ភ្នំពេញ ÷ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជានៅក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលនឹងចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជាយើងនឹងចាប់ផ្ដើមនៅ
ថ្ងៃព្រហស្បតិ ទី១ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៤ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ២ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣។ខ្ញុំសូមផ្ញើជូននូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជាយើង។
ជាមួយគ្នានេះដែរ បន្ទាប់ពីបានខកខានរយៈពេល៣ឆ្នាំកន្លងមកដោយសារជំងឺកូវីដ-១៩ ឆ្នាំនេះរាជរដ្ឋាភិបាលនឹងរៀបចំឡេីងវិញ នូវពិធីជួបជុំពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន របស់សាសនិកឥស្លាមកម្ពុជា ថ្នាក់ជាតិលេីកទី៧ ឆ្នាំ២០២៣ ដែលមានការរៀបចំអ្នកចូលរួមប្រមាណជាង៦១០០នាក់។
ឆ្នាំនេះក៏មានមិត្តភក្ដិបរទេសបានមកចូលរួមក្នុងនិងក្រៅប្រទេសប្រមាណជាង ៥០០ នាក់ ពិសេស ឯកឧត្ដម Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី មកចូលរួមផងដែរ ។
ខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនខ្មែរឥស្លាមកម្ពុជាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ។ ទោះបីយេីងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ក៏ដោយ
ក៏ខ្ញុំសូមអំពាវនាវដល់បងប្អូន សុំបន្តការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយយើងមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហេស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ បើទោះជាមានការថមថយ ធូរស្រាលហើយក៏ដោយគឺត្រូវរួមគ្នាការពារជាប់ជានិច្ច ដោយសូមបងប្អូនបន្តអនុវត្តតាមវិធានការ ការពារ ខ្ញុំជាប់ជាប្រចាំឱ្យបានខ្ជាប់ខ្ជួន និងសូមអញ្ជើញបងប្អូនទៅចាក់វ៉ាក់សាំងដូសទី3-4-5និង ដូសទី 6 ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ដើម្បីបងប្អូន គ្រួសារបងប្អូន និងជាតិរបស់យើង ឱ្យបានគ្រប់ៗគ្នា៕
0 Comments:
Post a Comment