ខេត្តឧត្តរមានជ័យ ÷ ល្បែងសុីសងតាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែងនៅតែបើកដំណើរការលេងយ៉ាងពេញបន្ទុកក្នុងភូមិផ្អុង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ខណៈអាជ្ញាធរក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ដូចគេញ៉ុកមាត់។
គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស អោយអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងសងគ្រប់ប្រភេទ មិនថាលេងផ្ទាល់ រឺលេងតាមប្រព័ន្ធអនឡាញ។
ជាក់ស្តែងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ គេសង្កេតឃើញថាទីតាំងល្បែងសុីសងអនឡាញនៅចំណុចភូមិសាស្ត្រខាងលើ កំពុងតែពង្វក់ស្មារតីក្រុមអ្នកញៀនល្បែងអោយឆ្កួតវង្វេងភ្លេចគិតពីកំរិតជីវភាពគ្រួសារក្រលំបាក ខ្លះជំពាក់គេវ័ណ្ឌក ខ្លះអស់ម៉ូតូ និងខ្លះទៀតហ៊ានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ឈ្លោះប្រកែកទាស់ទែងវាយប្រពន្ធកូនក៏មាន ។
ប្រភពបន្តថា ដោយសារតែទីតាំងបនល្បែងសុីសងតាមអនឡាញខាងលើនេះ បានធ្វើអោយម្តាយតាមរកកូន ប្រពន្ធតាមរកប្តី ដែលឈ្លក់វង្វេងងប់ងល់និងការលេងល្បែង ភ្លេចគិតពីការងារ ។
គួរបញ្ជាក់ផងដែរថាទីតាំងល្បែងសុីសងតាមអនឡាញខាងលើ ចាប់ផ្តើមបើកដំណើរការលេងយ៉ាងអនាធិបតេយ្យ ហាក់ដូចផ្គើននិងបទបញ្ជារប្រមុខថ្នាក់ដឹកនាំជាខ្លាំង ដែលជាហេតុធ្វើអោយមានការប៉ះពាល់និងរំខានដល់ការរស់នៅ និងការដេកពួននរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្បែរនោះយ៉ាងក្រៃលែង។
ប្រភពបន្ថែមថា បើអាជ្ញាធរ លោកមេប៉ុស្តិ៍ លោកមេឃុំ លោកអធិការ លោកអភិបាលស្រុក នៅតែបណ្ដែតបណ្ដោយអោយមានទីតាំងបានល្បែងខាងលើនេះតទៅទៀត មុខតែនិងកើតមានអំពើចោរកម្ម លួច ឆក់ប្លន់ជាក់ជាមិនខានឡើយ។
ទាក់ទិនទៅនិងករណីទីតាំងល្បែងសុីសងតាមអនឡាញក្នុងភូមិសាស្ត្រខាងលើ ក្រុមការងារមិនអាចទំនាក់ទំនងទៅលោក ហម ភិរម្យ អធិការក្រុងសំរោង ដើម្បីរាយការណ៍និងសុំការបំភ្លឺបានទេដោយពុំមានលេខទូរសព្ទ។
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរទៅដល់លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ពិសេស ឯកឧត្តម មាន ចាន់យាដា អភិបាលខេត្តឧត្តរមានជ័យ មេត្តាទានមានវិធានការណ៍ ចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបរាល់ល្បែងសុីសង នៅចំណុចទីតាំងខាងលើនេះផងទាន! ដើម្បីរក្សាបានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងគោរពគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ០៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃ សូមអរគុណ៕
0 Comments:
Post a Comment