ផ្សាយពីក្រុងសំពៅពូនថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥
ខេត្តកណ្តាល ÷ សហគមន៍នេសាទមួយឈ្មោះ ពាមឃ្លាំង ស្ថិតនៅក្នុងភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ទំនងជាមិនអាចបង្ក្រាបបាន ដោយសារតែមានការឃុបឃិតគ្នាជាប្រព័ន្ធរវាងជនល្មើសនិងអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធពិសេសជំនាញជលផល ខណៈមានការបែកធ្លាយថាគ្មានច្បាប់ និងច្បាប់ផុតសុពលភាព។
អ្នកនេសាទនិងប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងឃុំលើកដែក ស្រុកកោះធំ បានលើកឡើងថា ពួកគាត់ពិតជាមានការហួសចិត្តជាខ្លាំង ខណៈសហគមន៍នេសាទពាមឃ្លាំង ដែលមានលោក ហង់ ម៉ុន ជាតំណាងសហគមន៍ នៅតែអាចបន្តធ្វើការនេសាទដាក់របាំងធ្នស់កាត់ព្រែកចាប់យកផលត្រី នៅក្នុងសហគមន៍ពាមឃ្លាំងនេះបានយ៉ាងរលូន បើទោះបីជាគ្មានច្បាប់អនុញ្ញាត និងច្បាប់បានផុតសុពលភាព តាំងពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៣ ថែមទាំងពុំបានធ្វើការបោះឆ្នោតជ្រើសរើសតំណាងសហគមន៍សារជាថ្មីនោះឡើយ។
ផ្អែកលើច្បាប់របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាល លេខ០៣៩ សណ.ខរ.កណ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ជម្រាបមកលោក ហង់ ម៉ុន តំណាងសហគមន៍ពាមឃ្លាំង ស្រុកកោះធំ ខេត្តកណ្តាល
កម្មវត្ថុ : ករណីសុំបន្តអាណត្តិសហគមន៍នេសាទពាមឃ្លាំងមួយអាណត្តិបន្តទៀត (៣ឆ្នាំស្មើរ៣រដូវនេសាទ)។
យោង : ចំណាររបស់ឯកឧត្តមអភិបាលខេត្តកណ្តាលចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ សំណើរសុំបន្តអាណត្តិរបស់សហគមន៍ពាមឃ្លាំងមួយអាណត្តិបន្តទៀត ចុះថ្ងៃទី២កើត ខែចេត្រ ឆ្នាំជូត ពស.២៥៦៤ ត្រូវនិងថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ របស់លោក ហង់ ម៉ុន តំណាងសហគមន៍ពាមឃ្លាំង។
តបតាមកម្មវត្ថុខាងលើ ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល សូមជម្រាបជូនលោក ហង់ ម៉ុន តំណាងសហគមន៍ពាមឃ្លាំងជ្រាបថា ដោយមានចំណាររបស់ឯកឧត្តមអភិបាលខេត្តកណ្តាលបានអនុញ្ញាតឲ្យសហគមន៍ពាមឃ្លាំងបន្តមួយអាណត្តិទៀត(៣ឆ្នាំ)ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ទើបរៀបចំបោះឆ្នោតសារជាថ្មី ដើម្បីជ្រើសរើស ប្រធាន អនុប្រធាន សមាជិកសហគមន៍។ ដូចនេះលោក ហង់ ម៉ុន តំណាងសហគមន៍ពាងឃ្លាំង ត្រូវគ្រប់គ្រងសហគមន៍ពាមឃ្លាំងនេះបន្តទៀត និងគោរពឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈសហគមន៍។
ប៉ុន្តែដោយឡែកនៅឆ្នាំ២០២៤ - ២០២៥ លោក ហង់ ម៉ុន និងបក្សពួក មិនបានអនុវត្តនិងបំពេញតាមលក្ខន្តិកៈដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាលបានអនុញ្ញាតនោះទេ គឺលោក ហង់ ម៉ុន នៅតែបន្តគ្រប់គ្រង់សហគមន៍នេសាទពាមឃ្លាំងនេះដដែល ដោយពុំបានធ្វើការបោះឆ្នោតជ្រើសរើសតំណាងសហគមន៍ថ្មី តាមគោលការណ៍ដែលច្បាប់បានកំណត់នោះឡើយ។
ក្នុងនោះដែរប្រជាពលរដ្ឋប្រមាណជា៦០០គ្រួសារ បានដាក់ពាក្យស្នើសុំបោះឆ្នោតជ្រើសរើសតំណាងសហគមន៍ពាមឃ្លាំងសារឡើងវិញ មូលហេតុដោយសារ អ្នកគ្រប់គ្រងត្រូវបានផុតអាណត្តិនិងអស់សុពលភាពទៅហើយ ប៉ុន្តែបើទោះបីជាមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋក្នុងឃុំលើកដែក ស្រុកកោះធំ យ៉ាងណាក៏ដោយ ក៏អាជ្ញាធរក្នុងមូលដ្ឋាន លោកមេឃុំ លោកអភិបាលស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកោះធំទាំងមូល ពុំបានដោះស្រាយជូនប្រជាពលរដ្ឋប្រមាណជាង៦០០គ្រួសារនោះឡើយ ដោយពុំដឹងថាមានអាថ៌កំបាំងអ្វីនៅពីក្រោយអោយប្រាកដនោះឡើយ។
ទាក់ទិនទៅនឹងករណីនេះ ក្រុមការងារអ្នកសារព័ត៌មានបានព្យាយាមទំនាក់ទំនងទៅលោក ខេង ឃីម មេឃុំលើកដែកតាមរយៈលេខ 0979970088 និងលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ តាមរយៈលេខ 0978999995 ខលចូលជាច្រើនដងប៉ុន្តែពុំមានអ្នកទៅទូលទូរស័ព្ទទាល់តែសោះ។
ចំណែកលោក ទួន សុភីម៉ូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាល ក្រុមកាងារបានទំនាក់ទំនងតាមរយៈប្រព័ន្ធតេលេក្រាម លោកបានរុញអោយក្រុមការងារទំនាក់ទំនងទៅលោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផល រីឯលោក ហេង សុភារិទ្ធ នាយខណ្ឌជលផល បានឆ្លើយតមជាមួយក្រុមការងារតាមប្រព័ន្ធតេលេក្រាមថា ចំពោះការងារនេះមិនមែនគាត់ទេ គឺស្ថិតនៅលើអាជ្ញាធរព្រោះគេដំណើរការសហគមន៍នេសាទ ហើយកុំអោយអ្នកសារព័ត៌មានជឿតាមប្រជាពលរដ្ឋអី។
មូលហេតុនេះប្រជាពលរដ្ឋក្នុងឃុំលើកដែលហាក់មានចម្ងល់ថា តើអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធ លោកមានចេតនាអ្វីអោយប្រាកដទាន? ហេតុអ្វីបានជាពុំមានការដោះស្រាយជាក់លាក់ណាមួយជូនដល់ប្រជាពលរដ្ឋ? តើសុខទុក្ខប្រជាពលរដ្ឋសំខាន់ដែរទេ? ទាំងដែលអស់លោកសុីប្រាក់ខែរាស្ត្រប៉ុន្តែមិនធ្វើការបម្រើរាស្ត្រទាល់តែសោះ សួរមួយរុញទៅមួយ តើមានអ្វីលាក់បាំងឲ្យប្រាកដទៅទាន?
យោងតាមច្បាប់ស្តីពីជលផល មាត្រា៩៦ ត្រង់ចំណុច ១- ប្រើប្រាស់លិខិតអនុញ្ញាតបង្កើតផែត្រី ទីតាំងកែឆ្នៃផលិតផលជលផល តាមទ្រង់ទ្រាយឧស្សាហកម្មហួសសុពលភាពនៃលិខិតអនុញ្ញាត។
២- បានទទួលសិទ្ធធ្វើអាជីវកម្មឡូនេសាទ មិនបានបំពេញកាតព្វកិច្ចការពារព្រៃលិចទឹក និងទ្រព្យសម្បត្តិរដ្ឋក្នុងឡូនេសាទ។
៣- ធ្វើការនេសាទក្នុងឡូបម្រុងដោយប្រើឧបករណ៍គ្រប់ប្រភេទរួមផ្សំដោយប្រើរបាំងព្រួលដោយមានបណ្តោយលើសពី៥០ម៉ែត រឺលាតសន្ធឹងលើសពី២/៣ នៃទទឹងមុខទឹក រឺធ្វើឲ្យស្ទះផ្លូវជលយានគ្រប់ប្រភេទ។
ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសខាងលើត្រូវពិន័យជាប្រាក់ពី ៥លាន ទៅ១០លានរៀល។
យោងតាមមាត្រា១០២ នៃច្បាប់ជលផល សកម្មភាពទាំងឡាយណាដែលធ្វើឡើងដោយមន្ត្រីអជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីនៃកងយោធពលខេមរះភូមិន្ទ រឺមន្ត្រីអាជ្ញាធរផ្សេងទៀត ដើម្បីធ្វើអន្តរាគមន៍ ផ្តល់ការអនុញ្ញាតដោយផ្ទាល់ ឬដោយប្រយោលជួយដល់អាជីវកម្មជលផល និងធ្វើគ្រប់យ៉ាងផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវចាត់ទុកជាបទល្មើសដែលត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ ពី១-៣ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៥លាន ទៅ៥០លានរៀល។
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងឃុំលើកដែក ស្រុកកោះធំ គោរពស្នើសុំឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលមេត្តាទានចាត់មន្ត្រីជំនាញចុះធ្វើអធិការកិច្ច ចំពោះការងារនៅចំណុចទីតាំងខាងលើដោយក្តីអនុគ្រោះផងទាន៕
0 Comments:
Post a Comment