ភ្នំពេញ ÷ ទីតាំងអាគារមួយកន្លែងស្ថិតនៅផ្លូវ១២១០៣ មហាវិថីមិត្តភាពភ្នំពេញហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សង្ស័យថាជាទីតាំងបង្កប់ល្បែងតាមប្រព័ន្ធអនឡាញ ខណៈមានជនជាតិចិន ខ្មែរចេញចូលទាំងយប់ ទាំងថ្ងៃ ដូចគេហែរកឋិន ដោយមានសន្តិសុខឈរចាំយាមយ៉ាងតឹងរឹងចេញចូលត្រូវពាក់កាតសំគាល់ខ្លួន ហាក់ដូចជាមានអ្វីលាក់បាំងនៅក្នុងនោះ។
ប្រភពពីអ្នកលក់ដូរនៅក្បែរនោះបានបង្ហើបប្រាប់អង្គភាពយើងថា ទីតាំងខាងលើនេះគឺជាកន្លែងបង្កប់ល្បែងអនឡាញរបស់ជនជាតិចិន ដោយមើលពីខាងក្រៅមិនដឹងនោះទេហាក់បីដូចជាបន្ទប់ជួល តែខាងក្នុងវិញគឺជាកន្លែងល្បែងសុីសងតាមអនឡាញសោះ ដោយកុំព្យូទ័ររាប់សិបគ្រឿង និងមានបុគ្គលិកបំរើការ២៤ម៉ោង លើ២៤ម៉ោង។
គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស អោយអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងសងគ្រប់ប្រភេទ មិនថាលេងផ្ទាល់ រឺលេងតាមប្រព័ន្ធអនឡាញ។
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋគោរពស្នើរសុំដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាទានចាត់កម្លាំងក្រោមឪវាទចុះត្រួតពិនិត្យទីតាំងអាគារ ដែលមហាជនថាជាកន្លែងល្បែងសុីសងអនឡាញខាងលើនេះផងទាន ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងដើម្បីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង០៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃ សូមអរគុណ៕
0 Comments:
Post a Comment