ផ្សាយចេញថ្ងៃទី០៧.១១.២០២៣
ខេត្តពោធិ៍សាត់ ÷ ពិតជាមានឥទ្ធិពលខ្លាំងមែន និងមានឈ្មោះល្បីដូចគេនិយាយមិនដាច់ពីមាត់ អ្នកស្រី សន វណ្ណី ឈ្មួញលៀសប្រចាំស្រុកក្រគរ កំពុងតែពង្វក់ស្មារតី មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលជលផល លោក ភិន សុវណ្ណា និងមន្ត្រីគ្រាប់ល្ពៅមួយក្តាប់តូច ដែលមានតួនាទីជាអ្នកការពារធនធានធម្មជាតិ តែបែជាសំងំឈឹងដូចចោរលួចសេះ។
បើទោះបីជាមានសេចក្តីរាយការណ៍ ជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ ក៏អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ពិសេសរដ្ឋបាលជលផល នៅតែពុំមានចំណាត់ការទប់ស្កាប់ និងបង្ក្រាបទាល់តែសោះ ពោលគឺ រឹតតែបណ្តែតបណ្តោយបើកដៃអោយក្រុមឈ្មួញ ធ្វើសកម្មភាពបទល្មើសយ៉ាងគឃ្លើនទៅវិញ។
នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះគេនៅតែប្រទះឃើញរថយន្តជាច្រើនគ្រឿងរបស់ឈ្មួញជើងខ្លាំងខាងបំផ្លាញធនធានធម្មជាតិ ឈ្មោះ សន វណ្ណី នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនលៀស យ៉ាងគំហុក ចេញពីចំណុចកំពង់ឃ្នាស ភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ រាប់សិបតោនក្នុងមួយថ្ងៃៗ ដោយគ្មានការរំខានដល់ភ្នែក និងត្រជៀក មន្ត្រីជំនាញពាក់ព័ន្ធឡើយ។
ក្រុមអ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោក លោក ភិន សុវណ្ណា តាមរយៈទូរស័ព្ទ លោកបានមានប្រសាសន៍ថា ចាំអោយក្រុមការងារទៅត្រួតពិនិត្យ និយាយតែប៉ុណ្ណឹងបិតទូរស័ព្ទស្ងាត់សូន្យ គ្មានឃើញអ្នកណាមកអើតទាល់តែសោះ រឺមួយគ្រាន់តែជាលេសឆ្លើយដោះសារយករួចខ្លួនតែប៉ុណ្ណោះ។
ចំណែកឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅពេលក្រុមអ្នកសារព័ត៌មានបានរាយការណ៍ពីករណី ដឹកជញ្ជូនលៀស នៅចំនុចទីតាំងខាងលើ ស្រាប់តែឯកឧត្តមមានប្រសាសន៍ថា "ការងារដឹកជញ្ជូនលៀសនេះ ស្ថិតនៅលើជំនាញ មិនមែនក្នុងនាមលោកជាចៅហ្វាយខេត្ត ចេះដឹងគ្រប់រឿងនោះទេ ស្រេចលើជំនាញគេទេ" ឯកឧត្តមបន្តថា លោកនិងត្រៀមចាត់ការចំពោះអ្នកសារព័ត៌មានដែលដើរទារលុយគេមិនបាន សូមប្រុងប្រយ័ត្ន។
ប្រជាពលរដ្ឋនឹកហួសចិត្តឥតឧបមា នៅពេលដែលរាយការណ៍ទៅអភិបាលខេត្ត ពុំមានវិធានការទប់ស្កាត់បទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បែរជាគំរាមចាប់អ្នកសារព័ត៌មានទៅវិញ។
ប្រជាពលរដ្ឋគោរពស្នើរសុំដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ពិសេសគោរពស្នើរសុំដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ មេត្តាទានមានចំណាត់ការទប់ស្កាត់ ដាក់មន្ត្រីក្រោមឱវាទជួយត្រួតពិនិត្យ ករណីខាងលើនេះផង
ទាន សូមអរគុណ៕
0 Comments:
Post a Comment