ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤
ខេត្តកណ្ដាល ÷ ធនធានធម្មជាតិ និងជីវចម្រុះពិសេសកូនមច្ឆាជាតិដែលរស់នៅក្នុងទឹក តាំងពីរដូវបិទនេសាទរហូតដល់រដូវបើក ត្រូវបានវិនាស អន្តរាយយ៉ាងគំហុក ដោយសារតែមានការត្រូវរ៉ូវគ្នា និងឃុបឃិតគ្នាជាប្រព័ន្ធ រវាងជនទុច្ចរិត និងមន្ត្រីគ្រាប់ល្ពៅស្ងោរ មួយក្តាប់តូចដែលបានបណ្តែតបណ្ដោយ បើកដៃអោយក្រុមទុច្ចរិត ប្រកបរបរនេសាទខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្រេចតែចិត្ត។
ជាក់ស្ដែងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចព្រែកតាអុិន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល របាំងស្បៃមុង សាច់ខៀវរាប់រយម៉ែត្រ និងរាប់សិបឡុក កំពុងតែដាក់ពង្រាយយ៉ាងអនាធិបតេយ្យ នៅលើផ្ទៃទឹក និងក្នុងព្រែក ក្នុងភូមិសាស្ត្រ ឃុំ ស្រុក ខាងលើ ដោយពុំដែលឃើញមានអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលជលផល ចុះធ្វើការទប់ស្កាត់និងបង្ក្រាបម្តងណាឡើយ ។
តាមការលើកឡើងពីមជ្ឈដ្ឋានប្រជាពលរដ្ឋ បានប្រាប់ដល់អង្គភាពយើងថា ជារៀងរាល់ឆ្នាំគេតែងតែឃើញការដាក់ឧបករណ៍របាំងស្បៃមុង សាច់ខៀវនេះ ចាប់ពីទឹកដំឡើងរហូតដល់ទឹកស្រក ភាគច្រើនជាជនជាតិវៀតណាម ដោយមានមេការ ១-២ នាក់ជាអ្នករត់ការនិងជាសម្របសម្រួល ព្រមទាំងសែនព្រេនជាមួយនិងមន្ត្រីជំនាញនៅក្នុងមូលដ្ឋាន និងស្រុក ជាថ្នូរទៅនិងការមិនចុះទប់ស្កាត់និងបង្ក្រាប ហើយផលនេសាទដែលបានពីការប្រកបរបរនេសាទខុសច្បាប់នោះ ត្រូវបានដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាម ដោយក្នុងមួយថ្ងៃៗរាប់តោនឯណោះ នេះជាមូលហេតុធ្វើអោយមច្ឆាជាតិ ពិសេសកូនត្រីតូចៗ ត្រូវបានវិនាសយ៉ាងគំហ៊ុក។
ក្រុមការងារមិនអាចទំនាក់ទំនងទៅលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំដើម្បីរាយការណ៍និងសុំការបំភ្លឺ ពាក់ព័ន្ធទៅនិងការដាក់របាំងស្បៃមុង និងការដាក់ដៃបិទព្រែកតាអុិន នៅចំណុចទីតាំងខាងលើបានទេ ដោយពុំមានលេខទូរស័ព្ទ។
ចំណែកលោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ក្រុមការងារបានផ្ញើររូបភាពវីដេអូ និងបានរាយការណ៍ពីការដាក់របាំងស្បៃមុងខុសច្បាប់ក្នុងភូមិសាស្រ្តស្រុកកោះធំ តាមរយៈប្រព័ន្ធតេលេក្រាមជាច្រើនដង លោកបានត្រឹមចូលមើល ហើយថាចាំលោករកពេលចុះមក ប៉ុន្តែជាអកុសលចាប់តាំងពីពេលរាយការណ៍ក្នុងរដូវបិទ រហូតមកដល់រដូវបើក មិនដែលឃើញមានស្រមោលជំនាញណាម្នាក់ចុះមកធ្វើការទប់ស្កាត់និងបង្ក្រាបម្តងណាឡើយ មូលហេតុនេះហើយបានជាប្រជាពលរដ្ឋហាក់អស់ក្តីសង្ឃឹមទៅនិងមន្ត្រីជំនាញ និងបានដាក់ការសង្ស័យថា (មាន់ស្រុកមិនអោយដៃ ធ្វើម្តេចមាន់ព្រៃហ៊ានចូល) រឺមួយកន្ទេលធំបន្លំដេក។
ប្រជាពលរដ្ឋមានការស្ងើចសរសើរទៅដល់អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកកោះធំយ៉ាងក្រៃលែង ដែលបណ្តែតបណ្ដោយអោយមានបទល្មើសនេសាទខុសច្បាប់យ៉ាងពេញបន្ទុក តាំងពីរដូវបិទនេសាទ រហូតដល់រដូវបើកនេសាទ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
មជ្ឈដ្ឋានប្រជាពលរដ្ឋទទួលស្នើសុំដល់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាទានជួយចាត់កម្លាំងក្រោមឱវាទ ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទស្បៃមុង សាច់ខៀវរាប់រយម៉ែត្រខុសច្បាប់ ត្រង់ចំណុចឃុំស្រុកខាងលើនេះផងទាន។
អង្គភាពសារព័ត៌មានយើងគ្រាន់តែជាព្រាបនាំសារ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញអង្គភាពសារព័ត៌យើងរងចាំបំភ្លឺ ពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
0 Comments:
Post a Comment