ខេត្តកណ្តាល ÷ ទីតាំងល្បែងស៊ីសងជល់មាន់ទ្រង់ទ្រាយធំមួយកន្លែង ដែលជ្រកក្រោមស្លាកយីហោ (ហ្គ្រេនដ្រាហ្គនរីសត) មិនដឹងថាជាកាស៊ីណូ រឺមួយក៏ក្រុមហ៊ុនអ្វីនោះទេ? ដោយទីតាំងនេះស្ថិតនៅជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
- តាមការលើកឡើងពីមជ្ឈដ្ឋានប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើបានរៀបរាប់ ប្រាប់អង្គភាពសារព័ត៍មាន (សង្គមបច្ចុប្បន្ន) យើងអោយដឹងថា ជារៀងរាល់ថ្ងៃទីតាំងខាងលើនេះ (ហ្គ្រេនដ្រាហ្គនរីសត) បាននឹងកំពុងបើកដៃអោយប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទីចូលមកលេងល្បែងសុីសង គ្រប់ប្រភេទ ពិសេសល្បែងមាន់ជល់ យ៉ាងគគ្រឹកគគ្រេង ដោយពុំឃើញមានអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ចុះធ្វើការទប់ស្កាត់និងបង្ក្រាបម្តងណាឡើយ។
- បើទោះបីជាប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេច មហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសឲ្យអភិបាលរាជធានីខេត្តទូទាំងប្រទេស បិទរាល់ល្បែងសុីសងគ្រប់ប្រភេទដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នាពេលកន្លងមកថ្មីៗនេះក៏ដោយ។
- បើយោងតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំលើកទី៥ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំពេញអង្គលើកទី៦ នីតិកាលទី៤ ត្រង់ជំពួកទី៧ ដែនកំណត់នៃការលេងល្បែង ផ្នែកទី១ ការរិតត្បិតពីការលេងល្បែង មាត្រា៦៨ = ការចូលលេងល្បែងក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវហាមឃាត់ដាច់ខាតចំពោះបុគ្គលដូចខាងក្រោម ÷
ក, បុគ្គលដែលត្រូវបានចាត់ទុកថាមានវិញបាត់ស្មារតី អសមត្ថភាពហិរញ្ញវត្ថុ រឺប្រកាសក្ស័យធនដោយតុលាការ។
ខ, បុគ្គលដែលស្ថិតនៅក្រោមឥទ្ធិពលគ្រឿងស្រវឹងរឺថ្នាំញៀន។
គ, បុគ្គលដែលយកមកនូវអាវុធគ្រប់ប្រភេទ។
ឃ, បុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ។
ង , ប្រជាពលរដ្ឋខ្មែរទូទៅ ដោយរួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិដោយការបោះឆ្នោត។
ទោះជាយ៉ាងណាជុំវិញករណីទីតាំងល្បែងសុីសងគ្រប់ប្រភេទ ដែលជ្រកក្រោមស្លាក (ហ្គ្រេនដ្រាហ្គនរីសត) នៅទីតាំងខាងលើនេះ មហាជន សំណូមពរដល់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធក្នុងក្រុងសំពៅពូន លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន ពិសេសគោរពស្នើរសុំដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យ ស្រាវជ្រាវ ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខាងលើនេះផងទាន!
ដើម្បីរក្សាបាននូវសេចក្តីសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដើម្បីរក្សាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង០៧ចំណុចរបស់រាជរដ្ឋាភិបាល សូមអរគុណ៕
0 Comments:
Post a Comment