ផ្សាយចេញពីក្រុងសំពៅពូន ១០,០៧,២០២៤
ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជានេសាទ ថាមានការដាក់របាំងស្បៃមុង (សាច់ខៀវ) នៅចំណុចព្រែកសណ្តែក ជើងគ្រួស ឃុំស្វាយអំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការចង្អុលបង្ហាញលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងដោយលោក កិក ហៃ ប្រធានសហគមន៍នេសាទស្វាយអំពារសែនជ័យ បានចុះរុះរើនិងបំផ្លាញ របាំងស្បៃមុង សាច់ខៀវ ប្រវែង១០០ម និងដោះលែងកូនត្រី ដែលជនល្មើសបានលបលួចដាក់នៅក្នុងរដូវហាមឃាត់។
នេះមិនមែនជាលើកទីមួយនោះទេ ដែលលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង និងកម្លាំងក្រោមឱវាទតែងតែធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនេសាទខុសច្បាប់ ដែលជនល្មើសតែតែលបលួច ធ្វើសកម្មភាពនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ក្នុងរដូវហាមឃាត់នេះ។
ជាចុងក្រោយលោកនាយខណ្ឌ បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសាបទាំងអស់ មេត្តាចូលរួមថែរក្សាការពារធនធានធម្មជាតិដែលរស់នៅក្នុងទឹក ដែលនៅសេសសល់អោយបានគង់វង្ស ព្រោះរដូវនេះជារដូវត្រីពងកូន កុំប្រកបរបរនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ៕
0 Comments:
Post a Comment