ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២--
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសម្រុកជួសជុលប្រព័ន្ធស្ថានីយបូមទឹកបឹងត្របែក និងបឹងទំពន់ហើយ ដើម្បីបូមទឹកស្អុយឱ្យទាន់រដូវវស្សានេះ ។
ឯកឧត្ត មឃួង ស្រេង មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំស្ដីពីការងារស្ថាបនាជញ្ជាំងបុកស៊ីផាយ ចាក់ដីពទ្ធ័ជុំវិញអាងស្តុកទឹកស្អុយ និងការស្តារភក់ចេញពីផ្ទៃអាងស្តុកទឹកស្អុយបឹងត្របែក នាព្រឹកថ្ងៃ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ ។
ឯកឧត្តមឃួង ស្រេង បានបញ្ជាក់ថា ការងារស្តារអាងស្តុកទឹកស្អុយ ការស្ថាបនាជញ្ជាំងបេតុងទប់ដីពទ្ធ័ជុំវិញអាងស្តុកទឹកស្អុយ ការស្ដារភក់ចេញពីអាង និងប្រឡាយបឹងត្របែកក៏ដូចជាការកែលម្អដាក់ម៉ូទរ័បូមថ្មី ដែលមានសមត្ថភាពបូមខ្លាំង គឺយើងគ្រោងធ្វើតាំងពី២ឆ្នាំមុនមកម្លេះ ដោយបានបញ្ជាទិញម៉ូទរ័បូមនេះពីប្រទេសអាល្លឺម៉ង់។
ប៉ុន្តែគម្រោងនេះត្រូវបានអាក់ខានដោយសារ ការរាតត្បាតនៃជំងឺកូវីដ-១៩។ មិនមែនទាល់តែមានភ្លៀងទើបយើងធ្វើ ឬថាទាល់ តែគោបាត់ ទើបធ្វើរបងនោះទេ។
កាលពីព្រឹកថ្ងៃច័ន្ទ ឯកឧត្តមអភិបាល រួមជាមួយមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ព័ន្ធ បានចុះទៅពិនិត្យជាក់ស្តែងតាមស្ថានីយបូមទឹក និងប្រឡាយបង្ហូរទឹកមានស្ថានីយបឹងត្របែក ស្ថានីយបឹងទំពន់ ប្រឡាយស្ទឹងមានជ័យជាដើម ដើម្បីរិះរកវិធានការរំដោះទឹកលិចដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះដែរ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ការស្តារប្រឡាយនៅប៉ែកខាងត្បូង ឆៀងខាងលិចរាជធានីភ្នំពេញ ធ្វើយ៉ាងណារំដោះទឹកជំនន់ទឹកភ្លៀង ចេញពីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យបានជាអតិបរមា ។
ដោយឡែកការស្តារភក់ចេញពីផ្ទៃអាងស្តុកទឹកស្អុយបឹងត្របែក រួមទាំងការស្ថាបនាជញ្ជាំងបេតុង ការចាក់ដីពទ្ធ័ជុំវិញអាងស្តុកបឹងស្អុយបឹងត្របែក ក៏កំពុងដំណើរការបានមួយផ្នែករួចហើយ ដែលអនុវត្តន៍ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ។ ប៉ុន្តែការងារនេះក៏ជួបការលំបាក ដោយប៉ះទៅលើសំណង់មិនរៀបរយ ឬសំណង់រំលោភលើចំណី ឬ ក្នុងអាងស្តុកទឹកស្អុយ។
ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការលើកស្លាកបង្ហាញពីគម្រោងស្តារអាងស្តុកទឹកស្អុយនេះ ដោយដាក់ឱ្យបានច្រើនកន្លែង ដើម្បី ឱ្យប្រជាពលរដ្ឋ បានជ្រួតជ្រាបពីច្បាប់ ។
ចំណែកអាជ្ញាធរដែនដីពាក់ព័ន្ធត្រូវចុះពិនិត្យបង្គោលកំណត់ព្រំផ្ទៃបឹង ដែលបានបោះរួចហើយ។
ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យបង្កើតក្រុមការងារចំនួន២ គឺទី១- ក្រុមការងារបច្ចេក ទេស និង ទី២- ក្រុមការងារដោះស្រាយផលប៉ះពាល់ ឱ្យបានរួចរាល់មុននឹងយើងចុះអនុវត្តន៍គម្រោងឱ្យបានឆាប់បំផុត។ យើងមិនទុកឱ្យមនុស្សប៉ុន្មាននាក់មករារាំង ធ្វើឱ្យស្ទះទឹកក្នុងទីក្រុងទាំងមូលបានទេ គឺយើងទទួលយកមិនបានទេ ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖dara


0 Comments:
Post a Comment