ខេត្តបាត់ដំបង ៖ ទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែង ចាប់ផ្តើមបើកដំណើរការលេងឡើងវិញហើយ បន្ទាប់ពីបានបិទមួយរយៈ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសអោយបិទ រាល់ល្បែងស៊ីសងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទីតាំងនេះស្ថិតនៅភូមិភ្នំគល់ ឃុំកន្ទឺពី ស្រុកបាណន់ ខេត្តបាត់ដំបង កំពុងតែបើកលេងយ៉ាងសកម្ម ខណះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលហាក់បីដូចជានាំគ្នា រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ។
តាមប្រភពបានប្រាប់ថាទីតាំងខាងលើនេះបានបើកដំណើរការលេង ដោយដាក់តាម (កញ្ចក់ទូរទស្សន៍ធំៗ) ជាប់ផ្លូវធំ ជារៀងរាល់ថ្ងៃ ហាក់បីដូចជាមិនខ្លាចញញើតនិងច្បាប់បន្តិចសោះឡើយ បើទោះបីជាប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអោយអភិបាលខេត្តក្រុងទូទាំងរាជធានីខេត្ត ធ្វើការបិទរាល់ល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ។
អ្វីដែលជាការហួសចិត្ត ភាពព្រងើយកន្តើយ ធ្វើមិនដឹងមិនឮ ឬបិទភ្នែកបិទត្រចៀក របស់អាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងឃុំកន្ទឺពី ស្រុកបាណន់ ខេត្តបាត់ដំបង កំពុងតែធ្វើអោយប្រជាលរដ្ឋ នៅក្នុងមូលដ្ឋាន មានមន្ទិលសង្ស័យថា អស់លោកទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ទីតាំងជល់មាន់តាមអនឡាញខាងលើនេះហើយមើលទៅទើបបានជានាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះ។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានបន្តអោយដឹងទៀតថា ជាទូទៅគេតែងតែសង្កេតឃើញ ក្រុមអ្នកញៀនល្បែងបាននាំគ្នាពពាក់ពពូន ចូលទៅលេងល្បែងស៊ីសងមាន់ជល់អនឡាញ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។
ទោះជាយ៉ាងណាពាក់ព័ន្ធនិងករណីទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញខាងលើនេះ មហាជនបានសំណូមពរដល់ លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋានខេត្តបាត់ដំបង មេត្តាចាត់មន្ត្រីជំនាញ ចុះពិនិត្យស្រាវជ្រាវទីតាំងខាងលើនេះផងទាន ដើម្បីភូមិឃុំមានសុវត្តិភាព និង ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជាចោរលួច- ចោរ ឆក់-ចោរ ប្លន់-គាស់ផ្ទះជាពិសេសករណីអំពើហឹង្សាក្នុងគ្រួសារ…៕
0 Comments:
Post a Comment