ចេញផ្សាយ ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣
ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ --
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាការប្រណាំងទូកងនៅមាត់ទន្លេឱ្យបានច្រើនកុះករ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដែលចាប់ផ្ដើម ពីថ្ងៃទី២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នោះ។
នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា អបអរសាទរ និងសប្បាយរីករាយ ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២៣។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ប្រារព្ធឡើងមានរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្ដេចតេជោបន្តថា ថ្ងៃទី២៦ វិច្ឆិកានេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាការប្រណាំងទូក ង នៅមាត់ទន្លេឱ្យបានច្រើនកុះករ ឬ ទិញទំនិញតាមស្តង់តាំង ពិព័រណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ ដែលមានប្រគំជូននៅតាមសួនសាធារណៈផងដែរ។
សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា៖ «ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំ បែប នេះបានបើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ។ សូមជូនពរបងប្អូន រីករាយជួបជុំក្រុមគ្រួសារ ក្នុងឱកាស ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ»។
គួរបញ្ជាក់ដែរថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ មានទូកមកពីបណ្ដាខេត្ត រាជធានី ចូលរួមប្រកួត ចំនួន ៣៣៨ ទូក និងមានប្រទីបចំនួន៣០ មកពីបណ្ដាស្ថាប័នរដ្ឋ និងវិស័យឯកជន ចូលរួមបណ្ដែតនៅតាមដង ទន្លេសាប ពីត្បូង ទៅជើង ខាងមុខព្រះបរមរាជវាំងផងដែរ។
បើតាមកម្មវិធីដែលបានគ្រោងទុក នារាត្រីថ្ងៃដដែលនេះដែរ ក៏មានសិល្បៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្ដែងជូនប្រជារាស្ត្រទស្សនាកម្សាន្តនៅតាមទីសាធារណៈដែលបានកំណត់មួយចំនួន៕
0 Comments:
Post a Comment