ភ្នំពេញ ៖ ខណៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១កក្កដា ដល់ ថ្ងៃទី០៦ខែសីហាខាងមុខនេះ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ បានធ្វើបទបង្ហាញស្ដីពីការរៀបចំពិធីការ ជូនគណៈប្រតិភូនាំមុខនៃបណ្ដាប្រទេសចូល រួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ ២០២២ ដើម្បីជម្រាបជូនព័ត៌មានមួយចំនួន ដែលផ្ដល់ភាពងាយស្រួល ដល់អ្នក ចូលរួមក្នុងកម្មវិធីប្រជុំ។
នៅក្នុងឱកាសនោះ ឯកឧត្តម លុយ ដាវីត ប្រធានលេខាធិការដ្ឋាននៃ
គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធឆ្នាំ២០២២ បានជម្រាបជូនអង្គទូត និង គណៈប្រតិភូទាំងឡាយ ពីរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ ក្រៅពីនេះតំណាងក្រសួងសុខាភិបាល បានធ្វើបទបង្ហាញស្ដីពីវិធានការការពារកូវីដ-១៩ ដើម្បីសុវត្ថិភាពអ្នកចូលរួមប្រជុំ ។
ចំណែកឯតំណាង អគ្គស្នងការនគរបាលជាតិ បង្ហាញពីការការពារសន្តិសុខ សុវត្ថិភាពទូទៅ ជាពិសេសការការពារសុវត្ថិភាព ជូនរដ្ឋមន្ត្រីការបរទេសអាស៊ាន និង រដ្ឋមន្ត្រីនៃប្រទេសដែលចូលរួមកិច្ចប្រជុំ។
បទបង្ហាញក៏មានសំណួរចម្លើយយ៉ាងផុសផុលពីអង្គទូត និង តំណាងអង្គទូត។
សូមបញ្ជាក់ថា គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ ២០២២ នៅថ្ងៃទី៣១កក្កដា ដល់ ថ្ងៃទី០៦ខែសីហាខាងមុខ មាន៣៨ប្រទេស បូករួមទាំងកម្ពុជាផងត្រូវជា៣៩ប្រទេស៕







0 Comments:
Post a Comment