆាយដីព្រៃពេលនេះបានអស់លក្ខណ៍ ត្រូវបានកំលាំងជំនាញផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ចុះបង្ក្រាប...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូន ០៥.០៥.២០២៤

ខេត្តកំពង់ធំ ÷ មហាជនជាទីរាប់អានដីព្រៃដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋក្នុងភូមិសាស្ត្រ ត្រពាំងប្រិស៍ក្នុងភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានរងនូវការឈួសឆាយ យ៉ាងអនាធិបតេយ្យ ពីសំណាក់ជនខិលខូច មួយក្តាប់តូច ដែលកំពុងតែមមាញឹកក្នុងការប្រកបរបរទុច្ចរិត ធ្វើយ៉ាងណាអោយតែខ្លួនមានបាន ដោយមិនខ្វល់ពីអ្វីទាំងអស់ ។

ប៉ុន្តែសកម្មភាពទាំងអស់នេះនៅតែមិនអាចបិទបាំង ភ្នែកថ្នាក់ដឹកនាំនិងមហាជន ដែលស្រឡាញ់ធនធានធម្មជាតិបានឡើយ។ ជាក់ស្តែងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ម៉ោង១២:០០ ថ្ងៃត្រង់មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានត្រាក់ទ័រ០១គ្រឿងបានចូលទៅឈួសឆាយដីព្រៃនៅចំនុចត្រពាំងប្រិស៍ ភូមិទំអ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយមានបទបញ្ជារពីលោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ លោក ឃិន វណ្ណៈ នាយរងផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ បានដឹកនាំកម្លាំង ជំនាញចុះទៅចំណុចទីតាំងខាងលើធ្វើការឃាត់បាន ត្រាក់ទ័រម៉ាក (ចនឌា) ពណ៌បៃតងចាស់ចំនួន ០១គ្រឿង និងតៃកុងបើកបរ ០១នាក់ ភស្តុតាងទាំងអស់បាននាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់។

គួរបញ្ជាក់ផងដែរបើយោងតាមការសាកសួរអ្នកបើកបរត្រាក់ទ័រខាងលើនេះ បានប្រាប់ថាថៅកែត្រាក់ទ័រ នេះមានឈ្មោះ ឆេង ស្រៀន ជាកងកម្លាំងប្រដាប់អាវុធស្រុកសណ្តាន់ ។

មហាជនរងចាំមើលថាតើលោក ឆេង ស្រៀង ជាថៅកែត្រាក់ទ័រ និងជាប៉េអឹមស្រុកសណ្តាន់ច្បាប់មានវិធានការណ៍ដែររឺយ៉ាងណា? ក្នុងនាមលោកជាកងកម្លាំងមានបុណ្យ មានសក្តិ គួរណាស់តែខិតខំជួយថែរក្សា ការពារធនធានធម្មជាតិ ក្នុងដែនរបស់ខ្លួន បែរជាយកគ្រឿងចក្រដើរឈួសឆាយ យកលុយដាក់ក្នុងហោប៉ៅទៅវិញ?

ទោះជាយ៉ាងណាប្រជាពលរដ្ឋមានការសាទរជាខ្លាំងចំពោះមន្ត្រីជំនាញពាក់ព័ន្ធពិសេស ជំនាញផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់រាល់បទល្មើសដែលមានក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីរក្សាសម្បត្តិធនធានធម្មជាតិដែលនៅសល់អោយបានគង់វង្ស។








Friday, May 3, 2024

សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូន ០៣.០៥.២០២៤

រាជធានីភ្នំពេញ ÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអនុសាសន៍ ៧ចំនុច ជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួននៅតែបន្តមានដោយសារចំណេះដឹងមូលដ្ឋាន និងបទពិសោធន៍ការងាររបស់អ្នកសារព័ត៌មានឯកជនមួយចំនួន នៅមានកម្រិត គួបផ្សំនឹងតម្រូវការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ការថ្លែងនេះក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦ នា ថ្ងៃទី៣ ខែឱសភា ឆ្នាំ២០២៤។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងវិស័យព័តមាននិងសោតទស្សន៍ដើម្បីឆ្លើយតបនឹងការវិវត្តនៃសង្គមជាតិ សម្តេចសូមផ្តល់នូវអនុសាសន៍មួយចំនួន ដោយក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់៖

ទី១. លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរក្សានូវក្រមសីលធម៌ និងគុណភាពការងារ។ ក្រសួងព័ត៌មានសូមជំរុញដំណើរការឡើងវិញនូវមណ្ឌលបណ្តុះបណ្តាលវិក្រឹតការ និងវិជ្ជាជីវៈសារព័ត៌មាន។ សម្រាប់ជំហានបន្ទាប់ សូមប្រែក្លាយទៅជាវិទ្យាសា្ថនជាតិសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដូចនេះសូមធ្វើការសិក្សាលើការរៀបចំពីពេលនេះតទៅ ។

ទី២. ពិនិត្យឡើងវិញលើលិខិតបទដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្តទាំងឡាយដែលនៅជាធរមាន ដើម្បីរៀបចំធ្វើវិសោធនកម្ម ឬរៀបចំថ្មី ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គម និងត្រូវ លើកកម្ពស់ការអនុវត្តច្បាប់ក្នុងវិស័យសារព័ត៌មាន ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់ នៃវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។

ទី៣. រៀបចំធម្មនុញ្ញសារព័ត៌មាន ដែលជាឯកសារគោលក្នុងការកំណត់នីតិវិធីប្រតិបត្តិស្តង់ដាស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈ។

ទី៤. រៀបចំកំណត់គោលការណ៍ណែនាំស្តីពីការផលិតមាតិកា និងផ្សព្វផ្សាយរបស់អ្នកកាសែតប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ភាពអាណាធិបតេយ្យលើបណ្តាញសង្គម។

ទី៥. រៀបចំមូលនិធិគាំទ្រដំណើរការកសាង និងអភិវឌ្ឍសមត្ថភាពរបស់សមាជិកសមាគមអ្នកសារព័ត៌មាន និងលើការគាំពារនិងលើកកម្ពស់វិជ្ជាជីវៈ។

ទី៦. លុបអាជ្ញាបណ្ណវិទ្យុ ទូរទស្សន៍ដែលឈប់ដំណើរការ និងមិនដំណើរការផ្សាយដើម្បីរៀបចំហ្វ្រេកង់ស៍សម្រាប់បង្កើតថ្នាលទូរទស្សន៍ឌីជីថលជាតិ និងរៀបចំស្តង់ដាវិទ្យុអែហ្វអ៊ឹម ចៀសវាងការឆ្លងរំខានហ្វ្រេកង់ស៍ជាមួយវិទ្យុទាក់ទងបញ្ជាយន្តហោះ និងបង្កើនគុណភាពការផ្សាយ។

ទី៧. ជំរុញការរៀបចំបង្កើតថ្នាលទូរទស្សន៍ជាតិ នៅត្រីមាសទី២ ឆ្នាំ២០២៤ ឱ្យបានទាន់ពេលវេលា ស្របតាមការតាំងចិត្តរួមរបស់ប្រទេសតំបន់អាស៊ាន ក្នុងការអភិវឌ្ឍទូរទស្សន៍ឌីជីថល និងបិទការផ្សាយទូរទស្សន៍អាណាឡូកនៅឆ្នាំ២០២៥។ 



Monday, April 29, 2024

អ្នកសារព័ត៌មានគឺជាក្រុមគោលដៅអាទិភាពមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃ២៩.០៤.២០២៤

រាជធានីភ្នំពេញ ÷ កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានពិភាក្សាអំពីការចុះឈ្មោះ និងការផ្តល់អត្ថប្រយោជន៍សម្រាប់ក្រុមគោលដៅ «អ្នកសារព័ត៌មាន» ក្រោមក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។

 កិច្ចប្រជុំបានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន និងបានទទួលយកអនុសាសន៍ពាក់ព័ន្ធពីថ្នាក់ដឹកនាំស្ថាប័នទាំងពីរ ក្នុងការគាំទ្រការអនុវត្តយុទ្ធសាស្រ្តជាតិនេះ ជាពិសេស ការរៀបចំផែនការសកម្មភាពលម្អិត និងអាទិភាពសម្រាប់គាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តឱ្យបានល្អប្រសើរ។

  ឯកឧត្តម ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែតុលា ឆ្នាំ២០២៣។ 

  ឯកឧត្តម បានបន្ថែមថា៖ “អ្នកសារព័ត៌មានត្រូវបានកំណត់ជាក្រុមគោលដៅមួយ ក្នុងចំណោមក្រុមគោលដៅទាំង១៥ នៃយុទ្ធសាស្រ្តនេះ ហើយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានបំណងសហការជាមួយក្រសួងព័ត៌មាន ដើម្បីចលនាការចុះឈ្មោះអ្នកសារព័ត៌មានឱ្យទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនេះ រួមទាំងអត្ថប្រយោជន៍គាំពារសង្គម និងរបបសន្តិសុខសង្គម។”  

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងស្វាគមន៍ និងសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ព្រមទាំងគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលយកចិត្តទុកដាក់លើអ្នកសារព័ត៌មាន និងបានកំណត់អាជីពសារព័ត៌មាននៅក្នុង វិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារអាទិភាពទាំង ១៥ នៅក្នុងយុទ្ធសាស្រ្តនេះ។ 

ឯកឧត្តមបានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា មានអ្នកសារព័ត៌មានប្រមាណមួយម៉ឺននាក់ ហើយរហូត មកដល់ថ្ងៃនេះ ក្រសួងព័ត៌មានបានចេញនូវបណ្ណសារព័ត៌មានបានប្រមាណជាង ៦.៣០០ នាក់រួចហើយ។ ក្រសួងព័ត៌មានក៏នឹងរៀបចំការប្រមូលទិន្នន័យអ្នកសារព័ត៌មានដែលមានប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម ( បសស ) ផងដែរ។ 

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងព័ត៌មាននឹងសហការបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញអ្នកសារព័ត៌មាននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍ ឱ្យចូលមកក្នុងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបងប្អូនអ្នកសារព័ត៌មានទទួលបានអត្ថប្រយោជន៍ច្រើនពីគោលនយោបាយនានាដែលដាក់ចុះដោយរាជរដ្ឋាភិបាល។

 ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ឯកឧត្តមនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដោយសហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ជាពិសេសអាទិភាពសម្រាប់បងប្អូនអ្នកសារព័ត៌មាន ក៏ដូចជាផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន៕









Sunday, April 28, 2024

ឆ្ងាញ់មាត់ទៀតហើយ! ដីក្នុងព្រែកសោះ ហ៊ានជីកលក់យកលុយចែកគ្នាចាយ ក្រោមលេស ព្រួញមួយបាញ់បានសត្វពីរ...

ចំនួនអ្នកទស្សនា: Views
    ក្រុងសំពៅពូនថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤




ខេត្តកណ្តាល ÷ ពិតជាគួរអោយស្ងើចសរសើរដល់ជនទុច្ចរិតមួយក្តាប់តូច ដែលបុិនប្រសព្វ ខិតខំស្វះស្វែងរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាអោយតែខ្លួន និងបក្សពួកមានបាន រស់នៅបានសុខស្រួល ទោះបីជាការងារដែលពួកគេកំពុងតែប្រព្រឹត្ត ជាការងារដែលល្មើសច្បាប់ធ្វើអោយប៉ះពាល់ដល់សង្គមជាតិយ៉ាងណាក៏ដោយ ។

ជាក់ស្តែងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ព្រែកមួយកន្លែងដែលមានឈ្មោះ ( ព្រែកប៉ាន ) ស្ថិតនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានម្ចាស់អាជីវកម្មជីកអាចម៍ដីម្នាក់ដែលគេស្គាល់ថាឈ្មោះ ចាំង រួមនឹងបក្សពួក បានរួមគំនិតគ្នា ជីកយកអាចម៍ដីនៅក្នុងព្រែកប៉ាន លក់យកលុយដាក់ក្នុងហោប៉ៅ ក្រោមលេសថា (ប្រជាពលរដ្ឋស្នើសុំស្តារព្រែកដើម្បីយកទឹកដើម្បីអាស្រ័យផលដំណាំ) ។

តែបើតាមការលើកឡើងពីប្រជាពលរដ្ឋម្នាក់ ល័ក្ខខ័ណ្ឌសុំមិនបញ្ចេញអត្តសញ្ញាណ បានរៀបរាប់ថាមានមនុស្សមួយក្រុមបានដើរគៀងគរអោយប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រែប៉ាន ឃុំត្រើយស្លា ផ្តិតមេដៃអោយក្រុមខ្លួន ដើម្បីដាក់សំណើរទៅថ្នាក់លើសុំគោលការណ៍ជីកយកអាចម៍ដីក្នុងព្រែកចេញ អោយមានទឹកចូលដើម្បីអោយពួកគាត់អាស្រ័យផល។

គាត់បានបញ្ជាក់ទៀតថា នេះមិនមែនជាការស្ម័គ្រចិត្តពីប្រជាពលរដ្ឋនោះទេ គឺជាឧបាយកលរបស់ក្រុមឈ្មួញនិងបក្សពួក ដែលបានប្រើយុទ្ធសាស្ត្រខ្ចីដៃប្រជាពលរដ្ឋប្រើ បិទបាំង បំភាន់ភ្នែក ថ្នាក់ដឹកនាំ ក្នុងន័យព្រួញមួយបាញ់បានសត្វពីរ ពោលគឺច្បាមយកផលប្រយោជន៍ និងលាភសក្ការៈចែកគ្នាចាយសប្បាយ ហ៊ឺហាតែប៉ុណ្ណោះ ។

ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដូច្នេះ ក្រុមការងារបានទំនាក់ទំនងទៅលោក ចាំង ដែលជាម្ចាស់គ្រឿងចក្រតាមរយៈលេខទូរស័ព្ទ ដើម្បីសុំការបំភ្លឺ លោកបាននិយាយថា ចំពោះការយកគ្រឿងចក្រចូលមកជីកកាយយកអាចម៍ដីលក់នេះគឺលោកមានស្នាមមេដៃពីប្រជាពលរដ្ឋ និយាយអោយខ្លីគឺលោកបានទិញអាចម៍ដីក្នុងព្រែកប៉ាននេះពីអាជ្ញាធរ ដោយបានបង់ប្រាក់កក់ (១២០០ដុល្លារ) និងចាក់ថ្មចំនួន២០ឡាន ជាការដោះដូរនិងថ្លៃអាចម៍ដី អោយទៅឃុំត្រើយស្លា ។

លោក ចាំង បានបន្តទៀតថា សម័យនេះហើយគេមិនដែល ប្រើគម្រោងមូលនិធិឃុំអីទៀតទេ គ្រាន់តែរឿងជីកប្រឡាយ កាយព្រែក គឺគេទុកលុយមូលនិធិទាំងនោះដើម្បីកសាងផ្លូវប៉េតុង ហើយរឿងជីកព្រែកនេះគេទុកអោយខាងឯកជនដូចជារូបលោកជាអ្នកធ្វើមិនចំណេញជាង ពិសេសបានលុយចាយទាំងអស់គ្នា។

ចំណែកលោក ប៉ាវ ប៉េង មេឃុំត្រើយស្លា បាននិយាយតាមទូរស័ព្ទថា រូបលោកមិនបានដឹងនិងពាក់ព័ន្ធអ្វីនោះទេ
លោកបានបន្តថា អោយសួរទៅក្រុមការងារថ្នាក់ភូមិទៅ កុំអោយមានរឿង។

ប្រិយមិត្តជាទីរាប់អាន តើនេះជាយុទ្ធសាស្ត្រសាចទឹកដាក់គ្នាមែនទេ? នៅពេលដែលក្រុមការងារអ្នកសារព័ត៌មានធ្វើការសាកសួរដើម្បីសុំការបំភ្លឺជុំវិញករណីការជីកកាយដីក្នុងព្រែកប៉ានខាងលើនេះ  ហើយបែរជារុញដាក់គ្នាទៅវិញទៅមកយ៉ាងដូច្នេះទៅវិញ?

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំដល់លោក ជឺ គីមហៃ អភិបាលស្រុកស្អាង និងគោរពស្នើសុំដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាចាត់កម្លាំងក្រោមឱវាទចុះពិនិត្យ ស្រាវជ្រាវ ចំពោះការជីក កកាយដីក្នុងព្រែកប៉ាន លក់យកលុយចែកគ្នាគ្មានញញើតនិងច្បាប់សោះ អ្វីដែលសំខាន់ ព្រែកប៉ាននៅចំណុចទីតាំងខាងលើនេះ ជាសម្បត្តិរបស់រដ្ឋ។

អ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត បណ្តាញអង្គភាពអ្នកសារព័ត៌មានយើង រងចាំទទួលការបកស្រាយពីគ្រប់ស្ថាប័នពាក់ពន្ធ័ក្នុងម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕







Share This
Author Image

About