ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤
ខេត្តកណ្ដាល ÷ ធនធានធម្មជាតិ និងជីវចម្រុះពិសេសកូនមច្ឆាជាតិដែលរស់នៅក្នុងទឹក នារដូវបិទនេសាទនេះ ត្រូវបានវិនាស អន្តរាយយ៉ាងគំហុក ដោយសារតែមានការត្រូវរ៉ូវគ្នា និងឃុបឃិតគ្នាជាប្រព័ន្ធ រវាងជនទុច្ចរិត និងមន្ត្រីគ្រាប់ល្ពៅស្ងោរ មួយក្តាប់តូចដែលបានបណ្តែតបណ្ដោយ បើកដៃអោយក្រុមទុច្ចរិតមួយក្តាប់តូច ប្រកបរបរនេសាទខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្រេចតែចិត្ត។
ជាក់ស្ដែងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចបឹងធំ ចំណុចប្រសព្វឃុំខ្ពប និងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល របាំងស្បៃមុង សាច់ខៀវរាប់រយម៉ែត្រ និងរាប់សិបឡុក កំពុងតែដាក់ពង្រាយយ៉ាងអនាធិបតេយ្យ នៅលើផ្ទៃទឹក ក្នុងបឹងធំ បឹងលើ និងអាងយុវជន ក្នុងភូមិសាស្ត្រ ឃុំ ស្រុក ខាងលើ ដោយពុំដែលឃើញមានអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលជលផល ចុះធ្វើការទប់ស្កាត់និងបង្ក្រាបម្តងណាឡើយ បើទោះជាការដាក់របាំងស្បៃមុង សាច់ខៀវទាំងនេះ ស្ថិតក្នុងរដូវបិទនេសាទក៏ដោយ។
តាមការលើកឡើងពីមជ្ឈដ្ឋានប្រជាពលរដ្ឋ បានប្រាប់ដល់អង្គភាពយើងថា ជារៀងរាល់ឆ្នាំគេតែងតែឃើញការដាក់ឧបករណ៍របាំងស្បៃមុង សាច់ខៀវនេះ ចាប់ពីទឹកដំឡើងរហូតដល់ទឹកស្រក ភាគច្រើនជាជនជាតិវៀតណាម ដោយមានមេការ ១-២ នាក់ជាអ្នករត់ការនិងជាសម្របសម្រួល ព្រមទាំងសែនព្រេនជាមួយនិងមន្ត្រីជំនាញនៅក្នុងមូលដ្ឋាន និងស្រុក ជាថ្នូរទៅនិងការមិនចុះទប់ស្កាត់និងបង្ក្រាប ហើយផលនេសាទដែលបានពីការប្រកបរបរនេសាទខុសច្បាប់នោះ ត្រូវបានដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាម ដោយក្នុងមួយថ្ងៃៗរាប់តោនឯណោះ នេះជាមូលហេតុធ្វើអោយមច្ឆាជាតិ ពិសេសកូនត្រីតូចៗ ត្រូវបានវិនាសយ៉ាងគំហ៊ុក។
នៅរសៀលថ្ងៃខែឆ្នាំដដែល ក្រុមការងារបានទំនាក់ទំនងទៅលោក ទៀង ជលផលស្រុកស្អាងតាមរយៈលេខទូរស័ព្ទ ០៩៧៨៦៣៧៩៧៩ ដើម្បីរាយការណ៍ពីរបាំងនៅចំណុចទីតាំងខាងលើនេះ លោកបាននិយាយថាថ្ងៃនេះលោករវល់ជាប់វេន និងរវល់ផឹកសុីជួបជុំបងប្អូន ហើយស្អែកលោករវល់ប្រជុំ។
ចំណែក លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ក្រុមការងារបានផ្ញើររូបភាពវីដេអូ និងបានប្រាប់ពីចំណុចទីតាំង តាមរយៈប្រព័ន្ធតេលេក្រាម លោកបានត្រឹមចូលមើល ប៉ុន្តែមិនឆ្លើយតបអ្វីសោះ មូលហេតុនេះហើយបានជាប្រជាពលរដ្ឋហាក់អស់ក្តីសង្ឃឹមទៅនិងមន្ត្រីជំនាញ និងបានដាក់ការសង្ស័យថា (មាន់ស្រុកមិនអោយដៃ ធ្វើម្តេចមាន់ព្រៃហ៊ានចូល) រឺមួយកន្ទេលធំបន្លំដេក។
មូលហេតុនេះហើយទើបប្រជាពលរដ្ឋទទួលស្នើសុំដល់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាទានជួយចាត់កម្លាំងក្រោមឱវាទ ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទស្បៃមុង សាច់ចៀវរាប់រយម៉ែត្រខុសច្បាប់នារដូវបិទនេសាទ ត្រង់ចំណុចឃុំស្រុកខាងលើនេះផងទាន។
អង្គភាពសារព័ត៌មានយើងគ្រាន់តែជាព្រាបនាំសារ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញអង្គភាពសារព័ត៌យើងរងចាំបំភ្លឺ ពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
0 Comments:
Post a Comment