ខេត្តតាកែវ ÷ ល្បែងសុីសងមាន់ជល់តាមប្រព័ន្ធអនឡាញ មួយកន្លែង ក្នុងភូមិស្នួលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុងតែបើកលេង យ៉ាងអនាធិបតេយ្យ បើកដៃអោយក្រុមអ្នកញៀនល្បែង ពពាក់ពពូនចូលលេងយ៉ាងគំហ៊ុក ដោយឡែកអាជ្ញាធរ មន្ត្រីជំនាញក្នុងមូលដ្ឋាននោះ ពុំមានវិធានការទប់ស្កាត់និងបង្ក្រាបទាល់តែសោះ អ្វីដែលសំខាន់យើងសង្កេតឃើញថាសូម្បីតែលោកតាៗ ក៏ភ្លេចវត្ត ភ្លេចវ៉ាដែរ។
បើយោងតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បញ្ជារអោយ អភិបាលរាជធានី ខេត្ត ត្រូវបិទរាល់ល្បែងសុីសងទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
បើទោះជាមានបទបញ្ជា និងអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងនេះក្តី យើងសង្កេតឃើញថានៅក្នុងមូលដ្ឋាន ភូមិស្នួលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅតែបន្តការបើកលេងល្បែងភ្នាល់ដាក់លុយ តាមអនឡាញយ៉ាងគគ្រឹកគគ្រេង ដោយពុំមានការទប់ស្កាត់ ពីអាជ្ញាធរមូលដ្ឋាននៅទីនោះឡើយ! ដោយពុំដឹងថាអស់លោកទាំងនោះ មានដែលបានស្តាប់អនុសាសន៍របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីដែរឬទេ? រឺមួយធ្វើមិនឮ ទើបហ៊ានផ្គើនយ៉ាងដូច្នេះ។
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទូចស្នើសុំដល់លោកវីរៈសេនីឯក ឡេង ប៊ុនឡិង អធិការស្រុកព្រៃកប្បាស មេត្តាទានចាត់កម្លាំងក្រោមឱវាទត្រួតពិនិត្យ នៅចំណុចទីតាំងខាងលើនេះផងទាន ដើម្បីរក្សាបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង០៧ចំណុចរបស់រាជរដ្ឋាភិបាល សូមអរគុណ៕
0 Comments:
Post a Comment