ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤
ខេត្តកណ្តាល ÷ មានសេចក្តីរាយការណ៍មកថាមានទីតាំងដាក់យ៉ របាំងធ្នស់បិទព្រែកមួយកន្លែង ស្ថិតនៅភូមិទួលឃ្លាំង ក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល បាននិងកំពុងតែធ្វើសកម្មភាពដាក់យ៉រ របាំងធ្នស់កាត់ព្រែក ចាប់យកផលត្រីដែលជាធនធានធម្មជាតិរបស់រដ្ឋយ៉ាងអនាធិបតេយ្យខណៈអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកកោះធំរក្សាភាពស្ងៀមស្ងាត់ សម្តែងធ្វើដូចគ្មានអ្វីកើតឡើងទាល់តែសោះ។
យោងតាមច្បាប់ អនុក្រឹត្យលេខ ៣៥ អនក្រ ប ក ចុះថ្ងៃទី ៥ ខែមីនាឆ្នាំ ២០១២ស្តីពីការរំសាយឡូនេសាទក្នុងខេត្តកណ្ដាល កំពង់ចាម ព្រៃវែងនិងតាកែវនិងរៀបចំជាកន្លែងអភិរក្សជលផល លើកលែងតែកន្លងដាយត្រី ដាយបង្កងនិងដាយត្រីលិញ ឡូត៍នេសាទទាំងអស់ក្នុងខេត្តកណ្ដាល កំពង់ចាម តាកែវនិងព្រៃវែងត្រូវបានរំសាយជាកន្លែងនេសាទបំរុងចាប់ពីថ្ងៃទី ១០ខែមេសាឆ្នាំ ២០១២ តទៅដើម្បីប្រគល់ជូនប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារនិងមួយផ្នែកទៀតរៀបចំជាកន្លែងអភិរក្សជលផល។
ដោយឡែកនៅថ្ងៃទី១៣ ខែកញា ឆ្នាំ២០១៣ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានដាក់សំណើសុំគោលការណ៍អនុញ្ញាតជូនសហគមន៍នេសាទស្ថិតនៅជាប់ព្រំដែនកម្ពុជាវៀតណាមក្នុងភូមិសាស្ត្រខេត្តតាកែវកណ្ដាលនិងខេត្តព្រៃវែងធ្វើនេសាទសាកល្បងដោយឧបករណ៍នេសាទបោះរបាំងធ្នស់និងឧបករណ៍នេសាទដាយ។ មាត្រា៥ ចំពោះសហគមន៍នេសាទដែលមានកន្លែងនេសាទនៅជាប់ព្រំប្រទល់ប្រទេសវៀតណាមត្រូវបានអនុញ្ញាតឱ្យបោះរបាំងធ្នស់ចាប់ត្រីប៉ុន្តែហាមដាច់ខាតមិនឲ្យជនណាមួយហួងហែងយកទៅលក់ឬជួលឱ្យឯកជនធ្វើអាជីវកម្មផ្ដាច់មុខឡើយទីតាំងនិងទំហំនៃធ្នស់ត្រូវកំណត់ក្នុងកិច្ចព្រមព្រៀងកន្លែងនេសាទសហគមន៍។
ក្នុងនោះដែរសហគមន៍មួយមានឈ្មោះពាមឃ្លាំង រឺហៅថាឡូលេខ០៧ បានស្នើសុំទៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាលដើម្បីធ្វើការដាក់របាំងធ្នស់ ដែលស្ថិតនៅភូមិទួលឃ្លាំង ឃុំលើកដែក ស្រុកកោះធំ ដែលមានឈ្មោះ ហង់ ម៉ុន ជាតំណាងសហគមន៍ពាមឃ្លាំង រហូតដល់ឆ្នាំ២០២៣នេះ។
ដោយឡែកនាពេលថ្មីៗនេះស្រាប់តែបែកធ្លាយថាសហគមន៍ពាមឃ្លាំង ដែលមានលោក ហង់ ម៉ុន ជាប្រធានបានផុតអាណត្តិក្នុងគ្រប់គ្រងឡូសហគមន៍នេសាទពាមឃ្លាំង( លេខ០៧) ទៅហើយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ក្នុងនោះដែរក៏មានប្រជាពលរដ្ធប្រមាណជា៦០០នាក់ក្នុងឃុំលើកដែកបានផ្តិតមេដាយស្នើរសុំអោយមានការបោះឆ្នោត ជ្រើសរើសតំណាងសហគមន៍ពាមឃ្លាំងសារជាថ្មី កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ប៉ុន្តែទាំងលោក មេឃុំ ទាំងអភិបាលស្រុក ព្រមទាំងមន្ទីកសិកម្មខេត្តកណ្តាល ហាក់គ្មានវិធានការណ៍អើរពើរនិងសំណើររបស់ប្រជាពលរដ្ឋក្នុងឃុំលើកដែក ស្រុកកោះធំទាល់តែសោះ តើនេះមកពីកក្តាអ្វីអោយប្រាកដទៅទាន?
ប្រភពពីមជ្ឈដ្ឋានប្រជាពលរដ្ឋក្នុងឃុំលើកដែកបានបញ្ជាក់ប្រាប់អង្គភាពយើងថា ចាប់តាំងពីពេលលោក ហង់ ម៉ុន បានឡើងជាប្រធានសហគមន៍ពាមឃ្លាំងពេលណាមក ចំពោះផលលាភដែលបានមកពីផលត្រី លោក ហង់ ម៉ុន និងបក្សពួកមិនដែលបានយកមកកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឃុំអ្វីបន្តិចសោះឡើយ ពោលគឺគិតតែពីផលប្រយោជន៍យកលុយដាក់ក្នុងហោប៉ៅខ្លួនតែប៉ុណ្ណោះ ចំណែកក្នុងឡូនេសាទវិញ គ្មានការអភិរក្ស ថែរក្សាការពារអ្វីនោះទេ។
ក្រុមការងារមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំបានទេដោយខលតាមលេទូរស័ព្ទ ០៩៧៨៩៩៩៩៩៥ ចូលជាច្រើនដងតែពុំមានអ្នកលើកទូរស័ព្ទ
- ចំណែក ទួន សុីម៉ូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាល ក្រុមការងារបានទំនាក់ទំនងតាមប្រព័ន្ធតេលេក្រាម លោករុញអោយសួរទៅលោក ហេង សុភារិទ្ធ នាយខណ្ឌជលផល
- រីឯលោក ហេង សុភារិទ្ធ នាយខណ្ឌជលផលខេត្តកណ្តាល បានឆ្លើយតាមតេលេក្រាមថា ចំពោះការងារនេះមិនមែនគាត់ទេ គឺស្ថិតនៅលើអាជ្ញាធរព្រោះគេដំណើរការសហគមន៍នេសាទ ហើយកុំអោយអ្នកសារព័ត៌មានជឿតាមប្រជាពលរដ្ឋ។
ទាក់ទិនទៅនិងករណីខាងលើនេះប្រជាពលរដ្ឋហាក់មានចង្ងល់យ៉ាងក្រៃលែង ហេតុអ្វីបានជាអស់លោកអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធទាំងនោះ ហាក់គ្មានភាពទំនួលខុសត្រូវអ្វីបន្តិចសោះអញ្ចឹង មួយរុញទៅមួយគ្មានទីបញ្ចប់ យល់យ៉ាងណាឲ្យប្រាកដទៅទាន?
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងឃុំលើកដែក ស្រុកកោះធំ គោរពស្នើសុំឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលមេត្តាទានចាត់មន្ត្រីជំនាញចុះធ្វើអធិការកិច្ច ចំពោះការងារនៅចំណុចទីតាំងខាងលើដោយក្តីអនុគ្រោះ តើរឿងរ៉ាវនេះមានអ្វីលាក់បាំងអោយពិតប្រាកដទៅទាន! សូមអរគុណ៕
0 Comments:
Post a Comment