ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
យោងតាមសេចក្តីថ្លែងការណ៍អ្នកនាំពាក្យអយ្យាការអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដែលមានខ្លឹមសារ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ សង្កេតឃើញថានាពេលថ្មីៗនេះមានការបង្ហោះចែកចាយតាមបណ្ដាញសង្គមfacebook tik tok តាមរយៈគណនីឈ្មោះ តាន់គីមសួរ បាទបង្ហោះថា ( ដល់ថ្នាក់ព្រះរាជអាជ្ញាជួយសម្រួលឱ្យឡានច្នៃដឹកឈើរួចខ្លួនហើយមានអីទៀតគ្រប់គ្នាកាន់តែអាចយល់បានហើយថារាជរដ្ឋាភិបាលខិតខំប្រឹងរិះរកគ្រប់មធ្យោបាយលុបបំបាត់ឲ្យបាននូវឱក្រិដ្ឋកម្មព្រៃឈើ តែធ្វើមិនបានជោគជ័យសោះនេះជាមូលហេតុមួយដែរ) ចំពោះការបង្ហោះផ្សាយជាសាធារណៈតាមបណ្ដាញទំនាក់ទំនងសង្គមរបស់គណនីឈ្មោះ តាន់ គីមសួរ នេះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ហើយដែលអាចធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំ។
ក្រោយពីទទួលបាននៅសេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ លោក តាន់ គីមសួរ ដែលជាសកម្មជនការពារធនធានធម្មជាតិយ៉ាងសកម្ម បានធ្វើសេចក្តីបំភ្លឺ និងសូមអភ័យទោសទៅកាន់អយ្យកាអមសាលាដំបូងខេត្តពោធិ៍សាត់ ដែលមានខ្លឹមសារដូចខាងក្រោម÷
តាមការលើកឡើងរបស់ខ្ញុំបាទ គឺគ្មានចេតនាណាមួយធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ថាប័នអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់នោះទេ។
ការលើកឡើងរបស់ខ្ញុំថានេះគឺជាឡានដឹកជញ្ជូនផល អនុផលព្រៃឈើខុសច្បាប់ គឺយោងផ្អែកទៅលើលិខិតស្នើសុំអន្តរាគមន៍ដោះលែងឡានរបស់លោកស៊ូ នាងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។ ក្នុងលិខិតនេះបានបញ្ជាក់យ៉ាងច្បាស់ៗណាស់ថាឡាននេះគឺប្រើសម្រាប់ធ្វើជាមធ្យោបាយដឹកជញ្ជូនផល អនុផលព្រៃឈើខុសច្បាប់ ហើយមានការធានាអះអាងពីអាជ្ញាធរភូមិ ឃុំ។
មកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ (កន្លងជិត៥ឆ្នាំ) ក្រោយពីប្រទះឃើញឡានដែលមានការធានាអះអាងថាជារបស់លោកស៊ូ នាង ក្នុងទ្រង់ទ្រាយជាឡានដឹកជញ្ជូនផល អនុផលព្រៃឈើដដែល (មានអក្សរA ទុកសម្រាប់អូស និងត្រើយឈើ) ខ្ញុំបាទ និងមន្ត្រីដែលបានចូលរួមជាមួយគ្នាក៏បានសន្និដ្ឋានបានថាឡាននេះគឺជាទុកសម្រាប់ដឹកជញ្ជូនឈើដដែល ក៏សម្រេចធ្វើកំណត់ហេតុដកហូតភ្លាមតែម្ដង។ ដោយឡែកក្រោយពីការទទួលបានការអន្តរាគមន៍ពីអាជ្ញាធរឃុំ ឈ្មោះពិន ឡៃ ដោយភ្ជាប់ជាមួយលិខិតស្នើសុំអន្តរាគមន៍ដោះលែងឡាននេះហើយ ឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ក៏បានសម្រេចចិត្តដោះលែងឡានមួយគ្រឿងនេះតែម្ដង។
ដោយសេចក្ដីខ្វាយខ្វល់ និងព្រួយបារម្ភជាខ្លាំងថាឡានមួយគ្រឿងនេះនឹងត្រូវបានយកទៅប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនផល អនុផលព្រៃឈើទៀត ខ្ញុំបាទបានធ្វើការទំនាក់ទំនងទៅឯកឧត្ដមកូយ កាន់យ៉ាភ្លាមដើម្បីស្នើសុំឲ្យធ្វើកិច្ចសន្យាជាមួយម្ចាស់ឡាន និងឲ្យអាជ្ញាធរឃុំឈ្មោះពិន ឡៃធានាអះអាងថា ក្រោយពីដោះលែងឡាននេះវិញ ម្ចាស់ឡានមិនត្រូវយកទៅប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនឈើបន្តទៀតជាដាច់ខាត តែអាជ្ញាធរឃុំមិនហ៊ានធានា ហើយបានលើកឡើងថាហេតុអ្វីបានជាព្រះរាជអាជ្ញាររងដាក់សម្ពាធឲ្យគាត់ខ្លាំងយ៉ាងនេះ? ក្រោយពីអាជ្ញាធរឃុំបដិសេធក្នុងការធានា ឡាននេះនៅតែត្រូវបានប្រគល់ជូនទៅម្ចាស់ឈ្មោះស៊ូ នាងដដែល។
ហេតុដូចនេះហើយបានជាធ្វើឲ្យយើងខ្ញុំជាអ្នកស្រលាញ់ធនធានធម្មជាតិកើតការខកចិត្ត និងការព្រួយបារម្ភថាឡាននេះនឹងអាចយកទៅធ្វើការដឹកជញ្ជូនឈើខុសច្បាប់បន្តទៀត។
បើការលើកឡើងតាមបណ្ដាញសង្គមទំនាក់ទំនងនេះធ្វើឲ្យមានការប៉ះពាល់ដល់ស្ថាប័នអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ខ្ញុំបាទតាន់ គឹមសួរសូមលើកម្រាមដៃដប់សម្ដែងនូវការសូមអភ័យទោស និងសូមយោគយល់ អធ្យាស្រ័យ🙏🙏🙏
ជាចុងក្រោយ ខ្ញុំបាទសូមឆ្លៀតឱកាសនេះសួរនាំអំពីករណីឧក្រិដ្ឋកម្មព្រៃឈើរបស់លោកកោះ សំភីហៅតា ហ៊យ តើសំណុំរឿងនេះដំណើរការដល់ណាហើយ? មកដល់ឥលូវនេះចូលជិតកន្លះឆ្នាំហើយ នៅមិនទាន់អាចឃាត់ខ្លួនតា ហ៊យបានទៀត តើមកពីមូលហេតុអ្វីដែរ? ហើយប្រហែលជាពេលណាដែរទើបអាចចាប់ខ្លួនតា ហ៊យយកមកដាក់ទោសតាមផ្លូវច្បាប់បាន? សូមសាលាដំបូងខេត្តពោធិ៍សាត់ជួយបំភ្លឺដោយក្ដីអនុគ្រោះជាទីបំផុត🙏🙏🙏
k
0 Comments:
Post a Comment