ខេត្តកណ្តាល ÷ របាំងស្បៃមុងរាប់សិបម៉ែត្រ កំពុងតែលាតសន្ធឹងពេញផ្ទៃទឹកនៅចំណុច ឃ្លាំងអំបិល ចុងព្រែកកូនជ្រែ ភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដោយមិនដឹងថាមន្ត្រីជំនាញពាក់ពិសេសជំនាញរដ្ឋបាលជល លោកបានជ្រាប និងបានដឹងដែររឺទេ?
ជាក់ស្តែងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារអ្នកសារព័ត៌មានបានចុះទៅថតផ្តិតយករូបភាព ឃើញថាមានរបាំងស្បៃមុង ក្រឡាញឹករាប់សិបម៉ែត្រ កំពុងតែដាក់ពេញទាំងផ្ទៃទឹកនៅចំណុចទីតាំងខាងលើ យ៉ាងអនាធិបតេយ្យ ដោយពុំមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ មន្ត្រីជំនាញនោះឡើយ ទោះបីជាការដាក់របាំងនេះស្ថិតនៅក្នុងរដូវបិទនេសាទយ៉ាងណាក៏ដោយ។
តាមការបង្ហើបពីមជ្ឈដ្ឋានប្រជាពលរដ្ឋដែលប្រកបរបរនេសាទជាលក្ខណគ្រួសាររស់នៅទីនោះបាននិយាយថា សព្វថ្ងៃ ពួកគាត់ដាក់មង ចងសន្ទូច មិនដែលបាន និងពុំដែលឃើញមានត្រីធំទេ ដោយការដាក់របាំងស្បៃមុងនេះ មានមេឈ្មួញ ពីរ ទៅបីនាក់ បានគ្រងគរបក្សពួក អោយដាក់របាំងស្បៃមុងក្រឡាញឹកនេះ ជារៀងរាល់ឆ្នាំ ហើយពួកគេជាអ្នកចាំទិញត្រី និងជាអ្នករត់ការអោយទៅមកមន្ត្រីជំនាញពាក់ព័ន្ធអស់ហើយ មូលហេតុនេះហើយបានជាពុំឃើញមានមន្ត្រីជំនាញណាចុះមកធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនេសាទទាំងអស់ក្នុងភូមិសាខាងលើនេះ។
ប្រភពបន្តថា ត្រីចេះតែអស់ទៅៗ កុំថាឡើយត្រីធំ សូម្បីតែកូនត្រីមានតែភ្នែកក៏មិនសល់ដែរ បើយ៉ាងនេះ
ពួកគាត់មានការព្រួយបារម្ភជាខ្លាំង បើនៅតែបន្តសកម្មភាពនេសាទខុសច្បាប់បែបនេះទៀត ថ្ងៃមុខមច្ឆាជាតិដែលរស់នៅក្នុងទឹក ច្បាស់និងរលាយហិនហោចជាក់ជាពុំខាន ។
ទោះជាយ៉ាងនេះប្រជាពលរដ្ឋទទូចស្នើរសុំដល់មន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន លោក ជឺ តុងហៃ អភិបាលនៃគណៈអភិបាលស្រុកស្អាង និងជាគណៈបញ្ជាការឯកភាពស្រុក មេត្តាទានមានវិធានការណ៍ចាត់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យបទល្មើសនេសាទនៅចំណុចទីតាំងខាងលើផងទាន ! ពិសេសស្នើសុំដល់លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល មេត្តាចាត់កម្លាំងក្រោមឱវាទ ចុះទប់ស្កាត់និងបង្ក្រាបផងទាន! បើពុំដូច្នោះទេ មច្ឆាជាតិដែលរស់នៅក្នុងទឹកច្បាស់ជារលាយសាបសូន្យជាក់ជាពុំខានឡើយ៕
0 Comments:
Post a Comment