ផ្សាយចេញ ១៩.១០.២០២៣
ខេត្តកំពង់ធំ ÷ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ត្រូវបានប្រកាសចូលកាន់មុខ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ។
ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកោះកុង ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី ទ្រង់បានត្រាស់បង្គាប់ផ្ទេរមកកាន់មុខតំណែងជា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ជំនួសឯកឧត្តម ស៊ិន វីរ: ព្រះរាជអាជ្ញាអយ្យការអមសាលាខេត្តកំពង់ធំ។
ក្នុងឱកាសនេះដែរ ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដែលទើបតែប្រកាសចូលកាន់មុខដំណែង បានសន្យាថា នឹង ខិតខំ ដឹកនាំ និងសម្របសម្រួលការងារយុត្តិធម៌ សំដៅបង្ការ និងបង្ក្រាប បទល្មើសព្រហ្មទណ្ឌក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីសម្រេចគោលដៅនេះ ទាមទារឱ្យមានការ ចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការទាំងអស់ និងគ្រប់វិស័យ ពោល គឺយុត្តិធម៌សង្គមមិនអាចពឹងផ្អែក តែលើស្ថាប័នតុលាការ ឬស្ថាប័នណាមួយតែឯងបានឡើយ។
នា ឱកាសនោះឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាន កំណត់ទិសដៅនៃការកែទម្រង់ក្នុងវិស័យយុត្តិធម៌ដែលជាអាទិភាពសម្រាប់រយៈពេល ៥ឆ្នាំខាងមុខនេះ ជុំវិញការកែទម្រង់យន្តការដោះស្រាយវិវាទដីកម្ពុជា ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ និង កិច្ចការយុត្តិធម៌សង្គមផ្សេងៗទៀត ។
លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា នាពេលខាងមុខ ព្រះរាជក្រឹត្យមួយនឹងបង្កើតឲ្យមានយន្តការថ្នាក់ជាតិដើម្បីដឹកនាំទាំងខាងគោលនយោបាយ និងដឹកនាំក្នុងប្រតិបត្តិការទាក់ទងនឹងការសម្រុះសម្រួលដោះស្រាយវិវាទហើយនឹងបង្កើតឲ្យមានក្រុមសម្រុះសម្រួលដោះស្រាយវិវាទ ដោយសហការជាមួយ នឹងរដ្ឋបាលមូលដ្ឋាននៅទីនេះ៕
0 Comments:
Post a Comment