ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤
ខេត្តកំពង់ធំ ÷ ដីព្រៃលិចទឹករាប់រយហិកតា ចាប់ពីចំណុច ទួលលើ រហូតដល់បាតថាស-ខ្លាលោត ដែលមានលេខយាមកាមលេខ (48P 490578-1365343 ) ក្នុងភូមិសាស្ត្រឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ត្រូវបានភ្ជួរនិងរុញយ៉ាងអនាធិបតេយ្យដោយពុំដឹងថា បានកាត់ឆ្វៀលរឺយ៉ាងណានោះទេ។
ជាក់ស្តែងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបាបទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ល័ក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ ដែលរស់នៅស្ទឹងកំបុតក្បែរទីតាំងនោះ បានរៀបរាប់ប្រាប់អង្គភាព (សង្គមបច្ចុប្បន្ន) យើងថា គាត់ប្រទះឃើញមានត្រជាក់ទ័រជាច្រើនគ្រឿង បានចូលមកធ្វើសកម្មភាពឈួសឆាយ រុញនិងភ្ជួរដីចាប់ពីមាត់ស្ទឹងកំបុតចំងាយ១០០ម៉ែត ទូលលើ រហូតដល់បាតថាស ខ្លាលោត យ៉ាងគគ្រឹកគគ្រេង ដោយពុំដឹងថាមានច្បាប់អនុញ្ញាត រឺបានកាត់ឆ្វៀលចេញពីស្ថាប័នណាឡើយ។
ប្រភពដដែលបានបន្តថាដីដែលត្រាក់ទ័រចូលមករុញនិងភ្ជួរនៅចំនុចទីតាំងខាងលើនេះប្រហែល ៥០០ទៅ៨០០ហិកតាឯណោះ សំរាប់ប្រជាពលរដ្ឋដូចពួកគាត់វិញ ១ទៅ២ ហិកតាគេមិនអោយធ្វើផង ។
ក្រោយទទួលបានសេចក្តីរាយការណ៍នេះក្រុមការងារ (សង្គមបច្ចុប្បន្ន) ក៏បានចុះទៅដល់ទីតាំងខាងលើដើម្បីថតផ្តិតយករូបភាព រួចក៏បានទំនាក់ទំនងទៅលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក តាមរយៈ ( Whatsapp) ដើម្បីរាយការណ៍និងសុំការបំភ្លឺ តែលោកបានត្រឹមចូលមើល មិនបានឆ្លើយតបអ្វីនោះឡើយ។
ដោយឡែកនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១.៣២នាទី រសៀលមានលេខទូរស័ព្ទ ០៨១៤៨៤១៥១ បានខលមកអង្គភាព (សង្គមបច្ចុប្បន្ន) ដោយមិនដឹងថាជាអ្នកណា ហើយបាននិយាយក្រុមការងាររបស់លោកបានចុះមកដល់ទីតាំងខាងលើហើយ ចំពោះដីដែលបានឈួសឆាយ ភ្ជួររុញ ខាងលើគឺជាដីដែលបានកាត់ឆ្វៀល ប៉ុន្តែរូបលោកមិនដឹងថាមានចំនួនប៉ុន្មានហិកតានោះទេ ទាល់តែសូរិយោដីបានដឹង សូមអោយក្រុមការងារទំនាក់ទំនងទៅជំនាញសូរិយោដីចុះ តួនាទីរបស់លោក គឺប្រសិនបើមានគ្រឿងចក្រកំពុងធ្វើការឈួសឆាយ លោកនិងធ្វើការទប់ស្កាត់និងបង្ក្រាបតែប៉ុណ្ណោះ។
ជុំវិញករណីខាងលើក្រុមការងារមិនអាចទំនាក់ទំនងទៅជំនាញសូរិយោដី ស្រុកនិងខេត្តដើម្បីសុំការបំភ្លឺបាននោះទេ ដោយពុំមានលេខទូរស័ព្ទ។
គួរបញ្ជាក់ផងដែរចំពោះទីតាំងដីនៅចំណុចភូមិសាស្ត្រខាងលើ គឺជាប្រភេទដីថ្មីចែស ដីដែលមិនទាន់បានអាស្រ័យផលអ្វីម្តងនោះឡើយ មួយវិញទៀត ដីដែលពុំទាន់មានភ្លឺច្បាស់លាស់។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋនិងមហាជន សំណូមពរដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ធំ ឯកឧត្ដម ងួន រតនៈ អភិបាលខេត្ត មេត្តាមានចំណាត់ការណ៍ស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបជនឈ្លាតឱកាសដែលមានបំណងចង់បានដីរដ្ឋយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនខាងលើនេះផងទាន។
អង្គភាពសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំ រងចាំបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មានក្នុងព្រះរាជអាណាចក្រកម្ពុជា សូមអរគុណ៕
0 Comments:
Post a Comment