ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
ខេត្តព្រះវិហារ ÷ ក្រុមហ៊ុន សុវណ្ណភូមិវិនិយោគ កសិ-ឧស្សាហកម្ម គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលទទួលបានការអនុញ្ញាតផ្តល់ដីសម្បទានសេដ្ឋកិច្ច ពីរាជរដ្ឋាភិបាលភិបាលសម្រាប់ធ្វើការវិនិយោគ ដាំដុះលើគ្រប់វិស័យ ដែលមានទីតាំងស្ថិតនៅឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។
ដោយយោងតាមដំណើរកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុនសុវណ្ណភូមិ វិនិយោគកសិ-ឧស្សាហកម្មនេះបានធ្វើការស្នើរសុំឈូសឆាយដីព្រៃក្នុងអនុតំបន់ VII. VIII. X សម្រាប់ធ្វើការដាំដុះ និងការពារដីរដ្ឋមិនឲ្យមានការកាប់ទន្ទ្រានយកដីនេះពីសំណាក់ជនខិលខូចយកធ្វើជាកម្មសិទ្ធ និងទទួលបានការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
- យោងតាមលិខិតលេខ០១២/២៣ ស.វ.ភ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ របស់ក្រុមហ៊ុនសុវណ្ណភូមិ កសិ-ឧស្សាហកម្ម
- ចំណាររបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខានិងនេសាទ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយតបតាមកម្មវត្ថុខាងលើក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានសម្រេចដូចខាងក្រោម:
១- អនុញ្ញាតជូនក្រុមហ៊ុន សុវណ្ណភូមិ វិនិយោគ កសិ-ឧស្សាហកម្មធ្វើការឈូសឆាយដីព្រៃក្នុងអនុតំបន់ VII. VIII. X នៃគម្រោងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ស្ថិតនៅឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ សម្រាប់ធ្វើការដាំដុះ និងការពារដីរដ្ឋមិនឲ្យមានការកាប់ទន្ទ្រានយកដីនេះពីសំណាក់ជនខិលខូចយកធ្វើជាកម្មសិទ្ធតាមសំណើរ។
២- ក្រុមហ៊ុនត្រូវអនុវត្តដូចខាងក្រោម:
- មុនពេលឈូសឆាយត្រូវសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដើម្បីធ្វើការកំណត់តំបន់ឈូសឆាយ ជៀសវាងប៉ះពាល់ទ្រនាប់ដងអូរ ព្រៃរក្សាទុក និងផ្ទៃដីប្រជាពលរដ្ឋ។
- ក្នុងពេលឈូសឆាយត្រូវបិទ LOGO លើគ្រឿងចក្រ-យានយន្ត និងត្រូវអនុវត្តវិធានការបច្ចេកទេសជាធរមាន ដោយមានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារ ធ្វើការតាមដានលើដំណើរការនៃការឈូសឆាយរបស់ក្រុមហ៊ុន។
- ត្រូវធ្វើការឈូសឆាយក្នុងមួយអនុតំបន់ម្តង ហើយត្រូវធ្វើការដាំដុះភ្លាម ក្រោយពេលឈូសឆាយរួច ជៀសវាងទុកដីទំនេរចោល ធ្វើអោយហូរច្រោះដី និងត្រូវរាយការណ៍លទ្ធផលនៃការដាំដុះទៅក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីធ្វើការណែនាំ
-ក្នុងករណីដែលធ្វើការវាស់វែងផលអនុផលព្រៃឈើ ជាក់ស្ដែងលើសពីបរិមាណដែលមានក្នុងសារពើភ័ណ្ឌប៉ាន់ស្មានធនធានព្រៃឈើ ក្រុមហ៊ុនត្រូវស្នើសុំធ្វើការសម្រេចពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងមិនអាចដកប្រាក់ដែលបានបង់វិញនោះទេ ករណីមិនគ្រប់តាមបរិមាណ ដែលមានក្នុងលទ្ធផលប៉ាន់ស្មានធនធានព្រៃឈើ។
៣- ក្រុមហ៊ុនត្រូវដាក់បញ្ចូលអនុតំបន់ដែលបានអនុញ្ញាតឲ្យឈូសឆាយនេះ ដាក់ក្នុងផែនការមេនៃគម្រោងវិនិយោគរបស់ក្រុមហ៊ុន។
ប៉ុន្តែបើយោងទៅតាមការអង្កេតពីសំណាក់មហាជន និងសកម្មជនដែលស្រឡាញ់ធនធានធម្មជាតិ បានឱ្យដឹងពីព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៤ថា បច្ចុប្បន្នក្រុមហ៊ុនសុវណ្ណភូមិវិនិយោគ កសិ-ឧស្សាហកម្ម កំពុងតែមានភាពមិនប្រក្រតី ដែលបានធ្វើសកម្មភាពផ្ទុយពីគោលការណ៍ច្បាប់ដែលបានស្នើសុំនិងបានអនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងនោះមានដូចជា
១- រាល់គ្រឿងចក្រដែលធ្វើសកម្មភាពឈូសឆាយដីព្រៃពុំមានបិទ LOGO ឬស្លាកសញ្ញាសម្គាល់ពីក្រុមហ៊ុនឡើយ
២- ចំពោះដីចំណីអូរ ក្រុមហ៊ុនបានធ្វើការឈូសឆាយខ្ទេចខ្ទីគ្មានសល់
៣- ក្រុមហ៊ុនបានធ្វើការឈូសឆាយលើសព្រំដែនរបស់ខ្លួន ដោយចូលទៅដីព្រៃក្នុងតំបន់អភិរក្សបឹងពែររាប់សិបហិកតា
-ប្រភពដដែលបន្តថានេះគឺជាទង្វើមួយ ដែលសបញ្ជាក់ឲ្យឃើញថាក្រុមហ៊ុនសុវណ្ណភូមិវិនិយោគ កសិ-ឧស្សាហកម្ម ហាក់រំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើធនធានធម្មជាតិ ពិសេសមិនគោរពច្បាប់ដែលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឱ្យក្រុមហ៊ុនអនុវត្តនិងធ្វើតាមនោះឡើយ។
ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិរង់ចាំមើលថាតើក្រុមហ៊ុនសុវណ្ណភូមិវិនិយោគ កសិ-ឧស្សាហកម្មដែលមានទីតាំងស្ថិតនៅឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ តែកំពុងតែប្រព្រឹត្តសកម្មភាពរំលោភបំពានទៅលើធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋ ហ្នឹងមិនគោរពទៅតាមគោលការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទខាងលើនេះ អាចផុតពីសំណាញ់ច្បាប់ដែរឬយ៉ាងណា?
បើទោះជាយ៉ាងនេះក្តីប្រជាសហគមន៍និងប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិគោរពស្នើសុំដល់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តព្រះវិហារ ពិសេសគោរពស្នើសុំដល់ឯកឧត្តម ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាទានចាត់កម្លាំងក្រោមឱវាទ ចុះធ្វើអធិការកិច្ច និងមានវិធានការចាត់ការទៅលើក្រុមហ៊ុន ខាងលើនេះទៅតាមច្បាប់ផងទាន!
អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាមួយឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំទទួលធ្វើការបកស្រាយពីគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងម៉ោងធ្វើការតាមរបបស្ដីពីអ្នកសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាសូមអរគុណ៕
0 Comments:
Post a Comment