ខេត្តព្រះវិហារ ÷ "ផ្លូវ" គឺជាចរន្តសសៃឈាមដ៏សំខាន់សម្រាប់មនុស្ស សត្វ គ្រប់រូបធ្វើដំណើរទៅបំពេញការងារផ្សេងៗ ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃរៀងៗខ្លួន មួយអន្លើនាពេលបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំស្វះស្វែងរិះរកគ្រប់មធ្យោបាយ កសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម ពិសេសផ្លូវថ្នល់ធ្វើយ៉ាងណាបំពេញតម្រូវការចាំបាច់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋទូទាំងប្រទេស។
ដោយឡែកនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅ ភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ បានប្រាប់អង្គភាពសារព័ត៌មានយើងថា នៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៧.០០នាទីល្ងាច មានជនមិនស្គាល់មុខមួយក្រុមបានយកគ្រឿងចក្រអេស្កាពណ៌លឿង ចំនួន០១គ្រឿង ទៅកាយផ្លូវផ្តាច់ពីគ្មា ចំនួនពីរកន្លែង ដែលផ្លូវមួយខ្សែនេះបានតភ្ជាប់ពីភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ទៅឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ ទាំងដែលផ្លូវមួយខ្សែនេះប្រជាពលរដ្ឋកំពុងតែធ្វើដំណើរ ទៅស្រែ ទៅចំការជារៀងរាល់ថ្ងៃ។
ប្រភពដដែលបន្តថា គ្រឿងចក្រដែលមេការម្នាក់បានយកទៅកាយផ្តាច់ផ្លូវមិនអោយអោយប្រជាពលរដ្ឋធ្វើដំណើរនោះ គឺជាគ្រឿងចក្ររបស់ក្រុមហ៊ុន (រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី សានតាណា អាហ្រ្គោ ប្រដាក់ ឯ.ក) ដោយមិនដឹងថាមាន មានចេតនា និងបំណងអ្វីឲ្យពិតប្រាកដនោះទេ ពោលគឺមកលួចកាយទាំងយប់ ប្រៀបបានទៅនិងចោរលួចមានអ្នកស្រុកអញ្ចឹងដែរ បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើនគ្រួសារបានតវ៉ាប្រតិបត្តិកម្ម មិនឲ្យកាយ ក៏បើកគ្រឿងចក្រចូលទៅក្នុងក្រុមហ៊ុនបាត់ទៅ។
បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាមក្រុមការងារបានចុះទៅដល់ទីតាំង ថតផ្តិតយករូបភាព ឃើញថាមានការកាយផ្តាច់ផ្លូវពិតប្រាកដមែន ភ្លាមនោះក្រុមការងារបានទំនាក់ទំនងទៅលោក ផារី មេឃុំរមណីយ ដើម្បីសាកសួរនិងរាយការណ៍ពីករណីនេះ លោកមេឃុំបានប្រាប់ថា ចំពោះការងារលោកនិងក្រុមការងារបានចុះមកពិនិត្យរួចហើយនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈនេះ ឃើញថាមានការកាត់ផ្តាច់ផ្លូវមែន ប៉ុន្តែលោកមិនបានដឹងថាគ្រឿងចក្រនោះជារបស់អ្នកណា និងក្រុមហ៊ុនណានោះទេ លោក ផារីមេឃុំរមណីយ បានបន្ថែមថា ចំពោះការងារនេះលោកបានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើរួចហើយ។
ក្រុមការងារមិនអាចទំនាក់ទំនងទៅក្រុមហ៊ុន (រោងចក្រកែឆ្នៃគ្រាប់ស្វាយចន្ទី សានតាណា អាហ្រ្គោ ប្រដាក់ ឯ.ក) ដើម្បីសុំការសាកសួរបាននោះទេចំពោះករណីនេះ ដោយពុំមានលេខទូរស័ព្ទ ចំណែកលោក ហោ ប៊ុនហួរ អភិបាលស្រុករៀង ក្រុមការងារក៏មិនអាចសុំការទំនាក់ទំនងរាយការណ៍ពីករណីខាងលើនេះបានដែរ ដោយពុំមានលេខទូរសព្ទ។
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិអូរពោធិ៍ ឃុំរមណីយ ទទូចស្នើសុំទៅដល់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តព្រះវិហារពិសេសឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារមេត្តាទាន មានវិធានការចាប់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យ នៅករណីគ្រឿងចក្រដែលជនអនាមឹក បានយកទៅកាយផ្ដាច់ផ្លូវ មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅស្រែចម្ការខាងលើនេះផងទាន សូមអរគុណ៕
0 Comments:
Post a Comment