ខេត្តកំពង់ធំ ÷ ប្រិយមិត្តជាទីគោរពរាប់អាន វិនាសកម្មព្រៃឈើភូមិសាស្ត្រព្រៃឡង់នៃខេត្តកំពង់ធំ មិនមែនជារឿងថ្មីនោះទេ! តែជារឿងដដែលៗកើតមានរាប់ឆ្នាំមកហើយ ខណៈក្រុមឈ្មួញទុច្ចរិតមួយក្តាប់តូចនៅតែបន្តលបលួចធ្វើសកម្មភាពចូលទៅកាប់និងដឹកជញ្ជូនផលអនុផលព្តៃឈើយ៉ាងគំហ៊ុក បើទោះបីជាមានការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាលនិងសំណាក់ថ្នាក់ដឹកនាំក្នុងខេត្តដែលបានដាក់បទបញ្ជារ អោយអាជ្ញាធរ សម្ថកិច្ច មន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន អង្គភាព ចូលរួមបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនព្រៃឡង់ដែលមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏យើងសង្កេតឃើញថាសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនានា នៅតែអាចដំណើរការបានយ៉ាងរលូនដដែល។ តើមកពីកត្តាអ្វីអោយប្រាកដទៅ?
យោងតាមប្រភពព័ត៌មានបានលើកឡើងថាប៉ុន្មានថ្ងៃចុងក្រោយនៃខែវិច្ឆកា ឆ្នាំ២០២៤នេះ យើងសង្កេតឃើញថាមានសកម្មភាពការដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទក្រាក់កកោះមូលប្រវែង៤ទៅ៦ម៉ែត ដែលមានមុខកាត់ ៣០.៤០.៥០សង់ទីម៉ែត និងគ្រឿងផ្ទះ (ឈន) ដឹកចេញពីភូមិរ៉ងខ្នាយ+ត្រពាំងត្រឡាច ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ជារៀងរាល់យប់ដោយប្រើមធ្យោបាយដឹកជញ្ជូនមានដូចជារថយន្តសាំងយ៉ុងកែឆ្នៃ និងគោយន្តកន្ត្រៃ ។ល។ ដោយការដឹកជញ្ជូនទាំងនេះបានបើកកាត់ស្នាក់ការរដ្ឋបាលព្រៃឈើទំរីងទាំងសង្កាត់នឹងផ្នែក រួចបន្តកាត់តាមស្នាក់ការរដ្ឋបាលព្រៃឈើចំនួន០៣ទៀតនៃឃុំបឹងល្វា ស្រុកសន្ទុក ក្នុងនោះមានស្នាក់៤៤ ស្នាក់ការអូរតាព្រហ្ម ស្នាក់ការក្រយា។
ប្រជាសហគមន៍និងមហាជនមានការងឿងឆ្ងល់ជាខ្លាំងថា - តើសកម្មភាពការដឹកជញ្ជូនរាល់ផលអនុផលព្រៃឈើទាំងនេះអាចបើកឆ្លងកាត់ស្នាក់រដ្ឋបាលព្រៃឈើទាំងនេះបានដោយរបៀបណា? បើសំលេងគោយន្តកន្ត្រៃលាន់ឮដូចផ្គររន្ទះ កក្រើកផ្អើលអស់ព្រៃព្រឹក្សាល័ក្តាវល្លិ៍ទៅហើយ? រឺមួយក៏គោយន្តទាំងនោះចេះបំបាំងកាយ? រឺក៏គោយន្តទាំងនោះដាក់ច្រកក្នុងហោប៉ៅខោ ទើបអស់លោកមន្ត្រីជំនាញទាំងនោះមើលមិនឃើញស្តាប់មិនឮ? មួយវិញទៀត តើការដាក់ស្នាក់ការទាំងនេះដើម្បីអ្វី? រឺក៏ដាក់ស្នាក់ការដេកចាំយកផលលាភពីក្រុមឈ្មួញទាំងនោះទេដឹង?
ទាក់ទិនទៅនិងករណីនេះក្រុមការងារបានព្យាយាមទំនាក់ទំនងរាយការណ៍ជាច្រើនលើកច្រើនសារស្ទើរតែរាប់មិនអស់ទៅរដ្ឋបាលព្រៃឈើទំរីងទាំងសង្កាត់ទាំងផ្នែក តាមលេខទូរស័ព្ទផង 0889964444 លោក អៀ គឹមឈៀត នាយសង្កាត់ទំរីង 0977325078 លោក មុំ សុផលនាយផ្នែកសណ្តាន់ 0718221111 លោក សុន សៀងឡាយ នាយរងផ្នែកសណ្តាន់តាមប្រព័ន្ធតេលេក្រាមផង ពេលខ្លះខលមិនចូល ខ្លះចូលហើយមិនលើកទូរស័ព្ទ ផ្ញើរទាំងរូបភាព ផ្ញើរទាំងវីដេអូរ ប្រាប់ពីចំណុចទីតាំង ឡើងខ្ជិលទៅហើយ! ប៉ុន្តែនៅតែពុំមានចំណាត់ការទប់ស្កាត់ទាល់តែសោះ តើពេលណាទៅបានសមត្ថកិច្ចមន្ត្រីជំនាញលោកបើកយុទ្ធនាការក្នុងការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសដែលមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៅ? រឺមួយចាំដល់វិនាសអស់ទើបបង្ក្រាបមែនទេទាន?
ទោះបីជាយ៉ាងនេះក្តីប្រជាសហគមន៍និងប្រជាពលរដ្ឋនៅតែទទូចសំណូមពរហើយ សំណូមពរទៀត ទៅដល់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន គ្រប់អង្គភាព និងគោរពស្នើសុំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ធំទាំងមូល ពិសេសឯកឧត្តមអភិបាលខេត្ត ឯកឧត្តមព្រះរាជអាជ្ញា ឯកឧត្តមកងរាជអាវុធហត្ថ ឯកឧត្តមស្នងការ មេត្តាទានជួយចាត់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យសម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅចំណុចទីតាំងខាងលើនេះផងទាន ។
អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាព្រាបនាំសារនិងជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាទាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាមួយឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
0 Comments:
Post a Comment