ទីតាំងបូមខ្សាច់ជាច្រើនកន្លែង កំពុងតែបង្កភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ....
ខេត្តកំពង់ឆ្នាំង ÷ មានប្រភពរាយការណ៍មកថា មានទីតាំងការដ្ឋានបូមខ្សាច់គ្មានច្បាប់ជាច្រើនកន្លែងគ្មានស្លាកយីហោកំពុងតែធ្វើសកម្មភាពបូមខ្សាច់យ៉ាងអនាធិបតេយ្យ ដោយប្រើម៉ាសុីនបូមខ្សាច់ចេញពីក្នុងស្ទឹងតាំងពោធិ ក្នុងឃុំឈានឡើង និងឃុំ ពាម ស្រុកសាមគ្គីមានជ័យ យកទៅលក់តាមដេប៉ូនានាគ្មានគិតពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងអ្វីបន្តិចសោះឡើយ។
ជាក់ស្តែងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារអ្នកសារព័ត៌មានក៏បានចុះទៅដល់ទីតាំងខាងលើ ក៏ប្រទះឃើញពីសកម្មភាពកំពុងតែធ្វើការបូមខ្សាច់យ៉ាងរង្គាលគ្មានស្តង់ដារ បង្ហូរទឹកចូលស្ទឹងតាំងពោធិយ៉ាងអនាធិបតេយ្យ។
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងព្រែកពោធិបានលើកឡើងថា ពួកគាត់បាននាំគ្នាអាស្រ័យទឹកស្ទឹងនេះតាំងពីដូនតាមកម្លេះដើម្បីប្រើប្រាស់ប្រចាំថ្ងៃដូចជាដាំបាយ ស្ល ងូត និងស្រោចដំណាំ ប៉ុន្តែចាប់តាំងពីមានបុគ្គលមួយចំនួន ពិសេស ឈ្មោះ មោក និងឈ្មោះ ធូ ។ល។ បានយកម៉ាសុីនបូមខ្សាច់ បង្ហូរទឹកដែលបានពីការបូមខ្សាច់ចូលទៅក្នុងស្ទឹងវិញធ្វើអោយទឹក ល្អក់ខ្មួរ ស្អុយ ប្រើប្រាស់មិនកើតទាល់តែសោះ។
ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិតនៅទីតាំងបូខ្សាច់ខាងលើនេះផងទាន! ដើម្បីរក្សាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុចរបស់រាជរដ្ឋាភិបាល សូមអរគុណ៕
0 Comments:
Post a Comment