ឈ្មួញឈើដុះស្លែចាស់វស្សាប្រចាំស្រុកថាឡាបរិវ៉ាត់ ឈ្មោះ កៃ ទៅរៀនមន្តអាគមពីឋានណាមក បានជាពូកែម្លេះ? ប្រើសិល្ប៍អ្វីទើបអាចបំបាំងភ្នែកអជ្ញាធរមន្ត្រីជំនាញមិនអោយមើលឃើញពីសកម្មភាពដឹកជញ្ជួនផលអនុផលព្រៃឈើជារៀងរាល់ថ្ងៃរបស់ខ្លួនបាន....
ខេត្តស្ទឹងត្រែង ÷ ការប្រកបរបរចិញ្ចឹមជីវិតរបស់មនុស្សម្នាក់ៗ រមែងមានការខុសប្លែកផ្សេងៗគ្នា ខ្លះរកស៊ីត្រូវច្បាប់ ហើយខ្លះទៀតរកសុីខុសច្បាប់ ដោយឡែកដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថាកាលពីវេលាម៉ោង៨.២០យប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅចំនុចអូរទន្ទឹម២ ឃុំអូររៃ ស្រុកថ:ឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានគោយន្តកន្ត្រៃដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីព្រៃឡង់កាត់តាមឃុំចំការលើយកមកចែកចាយនៅទីរួមខេ្តស្ទឹងត្រែង ដែលគេស្គាល់ថាជារបស់ឈ្មួញឈើដុះស្លែចាស់វស្សាឈ្មោះ កៃ ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ក្រុមអ្នកសារព័ត៌មានក៏បានចុះទៅដល់ទីតាំងខាងលើក៏ប្រទះឃើញគោយន្តដឹកផលអនុផលព្រៃឈើ០១គ្រឿងផ្ទុកដោយឈើពេញនិងមានមនុស្ស០៤នាក់ជិះពីលើគោយន្តដឹកឈើនោះច្រៀងផង ហួចផងយ៉ាងរំភើយដោយគ្មានទាក់ភ្នែកសមត្ថកិច្ចណានោះឡើយ។ បន្ទាប់ពីឃើញសកម្មភាពនេះហើយក្រុមអ្នកសារព័ត៌មានក៏បានសាកសួរទៅអ្នកបើកបរគោយន្តកន្ត្រៃ ក៏បានប្រាប់ថាជារបស់បុគ្គលឈ្មោះ កៃ ពិតមែន រួចក៏បានទូរស័ព្ទទៅថៅកែរបស់ខ្លួន បន្ទាប់ពីបានរាយរ៉ាប់តាមរយ:ទូរស័ព្ទលោក កៃ ក៏បានបញ្ជាអោយកូនចៅបើកគោយន្តចេញទៅ ប៉ុន្តែអ្នកបើកបរគោយន្តបានទំលាក់ឈើចោលហើយក៏បើកគោយន្តចេញទៅទទេ។
ប្រមាណជា៥នាទីក្រោយមកស្រាប់តែឃើញបុរស២នាក់ ១ឈ្មោះ កៃ ជាឈ្មួញឈើ និងម្នាក់ទៀតឈ្មោះ លី ជាកូនចៅបានជិះម៉ូតូម៉ាក Honda dream ពណ៌ប្រផេះ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A 7205សេរីឆ្នាំ២០១៥ មករករឿងចង្អុលមុខស្ទុះមកកញ្ឆក់ទូរសព្ទនិងជេរប្រមាថអ្នកសារព័ត៌មាន រួចក៏ជិះម៉ូតូចេញទៅបាត់។
គួរបញ្ជាក់ផងដែរថាតាមប្រភពពត៍មានបានអោយដឹងទៀតថា ឈ្មួញឈើចាស់វស្សារូបបានធ្វើការដឹកជញ្ជូនផលអនុផលព្រៃឈើជាយូរឆ្នាំមកហើយ បើនិយាយពីផ្លូវវិញរូងដល់ចង្កេះទៅហើយ ដោយពុំឃើញមានមន្ត្រីជំនាញណាធ្វើការបង្ក្រាបនោះទេ ប្រហែលជាបុគ្គលឈ្មោះ កៃ រូបនេះចេះសិល្ប៍បំបាំងកាយជ្រែកដីហើយមើលទៅ។
ប្រជាពលរដ្ឋស្នើរសុំដល់លោក សន សារឿន អភិបាលនៃគណៈអភិបាលស្រុកថាឡាបរិវ៉ាត់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាចាត់វិធានការណ៍ក្តៅចំពោះបុគ្គលឈ្មោះ កៃ ឈ្មួញឈើដុះស្លែចាស់វស្សានិងប័ក្សពួកនេះផងទាន! ដើម្បីរក្សាការពារធនធានធម្មជាតិដែលជាសម្បត្តិរដ្ឋអោយបានគង់វង្សយូរអង្វែងតទៅ។
អង្គភាពសារព័ត៌មានយើងខ្ញុំផ្សាយរិះគន់ក្នុងន័យស្ថាបនា ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត មិនមានចេតនាជាន់ពន្លិច ធ្វើអោយប៉ះពាល់ដល់កិត្តិយស អជ្ញាធរ សមត្ថកិច្ចរឺមន្ត្រីគ្រប់លំដាប់ថ្នាក់នោះឡើយ ។ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីសាមុីពាក់ព័ន្ធក្នុងម៉ោងធ្វើការ សូមអរគុណ៕
0 Comments:
Post a Comment