ផ្សាយចេញថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣
ដោយឡែកនាពេលថ្មីៗនេះ ល្បែងសុីសងគ្រប់ប្រភេទពិសេសជល់មាន់តាមប្រព័ន្ធអេឡិចត្រូនិកហាក់កក្រើកផ្ទុះឡើងសារជាថ្មីក្នុងស្រុកកោះធំ ខេត្តកណ្តាល ពិសេសក្នុង ឃុំព្រែកស្តី តែម្តង។
ជាក់ស្តែងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ប្រភពរាយការណ៍មកថា ទីតាំងល្បែងភ្នាល់មាន់ជល់តាមប្រព័ន្ធអេឡិចត្រូនិច អនឡាញជាច្រើនកន្លែងក្នុងភូមិព្រែកចាន់ ផ្សារដើមអំពិល ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បាននិងកំពុងតែផ្លាស់ប្តូររូបរាងថ្មីប្លែក ទំនើបទាន់សម័យ ធ្លាប់តែលួចលេងតាមកញ្ចក់លែបថប តែក្នុងពេលបច្ចុប្បន្ន ចាក់តាមកញ្ចក់ទូរទស្សន៍យ៉ាងពេញទំហឹងនៅក្នុងមូលដ្ឋាន ផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល បើកលេងយ៉ាងអនាធិបតេយ្យដោយពុំឃើញមានការទប់ស្កាត់ពីអជ្ញាធរមានសមត្ថកិច្ចពិសេសលោកអធិការស្រុកតែម្តង។
តាមការរៀបរាប់ពីសំណាក់មេការគ្រប់គ្រងបនល្បែងទាំងនោះ បាននិយាយថា មុននិងពួកគេអាចបើកទីតាំងទាំងនេះបានគឺពួកគេបានរៀបចំតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ តាំងពីបុ៉ស្តិ៍ អធិការ រហូតដល់ស្នងការដ្ឋានរួចរាល់ហើយ គឺមិនអាចបោះសន្ទួចកន្លងភ្នំបាននោះឡើយ។
មហាជននៅក្នុងមូលដ្ឋានបានដាក់ការសង្ស័យថា ប្រហែលជាអស់លោកទាំងនោះត្រូវថ្នាំសណ្តំ ដូចពាក្យមេការទីតាំងបនល្បែងទាំងនោះនិយាយមែនហើយ បានជាពុំមានចំណាត់ការនិងទប់ស្កាត់បង្ក្រាបទាល់តែសោះ តើឯណាទៅភូមិឃុំមានសុវត្តិភាពទាំង៧ចំនុចរបស់រាជរដ្ឋាភិបាល? គ្រាន់តែចេះនិយាយ តែមិនអនុវត្តន៍។
ប្រជាពលរដ្ឋស្នើរសុំដល់លោកសុឹម ឃាង អធិការស្រុកកោះធំ ពិសេសឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មេត្តាចាត់វិធានការណ៍ចំពោះទីតាំងបនល្បែងខាងលើនេះផងទាន! ពីព្រោះមន្ត្រីដែលស្ថិតនៅក្រោមឱវាទមិនហានបង្ក្រាបនិងទប់ស្កាត់នុះទេ៕
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មាន យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
0 Comments:
Post a Comment