ផ្សាយចេញពីក្រុងសំពៅពូន ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤
រាជធានីភ្នំពេញ ÷ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ហៅកាត់ថា «សសយសស» កាលពីថ្ងៃអាទិត្យទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំធំមួយ នៅទីស្នាក់ការកណ្តាលរបស់ខ្លួនស្ថិតនៅបុរី CS ភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីពិភាក្សាគ្នាពង្រឹងបញ្ហាផ្ទៃក្នុង បន្តភាពរីកចម្រើនរបស់សមាគមទៅថ្ងៃមុខបន្តទៀត ។
កិច្ចប្រជុំនេះ ក្រោមវត្តមាន លោក មីន ចាន់ធី ជាប្រធានសមាគម ថ្នាក់ដឹកនាំ ទីប្រឹក្សា ក្រុមប្រឹក្សាភិបាល និង សមាជិកជាច្រើនរូបទៀតផងដែរ ។
ជាកិច្ចចាប់ផ្តើម លោក មីន ចាន់ធី បានបង្ហាញអំពីភាពរីកចម្រើនរបស់សមាគមក្នុងរយៈពេលជាង១ឆ្នាំមកនេះ ដោយសារតែខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និង ថវិកាផ្ទាល់ខ្លួន របស់បងប្អូនទាំងអស់គ្នា ក្នុងការចូលរួមជាមួយសមាគម ធ្វើយ៉ាងណាអោយមានភាពរីកចម្រើន ក្នុងគោលដៅចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
លោកប្រធានសមាគម ក៏បានធ្វើការប្តេជ្ញាចិត្តធ្វើយ៉ាងណាអោយសមាគមបន្តរីកចម្រើនបន្ថែមទៀត ជាមួយនឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង គោរពច្បាប់ និង ការណែនាំទាំងអស់របស់ស្ថាប័នមានសមត្ថកិច្ច មានជាអាទិ៍ក្រសួងមហាផ្ទៃ និង ក្រសួងព័ត៌មាន ជាដើម ។
ដោយឡែក លោក ជុច វី អនុប្រធានសមាគម បានធ្វើបទបង្ហាញអំពីបញ្ហាផ្សេងៗ ជាពិសេសចក្ខុវិស័យរបស់សមាគមតែម្តង ដែលសមាគម មានលក្ខិន្តកៈត្រឹមត្រូវ មានបទបញ្ជាផ្ទៃក្នុង សម្រាប់ជាប្រយោជន៍រួមរបស់បងប្អូនទាំងអស់គ្នាដែលជាសមាជិករបស់សមាគម ។
ក្នុងនោះ សមាគមនឹងមានផែនការជាច្រើនទៀតដូចជា ការចែករំលែកចំណេះដឹងពាក់ព័ន្ធវិស័យសារព័ត៌មាន ជំនួបជាមួយថ្នាក់ដឹកនាំ មូលនិធិរបស់សមាគមសម្រាប់ជួយដល់បងប្អូនទាំងអស់គ្នាដែលមានបញ្ហាផ្សេងៗ ការប្រឹក្សាផ្លូវច្បាប់ ជំនួយផ្នែកច្បាប់ពេលរងនូវបណ្តឹងផ្សេងៗជាច្រើនទៀត ។
ក្នុងកិច្ចប្រជុំនេះ ឃើញថា បងប្អូនទាំងអស់គ្នាមានការសប្បាយចិត្តនិងបានធ្វើការប្តេជ្ញាចិត្តទាំងអស់គ្នា ដើម្បីធ្វើអោយសមាគមកាន់តែរីកចម្រើនបន្ថែមទៀត ៕
0 Comments:
Post a Comment