ផ្សាយចេញថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤
- ខេត្តកំពង់ធំ ÷ ដីព្រៃសហគមន៍អូរដាស់ស្គរ (ព្រៃឡង់)រាប់សិបហិកតាដែលស្ថិតនៅចំណុច អូរតាឡង់តៃ អូរដាស់ស្គរ ភូមិសំអោង ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានរងនូវការកាប់ទន្ទ្រានយ៉ាងអនាធិបតេយ្យ យកមកធ្វើជាកម្មសិទ្ធិ ដោយមិនដឹងថាអាជ្ញាធរនិងមន្ត្រីជំនាញពាក់ពន្ធ័ក្នុងមូលដ្ឋានបានជ្រាប និងសើមដែររឺទេ?
- ជាក់ស្តែងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍មកថា នៅចំណុចភូមិសាស្ត្រ (យាមកាម UTM 48P 553247 1442058)ព្រៃសហគមន៍អូរដាស់ស្គរ ស្ថិតនៅភូមិសំអោង ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានកាប់ទន្ទ្រានយ៉ាងគគ្រឹក ដែលមានមេការម្នាក់ជាអ្នករត់ការ ដល់មន្ត្រីជំនាញពាក់ព័ន្ធ នៅក្នុងមូលដ្ឋានរួចរាល់ ទើបពុំមានការរាំងស្ទះក្នុងការធ្វើសកម្មភាពកាប់បំផ្លាញព្រៃយ៉ាងអនាធិបតេយ្យនេះ។
- ប្រភពដដែលបន្តថា ចំពោះការកាប់ទន្ទ្រានដីព្រៃសហគមន៍អូរដាស់ស្គរខាងលើនេះ បានប្រព្រឹត្តទៅជាច្រើនថ្ងៃ ដោយមានរណាយន្តជាច្រើនគ្រឿង បានធ្វើសកម្មភាពកាប់ កាត់ផ្តួលរំលំ សំលេងរណាលាន់ឮកងរំពងពេញព្រៃ ផ្អើលអស់ព្រៃព្រឹក្សា សត្វតូចធំរត់ចែកជើងគ្នា ប្រាសយកអាយុរៀងខ្លួន ប៉ុន្តែនៅតែមិនរំខានដល់ត្រជៀក មន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ឡើយ ។
- ក្រោយបានទទួលបាននូវសេចក្តីរាយការណ៍នេះក្រុមការងារបានព្យាយាមសាកសួររកលេខលោក ហៀប ធាង ប្រធានព្រៃសហគមន៍អូដាស់ស្គរដើម្បីសុំការបកស្រាយបំភ្លឺពីករណីខាងលើនេះ តែមិនអាចទាក់ទងបានទេ ដោយពុំមានលេខទំនាក់ទំនង។
- ចំណែកលោក ឃិន វណ្ណៈ នាយរងផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ បានរៀបរាប់តាមរយ:ទូរស័ព្ទថា ចំពោះករណីខាងលើនេះរូបលោកនិងក្រុមការងារបានកំណត់គោលដៅ និងកំពុងតែតាមរកមុខសញ្ញាជនបង្ក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
- ប្រជាសហគមន៍សំណូមពរដល់អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តកំពង់ធំ មេត្តាវែកមុខរកមេក្លោងដែលហ៊ានបំផ្លាញសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ និងគោរពស្នើសុំដល់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ពិសេសឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាទានមានវិធានការ ចាត់កំលាំងក្រោមឱវាទ ស្រាវជ្រាវករណីខាងលើនេះផងទាន! បើនៅតែបណ្តុះបណ្តោយដូច្នេះ ធនធានធម្មជាតិរបស់រដ្ឋច្បាស់ជារលាយសាបសូន្យជាក់ជាពុំខានឡើយ ។
- អ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម បណ្ដាញអង្គភាពសារព័ត៍មានយើងខ្ញុំ រងចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
0 Comments:
Post a Comment